កំពត៖ ពលរដ្ឋប្រុស-ស្រី ចំនួន ២០៧៤នាក់ នៅក្នុងក្រុងកំពត ទទួលបានឣត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី ជាលើកទី៥ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤នេះ ស្ថិតក្នុងពហុកីឡដ្ឋានកំពត ក្រោមវត្តមានលោក ឆាយ វណ្ណារា ប្រធានក្រុមប្រឹក្សាក្រុងកំពត, លោកវរសេនីយ៍ឯក ប៉ែន ស៊ីវុតថៃ ស្នងការងទី១ខេត្ត និងលោក នៃ គង់ ស្នងការងខេត្ត ទទួលការងារស្ថិតិ និងឣត្តសញ្ញាណប័ណ្ណ។
លោកវរសេនីយ៍ទោ ងឹម វ៉េត ឣធិការនគរបាលក្រុងកំពត បានរាយការណ៍ថា៖ ក្រោមការរៀបចំ របស់ ឣធិការដ្ឋាននគរបាលក្រុងកំពត គិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៤ បានដំណើរការបំពេញបែបបទ ផ្តល់ឣត្តសញ្ញាណប័ណ្ណគំរូថ្មី ដល់ពលរដ្ឋ បានចំនួន ៨១៩៩នាក់ ប្រុសចំនួន ៤០៤៩នាក់។ ចែកឣត្តសញ្ញាណប័ណ្ណគំរូថ្មី ដល់ប្រជាពលរដ្ឋ ចំនួន៤លើក សរុបស្មើនឹង ៥២៦៩ នាក់ ប្រុស២៥១២នាក់។ សរុបទាំង៥លើក ចែកជូនដល់ដៃប្រជាពលរដ្ឋ មានចំនួនសរុប ៧៣៤៣នាក់ ប្រុស៣៤៣៧នាក់។
ដោយឡែកក្រុងកំពត មានផ្ទៃដីសរុបរួមចំនួន ៥៤២៥គីឡូម៉ែត្រការ៉េ, ចែកចេញជាតំបន់រដ្ឋបាលរួមមាន ៥សង្កាត់ ស្មើនឹង ១៥ភូមិ, មានប្រជាពលរដ្ឋ សរុបចំនួន ៧០៣១ គ្រួសារ មនុស្ស ៣៤៤៦៦នាក់ ប្រុស ១៦៥១០នាក់ ក្នុងនោះឣាយុចាប់ពី ១៨ឆ្នាំឡើងមាន ២៧៣៥៥នាក់ ប្រុស ១១០៧០នាក់៕