កំពង់ចាម ៖ ឈើមូលអត់ច្បាប់ ប្រភេទដើមស្រឡៅជិត១០០ដើម ដែលឈ្មួញបានលើកពីទឹកទន្លេ យកដាក់លើច្រាំង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច ភូមិរអាងលើ និងភូមិរអាងក្រោម ស្ថិតក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម យ៉ាងរណូករណេល គេមិនទាន់ឃើញ មានមន្ត្រីរដ្ឋបាលព្រៃឈើ ប្រចាំតំបន់ ចុះបង្ក្រាបនោះទេ នៅល្ងាចថ្ងៃដដែលនេះ។
ប្រជាពលរដ្ឋ នៅភូមិកើតហេតុ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា ឈើមូលជាច្រើនដើមនោះ មានម្ចាស់ជាឈ្មួញនោះច្រើននាក់ ប៉ុន្តែ អ្នកចេញមុខកាងឈើ និងរត់ការតាម ដងទន្លេ គឺឈ្មោះ ប្រុស ជាមន្ត្រីនគរបាល នៅប៉ុស្តិ៍រដ្ឋបាលឃុំគៀនជ្រៃ ។ ឈើមូលទាំងនោះ គេបាននាំមកពីខេត្តក្រចេះ តាមម្យោបាយ បង្កប់ក្រោមសំណាត់អុស បណ្តែតមកពីខេត្តក្រចេះ ចូលមកភូមិរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បន្ទាប់មក ទើបឈ្មួញបាន ជួលកម្មករ ឲ្យស្ទូចឈើទាំងនោះ ពីក្រោមសំណាត់ ដាក់លើគោក នៅមាត់ទន្លេនោះតែម្តង ។
ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ចំពោះករណី ឈ្មួញដឹកឈើខុសច្បាប់ ដាក់នៅចំណុចដូចខាងលើ ខាងប្រជាពលរដ្ឋថា បានរាយការណ៍ ជូនមន្ត្រីរដ្ឋបាលព្រៃឈើ ប្រចាំតំបន់នោះដែរ ប៉ុន្តែ រហូតដល់ល្ងាចថ្ងៃទី២៧ ខែកក្កដា នេះ គេមិនទាន់ឃើញ មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តកំពង់ចាម ចុះបង្ក្រាបចាប់ឈើខុសច្បាប់ ទាំងនោះទេ។
ទាក់ទិនទៅនឹងបទល្មើសព្រៃឈើ មួយករណីខាងលើ នាយរងផ្នែករដ្ឋបាលព្រៃឈើ លោក សួរ ដាវី បានឆ្លើយប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលតាម ទូរស័ព្ទថា លោកមិនបានដឹងទេ នូវឈើខុសច្បាប់ទាំងនោះ ។ ជាមួយគ្នានេះ លោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាល ព្រៃឈើកំពង់ចាម បានប្រាប់តាមទូរស័ព្ទថា លោក និងបញ្ជាឲ្យមន្ត្រីរបស់ លោកចាត់ការ ។ ប៉ុន្តែយ៉ាងណាក៏ដោយ គេមិនទាន់ឃើញមានចំណាត់ការអ្វីឡើយ ពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ ។
ប្រជាពលរដ្ឋ នៅតំបន់នោះ ក៏បានឲ្យដឹងទៀតថា កន្លងមក រាល់ពេល រដូវទឹកជំនន់ ឈ្មួញតែងតែ ទៅទិញ ឈើពី ខេត្តក្រចេះ ហើយប្រើរូបភាពដូចៗគ្នា ដោយចងសំណាត់បណ្តែតពីលើ ហើយឈើល្អនៅពីក្រោម ក្នុងនោះ មានឈើគ្រប់ប្រភេទ ដែលឈ្មួញបង្កប់បណ្តែតក្រោមសំណាត់ មានដូចជា ក្រញូង បេង នាងនួន ស្រឡៅ ។ល។
ប្រភពបានឲ្យដឹងទៀតថា ឈ្មួញនាំឈើទាំងនោះ មកដល់គោលដៅបាន គឺគេរត់ការឲ្យមន្ត្រី រដ្ឋបាលព្រៃឈើគ្រប់តំបន់ ពោលចាប់ពីខេត្តក្រចេះ រហូតដល់ខេត្តកំពង់ចាម។ ដោយឡែក ពាក់ព័ន្ធទៅនិង បទល្មើសឈើមូល និងឈើដែលឈ្មួញ កំពុងសំរុកអារ ដោយរណាត្រង់ស៊ីន័រ នៅភូមិរអាងលើថ្មីៗនេះ ប្រជាពលរដ្ឋបានធ្វើការ រិះគន់ទៅលើមន្ត្រីរដ្ឋព្រៃឈើថា អាចបានទទួលផលប្រយោជន៍ ពីបទល្មើសនោះ ឬក៏ជាមន្ត្រី អសមត្ថភាព ទើបគ្មានចំណាត់ការ បើទោះជាបានដឹងព័ត៌មានទាន់ពេលវេលា ហើយនោះក៏ដោយ ៕