ភ្នំពេញ ៖ ស្ថិតនៅក្រោម ដំណក់ទឹកភ្លៀង នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ កម្លាំង ប្រជាការពារ និងកម្លាំង សណ្តាប់ធ្នាប់ ខណ្ឌដូនពេញ បានបើកប្រតិបត្តិការ ចុះស្តារ និងកាយសំរាម ចេញពីមាត់លូ ដើម្បីកុំឲ្យមានការជន់ខ្លាំង លិចផ្លូវ និងផ្ទះប្រជាពលរដ្ឋពិបាក ធ្វើដំណើរ និងរស់នៅ ។
មន្រ្តីសាលា ខណ្ឌដូនពេញ បានថ្លែងឲ្យដឹងថា អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានណែនាំ និងជំរុញឲ្យកម្លាំង ប្រជាការពារកម្លាំង សណ្តាប់ធ្នាប់ ព្រមទាំងកម្លាំង អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើជាប្រចាំ នូវបញ្ហាបែបនេះ ពោលនៅពេលមាន ភ្លៀងធ្លាក់ភ្លាម កម្លាំងទាំងអស់ ត្រូវចុះទៅ កាយសំរាម និងកាកសំណល់ផ្សេងៗ ដែលនៅតាមមាត់លូ ដើម្បីកាត់បន្ថយ ការជន់លិច និងដើម្បីបង្កើនការ ហូរទឹកចាក់ ទៅកាន់មាត់ទន្លេ ឲ្យបានលឿន ។
អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន បានដឹកនាំប្រជុំការងារ ជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណា ឲ្យភូមិសាស្រ្ត ខណ្ឌដូនពេញ ដែលតែងតែត្រូវបានទទួល ការរិះគន់ ពីសំណាក់ ប្រជាពលរដ្ឋ ចំពោះបញ្ហា ទឹកលិចផ្លូវ និងផ្ទះ នៅពេលមានភ្លៀងធ្លាក់ម្តងៗនោះ ប្រែក្លាយជាទីកន្លែង មួយទាក់ទាញ និងគ្មានការលិចទឹកក្នុងរយះពេលយូរ ។
លោកអភិបាលខណ្ឌ ពេលខ្លះបានចុះទៅផ្ទាល់ ដោយកាយសំរាម និងកាកសំណល់ ផ្សេងៗចេញពីមាត់លូ នៅពេលមានភ្លៀងធ្លាក់ម្តងៗ។ ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌដូនពេញ ត្រូវយកចិត្តទុកដាក់ ទៅលើការទុកដាក់សំរាម នៅតាមផ្ទះ កុំឲ្យចោលផ្តេសផ្តាស់ ជាកត្តា មួយរាំងស្ទះ នៃការហូទឹក តាមប្រព័ន្ធលូ ចាក់ទៅទន្លេ ដែលទាំងនេះហើយធ្វើឲ្យមានទឹកលិចផ្លូវ និងផ្ទះនោះ។
មន្រ្តីសាលាខណ្ឌដូនពេញ បានបញ្ជាក់នៅក្នុងគេហទំព័រ ហ្វេសប៊ុករបស់ខ្លួនថា « មេឃកំពុងភ្លៀងធ្លាក់ កម្លាំងប្រជាការពារ ខណ្ឌដូនពេញ បានដើរតួនាទី ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋផង និងមានតួនាទី ចូលរួមសំអាត បរិស្ថានទីក្រុងផង ដើម្បីមុខមាត់ ប្រទេសជាតិយើង ទាំងអស់គ្នា ។
នៅពេលមេឃកំពុងភ្លៀងធ្លាក់ កម្លាំងប្រជាការពារ ខណ្ឌដូនពេញ បានដើរកាយសំរាម ចេញពីមាត់អណ្តូងលូ ដើម្បីអោយទឹកហូរបានលឿន ចូលក្នុងបណ្តាញលូ ក្រោមការដឹកនាំរបស់លោក គួច ចំរើន អភិបាលនៃ គណៈអភិបាល ខណ្ឌដូនពេញ ហើយលោកបានដឹកនាំអោយធ្វើជាប្រចាំនៅពេលដែលមានភ្លៀងធ្លាក់»៕