ភ្នំពេញ ៖ រថយន្តមួយគ្រឿង បានកៀរ ម៉ូតូមួយគ្រឿង រួចក៏ជ្រុលទៅបុក អ្នកធ្វើដំណើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួស៣នាក់ កាលពីវេលាម៉ោង ប្រមាណ ៤៖១០នាទី រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅលើផ្លូវជាតិលេខ១ ភូមិព្រែកជើងព្រុំ សង្កាត់វាល់ស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍ ជាជំហានដំបូង បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង បានធ្វើដំណើរតាមផ្លូវជាតិលេខ១ លុះដល់ចំណុចកើតហេតុ ស្រាប់តែបានកៀរ ម៉ូតូមួយគ្រឿង រួចហើយម៉ូតូនោះ ក៏ជ្រុលទៅបុក អ្នកដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួស៣នាក់ ។
យ៉ាងណាក៏ដោយនោះ មិនទាន់មានព័ត៌មាន លំអិតនៅឡើយទេ នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ខណៈកម្លាំង សមត្ថកិច្ច បាននិងកំពុងចុះទៅជួយអន្តរាគមន៍៕