Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កែម ឡី៖ លោកស្រី ពុង ឈីវកេក សមគួរជាងគេ ក្នុងការធ្វើជា ប្រធាន គ.ជ.ប.

$
0
0

ភ្នំពេញ៖ លោកបណ្ឌិតវិទ្យាសាស្ត្រសង្គម កែម ឡី ប្រធានក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ ផ្តល់អនុសាសន៍ថា លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្ស លីកាដូ ជាអ្នកមានកិត្តិយស សមត្ថភាព និងចំណេះដឹង សមគួរជាងគេក្នុងការធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។

មានប្រសាសន៍នៅក្នុងនាទីវេទិកា ពហុមតិ របស់វិទ្យុដើមអម្ពិល ស្តីពី ទស្សនៈរបស់លោក កែម ឡី លើកិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ដែលផ្សាយផ្ទាល់នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ថា ជាធម្មតា នីតិវិធីជ្រើសតាំងប្រធាន អនុប្រធាន តាមមតិភាគច្រើដាច់ខាត គឺ ៥០+១ ក្នុងចំណោម ៩រូប ជាសមាសភាព គ.ជ.ប. ប៉ុន្តែដោយសារការ ជ្រើសតាំងជាកូតាគណបក្ស គឺ៤នាក់មកពីគណបក្សដឹកនាំរាជរដ្ឋាភិបាល, ៤នាក់ទៀតជ្រើសតាំង ពីគណបក្សសង្គ្រោះជាតិ មានអាសនៈនៅក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល។ អញ្ចឹងជាការពិបាក ដូច្នេះ ខ្ញុំសំណូមពរថា សមាជិកទី៩នោះ ធ្វើជាប្រធាន គ.ជ.ប. តែម្តង ដើម្បីកុំឲ្យមានការប្រទាញប្រទង់គ្នា ហើយមានអនុប្រធានពីររូប គឺអនុប្រធាន១រូប មកពីសមាសភាព៤នាក់របស់គណបក្សប្រជាជនកម្ពុជា និងអនុប្រធាន១រូបទៀត មកពីសមាសភាព៤នាក់របស់គណបក្សសង្រ្គោះជាតិ។

លោកបណ្ឌិត កែម ឡី ផ្តល់អនុសាសន៍បន្តថា «ប្រធានគួរដើរតួនាទីជាអ្នកសម្របសម្រួល ជាអ្នកជួយគាំទ្រ មិនធ្វើជាអ្នកសម្រេចទេ, អាហ្នឹងប្រសើរតែម្តង បានន័យថាកុំឲ្យអ្នកណាយកចំណេញ, ៤ម្ខាងអញ្ចឹង! កាលណារកឯកភាពគ្នាឥតឃើញទេ គឺសំរេចឥតចេញទេ, ដូច្នេះគេព្យាយាមធ្វើដូចម្តេចឲ្យល្អ, រួចបើល្អហើយ គ្មានភាគីណាមួយមានហេតុផលគ្រប់គ្រាន់ដើម្បីជំទាស់អ្វីដែលធ្វើមានគុណភាពខ្ពស់នោះទេ។ បើខ្ញុំវិញ ខ្ញុំគាំទ្រដូចជាលោកស្រី ពុង ឈីវកេក ឲ្យធ្វើជាប្រធាន គឺលោកស្រីមាន សមត្ថភាព យល់ដឹងពីសង្គម មានស្នាដៃ ហើយគាត់ជាស្ត្រី ហើយអាចធ្វើកិច្ចការនេះបាន។ នេះជាការសន្និដ្ឋានរបស់ខ្ញុំ»។

លោកបណ្ឌិត បានសំណូមពរថា សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់គណបក្សទាំងពីរ ដែលមានម្ខាង៤រូបនោះ យកល្អគួរជ្រើសរើសចេញពីសាស្ត្រាចារ្យនៅតាមសាកលវិទ្យាល័យ, មកពីក្រុមប្រឹក្សាអ្នកច្បាប់នៅគណៈមេធាវី, មកពីអង្គការក្រៅរដ្ឋាភិបាល, មកពីវិស័យឯកជន, មកពីស្ថានទូតជាដើម។

កិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ នៅត្រង់ប្រការ ២ វាក្យខណ្ឌទី១ និងទី២ បានចែងថា ផ្អែកតាមស្មារតីនៃសេចក្ដីប្រកាសរួមនៃជំនួបកំពូល រវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ គណបក្សទាំងពីរបានឯកភាពគ្នា ដើម្បីកែទម្រង់ការបោះឆ្នោត ដោយរៀបចំស្ថាប័នរៀបចំការ បោះឆ្នោតជាស្ថាប័ន ដែលមានឯករាជ្យពេញលេញដោយមានចែងក្នុងជំពូកមួយដោយឡែកក្នុងរដ្ឋធម្មនុញ្ញ ហើយសមាសភាពនៃស្ថាប័ននេះ ត្រូវជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើនដាច់ខាត នៃចំនួន សមាជិក រដ្ឋសភាទាំងមូល។ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចំនួន ៩រូប ក្នុងនោះ សមាសភាព ៤រូប ជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល, សមាសភាព ៤រូបជ្រើសរើសដោយគណបក្ស មានអាសនៈក្នុងរដ្ឋសភាដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល ហើយសមាសភាព ១រូបទៀត គឺត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>