ព្រៃវែង ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តព្រៃវែង សហការជាមួយ កម្លាំងនគរបាល ស្រុកព្រះស្តេច តាមចាប់ខ្លួន ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយពីធ្វើសកម្មភាព គំរាមបុរស វ័យចំណាស់ម្នាក់ យកលុយចំនួន១៨ម៉ឺនរៀល កាលពីវេលា ម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅម្តុំផ្សារកំពង់សឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខេត្តព្រៃវែង បានថ្លែងឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ ទាំង៤នាក់ ជិះម៉ូតូ៣គ្រឿង បានចែកជា២ក្រុម ដើម្បីធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ។
មន្រ្តីនគរបាល បានបន្តទៀតថា ខណៈឃើញ ជនរងគ្រោះ មានវ័យ៧០ឆ្នាំ មានឈ្មោះ ងៀប ទា រស់នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច កំពុងជិះម៉ូតូម៉ាកគុប មកដល់ ផ្សារកំពង់សឹង ស្រាប់តែ ជនសង្ស័យ២នាក់ បានធ្វើមកសួរ ជនរងគ្រោះ រកគ្រូខ្មែរស្តក់ផ្លុំ បាក់ដៃបាក់ជើង សាច់ញាតិ ។
ពេលនោះ ជនរងគ្រោះបានប្រាប់ថា មានស្គាល់ ចាំនាំទៅជួប ហើយជនសង្ស័យ ទាំង២នាក់នោះ បានធ្វើលូកយកលុយ ពីក្នុងហោប៉ៅ សុទ្ធតែក្រដាសប្រាក់១ដុល្លារ ជាច្រើនសន្លឹក ។
មន្រ្តីនគរបាល បានបន្តទៀតថា ខណៈនោះ ជនសង្ស័យ២នាក់ទៀតដែលបក្ខពួក បានជិះម៉ូតូ២គ្រឿង មកដល់ ហើយប្រាប់ទៅ ជនរងគ្រោះថា ចាំពួកគេចាក់យកលុយ ពីជនទាំង២នាក់នោះ ឲ្យបានឲ្យតែ ជនរងគ្រោះសហការជាមួយ ។ មិនទាន់បាន និយាយចប់ចុង ចប់ដើមផង ស្រាប់តែជនសង្ស័យ ទាំង៤នាក់ បានឡោមព័ទ្ធ ជនរងគ្រោះ ហើយគំរាម និងលុកយក លុយអស់ ១៨ម៉ឺនរៀល ។
ដោយឃើញស្ថានភាពបែបនេះ ជនរងគ្រោះ មានភាពស្រឡាំងកាំង ដោយជនសង្ស័យ មានគ្នាច្រើន តែនៅពេលគំរាម និងលុកយកលុយអស់ ជនសង្ស័យ២នាក់ គេចខ្លួនទៅមុន ខណៈជនសង្ស័យ២នាក់ទៀត គេចខ្លួនតាមក្រោយ ។
ភ្លាមៗនោះ ជនរងគ្រោះ បានជិះម៉ូតូតាមពីក្រោយ ហើយទូរស័ព្ទ ប្តឹងសមត្ថកិច្ច ឲ្យជួយស្ទាក់។ មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយទទួលនូវ សេចក្តីរាយការណ៍ ពីជនរងគ្រោះភ្លាមៗ ស្នងការនគរបាល ខេត្តព្រៃវែង លោក ស្រេង ជា និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សេង សុភក្រ្ត បានបញ្ជាឲ្យកម្លាំង នគរបាល ជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាល ស្រុកព្រះស្តេច ចេញស្ទាក់ ដើម្បីតាមចាប់ខ្លួន ជនសង្ស័យទាំងនេះ ។
មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយការដេញស្ទាក់ កម្លាំងនគរបាល បានឃាត់ខ្លួន ជនសង្ស័យ២នាក់ ខណៈនៅកន្លែង កំពង់ចម្លងអ្នកលឿង រង់ចាំឆ្លងទៅត្រើយម្ខាង ខណៈជនសង្ស័យ ២នាក់ទៀត បានឆ្លងទៅមុនបាត់។ ក្រោយការសួរនាំ មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ លី ចំរើន អាយុ៣៤ឆ្នាំ ស្រុកកំណើត នៅខេត្តព្រៃវែង និងស្នាក់នៅបច្ចុប្បន្ន រស់នៅផ្ទះជួល ម្តុំគល់ស្ពានស្ទឹងមានជ័យ មុនរបរមិនពិតប្រាកដ និងជនសង្ស័យទី២ឈ្មោះ លី សីហា អាយុ២៦ឆ្នាំ រស់នៅផ្ទះជួល ម្តុំរោងចក្រ អេសអិល មុខរបរ មិនពិតប្រាកដ។
បើតាមសមត្ថកិច្ច ជនសង្ស័យ លី ចំរើន ធ្វើសកម្មភាពប្លន់ ជិត១០លើកមកហើយ ខណៈជនសង្ស័យ លី សីហា ធ្លាប់បានប្លន់ចំនួន៣លើក។ ដោយឡែក ជនសង្ស័យ២ នាក់ទៀត ដែលកំពុងរត់គេចខ្លួន រួមមានទី១ឈ្មោះ ស ខ្ពឹប អាយុប្រហែល៤០ឆ្នាំ រស់នៅ សង្កាត់ព្រៃស ខណ្ឌដង្កោ ជិះម៉ូតូម៉ាក វ៉េវពណ៌ក្រហម លាយទឹកប្រាក់ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BL-8322 និងជនសង្ស័យទី២ ឈ្មោះ នៅ ចន្ថា អាយុ៥០ឆ្នាំ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 1AB-2136 ឫ1AB-7136។
ក្រោយការចាប់ខ្លួន កម្លាំងនគរបាលក្រៅពីការរឹបអូសបានម៉ូតូមួយគ្រឿង សមត្ថកិច្ច ក៏បានដកហូត វត្ថុតាង និងទ្រព្យសម្បត្តិមួយចំនួនផងដែរហើយសមត្ថកិច្ច បានដកហូតលុយចំនួន១៨ម៉ឺនរៀល ជូនជនរងគ្រោះវិញ។
បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ស្រុកព្រះស្តេច ដើម្បីចាត់ការបន្តទៀត ៕