ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤នេះ បានប្រកាសឲ្យដឹងថា នៅរយៈ ពេល ៣-៤ថ្ងៃខាងមុខទៀតនេះ ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម នឹងហក់ឡើងខ្លាំង ពោលអាចនឹងហក់ឡើងជិតដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន។
ក្រសួង ក៏បានប្រកាសឲ្យដឹងទៀតថា ទឹកទន្លេមេគង្គក្រោម ទន្លេសាប និង ទន្លេបាសាក់ ទឹកក៏នឹងបន្តហក់ឡើងជា បន្តបន្ទាប់ផងដែរ។ ការបន្តហក់ឡើង នៃកំពស់ទឹកទន្លេ នឹងធ្វើឲ្យទឹកហូរចូលព្រែក និងលិចតំបន់ទំនាបតាមដង ទន្លេមួយចំនួន នាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំ និង ដំណាំកសិកម្ម។
ក្រសួងបានបញ្ជាក់ទៀតថា ទឹកជំនន់នេះ កើតឡើងដោយសារតែមានទឹកភ្លៀងធ្លាក់ខ្លាំងនៅអាងទន្លេមេគង្គក្នុង ប្រទេសកម្ពុជា ឡាវ និង ថៃ ក្រោមឥទ្ធិពលព្យុះទី៩ ឈ្មោះថា រ៉ាម៉ាសាន់។
តាមរយៈសេចក្តីប្រកាសនេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង ឧតុនិយម បានអំពាវនាវដល់ អាជ្ញាធរដែនដី និង ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ មានវិធានការ និង បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ខាងលើ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕