កំពង់ចាម ៖ កម្លាំងនគរបាល អន្តរាគមន៍ មកពីស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម សហការ ជាមួយកម្លាំង នគរបាល ស្រុកស្រីសន្ធរ ព្រមទាំងមានការចូលរួម សហការពីសំណាក់ អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ មូលដ្ឋាន ជាច្រើននាក់ បានជួយរុះរើ និងរុញផ្ទះ ប្រជាពលរដ្ឋ ចេញពីកន្លែងប្រឈម នៃការបាក់ច្រាំងទន្លេ ខណៈទឹកទន្លេមេគង្គ បាន និងកំពុងហក់ឡើងខ្ពស់ ជាបណ្តើរៗនោះ ។
មន្រ្តីនគរបាល ខេត្តកំពង់ចាម បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា ដើម្បីទប់ស្ថានភាពបែបនេះ និងកុំឲ្យមានការប៉ះពាល់ នៅពេលកើតឡើង នូវបញ្ហាចំពោះមុខនោះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបញ្ជាឲ្យកម្លាំង នគរបាលខេត្ត សហការជាមួយកម្លាំង នគរបាល ស្រុកស្រីសន្ធរ ប្រមាណ ៦០នាក់ បន្តចុះរុះរើផ្ទះប្រជាពលរដ្ឋចំនួន១១២ខ្នងផ្ទះ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រឈមការបាក់ច្រាំងទន្លេ នៅឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ កម្លាំងនគរបាល ទាំងថ្នាក់ខេត្ត និងស្រុកក៏បានចុះរើ និងរុញផ្ទះប្រជាពលរដ្ឋ ចំនួន១៣ខ្នងផងដែរ នៅភូមិគគីរ ឃុំកោះអណ្តែត ដែលបានប្រឈមនឹងគ្រោះមហន្តរាយមួយនេះ។
បើតាមមន្រ្តី នគរបាល ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ បែន រ័ត្ន បានត្រៀមកម្លាំងនគរបាល ជាច្រើននាក់ រួចជាស្រេចនៅតំបន់ផ្សេង ដើម្បីត្រៀម ជួយសង្គ្រោះ និងកំពង់សិក្សាពីទួលសវុត្ថិភាព ក្នុងគោលបំណង ជម្លៀសប្រជាពលរដ្ឋ ខណៈទឹកទន្លេមេគង្គ និងទឹកភ្លៀង ចាប់ផ្តើមឡើង ជាបន្តបន្ទាប់នោះ ។
មន្រ្តីនគរបាល ដដែលនេះ បានបញ្ជាក់ថា ប្រតិបត្តិការ ជួយសង្គ្រោះ ប្រជាពលរដ្ឋជា ជំហានដំបូង តាមរយះការរុះរើ និងរុញផ្ទះ របស់ពួកគាត់ បានធ្វើជាបន្តបន្ទាប់ និងត្រៀមជួយ នៅតំបន់ផ្សេងទៀត ដោយមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីអំពាវនាវជាបន្ដបន្ទាប់ ដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកដែល រស់នៅតាមដង ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ជាដើម ត្រូវបានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលស្ថានភាព ទឹកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ និងហក់ឡើងខ្ពស់ ដោយសារតែទទួលរងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះរ៉ាម៉ាន់សាន់ ។
កាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងនគរបាល ខេត្តកំពង់ចាម ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានរៀបចំហ្វឹកហ្វាត់ កម្លាំង ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសនោះ គឺការចូលរួម ជួយសង្គ្រោះ ប្រជាពលរដ្ឋនៅក្នុងគ្រោះមហន្តរាយ ដូចជាទឹកជំនន់ជាដើម៕