- សម្តេចតេជោ ហ៊ុន សែន-លោក សម រង្ស៊ី៖ បរិយាកាសនយោបាយ នៅកម្ពុជាល្អប្រសើរ, វិបត្តិនយោបាយបានបញ្ចប់ទាំងស្រុង
ភ្នំពេញ៖ ទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក សម រង្ស៊ី សមាជិក នៃរដ្ឋសភា ទើបទទួលបានសុពលភាព បានថ្លែងអះអាងរួមគ្នាដោយទឹកមុខរីករាយថា បេក្ខភាពទី៩ នៃគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានសំឡឹងឃើញហើយ ហើយក៏មានការឯកភាពគ្នាផងដែរ តែមិន ទាន់បង្ហាញអត្តសញ្ញាណនៅឡើយនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៤នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំប្រគល់សុពលភាព សមាជិកសភាជូន លោក សម រង្ស៊ី បានថ្លែងទៅកាន់ក្រុមអ្នកព័ត៌មានទាំងទឹកមុខញញឹមញញែមសប្បាយរីករាយ ថា បរិយាកាសនយោបាយនៅកម្ពុជាមានភាពល្អប្រសើរ បន្ទាប់ពីកិច្ចចរចាបញ្ចប់វិបត្តិកាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅនេះ។
ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មាន ដែលមានវត្តមានលោក សម រង្ស៊ី នៅអមជាមួយផងនោះ សម្តេចតេជោ បានបន្តថា វិបត្តិនយោបាយត្រូវបានបិទបញ្ចប់ទាំងស្រុងហើយ ហើយបេក្ខភាពទី៩ នៃសមាជិក គ.ជ.ប ក៏ត្រូវបានគណបក្ស ជាប់ឆ្នោតទាំងពីរសំឡឹងឃើញដែរ តែសុំលាក់អត្តសញ្ញាណសិន។
មិនខុសពីសម្តេចតេជោ ហ៊ុន សែន លោក សម រង្ស៊ី ក៏បានថ្លែងដែរថា វិបត្តិនយោបាយត្រូវបានបិទបញ្ចប់ហើយ ហើយបេក្ខភាពសម្រាប់ក្បាលម៉ាស៊ីន គ.ជ.ប ដែលត្រូវជ្រើសរើសដោយគណបក្សសង្រ្គោះជាតិនោះ ក៏បានកំណត់ រួចហើយដែរ តែសុំលាក់ទុកសិន។
ចំពោះកាលបរិច្ឆេទចូលស្បថនៅក្នុងព្រះបរមរាជវាំង លោក សម រង្ស៊ី បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នឹង ជូនដំណឹងនៅថ្ងៃនេះ ឬអាចនឹងពេលឆាប់ៗនេះ៕