ភ្នំពេញ ៖ ការធ្វើកូដកម្ម របស់កម្មករ កម្មការិនី រោងចក្រកាត់ដេរតេយ៉ុង (Tae Young (Cambodia) Co,ltd) គឺជាកូដកម្មស្របច្បាប់ បន្ទាប់ពីលោកថៅកែ ជនជាតិកូរ៉េ បានបញ្ឈប់ តំណាងសហជីព៦នាក់ ក្នុងគោលបំណង មិនឲ្យមានសហជីព ដើម្បីការពារសិទ្ធិ ដល់កម្មករ រើសអើង ចំពោះការបង្កើតសហជីព ដែលផ្ទុយពី ច្បាប់ការងារកម្ពុជា ។
លោកសោម អូន ប្រធានសហព័ន្ធ សហជីពកម្មករ កម្ពុជា បានបញ្ជាក់បែបនេះ ក្នុងសន្និសីទកាសែត បន្ទាប់ ពីចប់កិច្ចប្រជុំប្រចាំខែ នៅទីស្នាក់ការ សហជីពអគារលេខ១៨GF ផ្លូវកា៤ អាភូមិ-សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី៣១ កក្កដាឆ្នាំ២០១៤នេះ ក្នុងគោលបំណងឆ្លើយតប ទៅនឹងលោកម៉ៅ ផល្លា ប្រធានរដ្ឋបាលរោងចក្រ ដែលបានលើកឡើងថា ការធ្វើកូដកម្មខុសច្បាប់ ។
លោកសោម អូន បន្តថា កូដកម្មនៅរោងចក្រតេយ៉ុង កើតឡើង បន្ទាប់ពីលោកថៅកែ ជនជាតិកូរ៉េ បានបញ្ឈប់ តំណាងសហជីព៦នាក់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤មកម៉្លេះ ។ សហជីព បានដាក់ពាក្យ បណ្តឹងទៅក្រុមប្រឹក្សាអាជ្ញា កណ្តាលនៅថ្ងៃទី២៤ ខែមេសា ហើយត្រូវបានក្រុមប្រឹក្សា អាជ្ញាកណ្តាលចេញ សេចក្តីបង្គាប់ឲ្យថ្នាក់ដឹកនាំ សហជីពទាំង៦រូប ចូលធ្វើការវិញនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ០១៤ ។ ប៉ុន្តែខាងរោងចក្រមិនព្រមអនុវត្ត ហើយបានប្តឹងជំទាស់ករណីនេះ ។ ថ្ងៃទី២ កក្កដា ឆ្នាំ២០១៤ សហជីពបានប្តឹងបន្ត ទៅគណ:កម្មការ កូដកម្មបាតុកម្ម គ្រប់មុខសញ្ញា ,ក្រសួងពាណិជ្ជកម្ម និងGMAC ឲ្យជួយធ្វើអន្តរាគមន៍។
ប្រធានសហព័ន្ធ សហជីពកម្មករ កម្ពុជា រូបនេះបន្តថា ដោយសារតែពុំមានដំណោះ ស្រាយ ទើបកម្មករ ជាង៨០០នាក់ បាននាំគ្នាធ្វើកូដកម្ម នៅមុខរោងចក្រ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល ទាមទារឲ្យលោកថៅកែរោងចក្រ ទទួលតំណាងសហជីព៦រូប ចូលធ្វើការ វិញ និងលក្ខខណ្ឌការងារ ១២ចំណុចបន្ថែមទៀតមានជាអាទិ៍ ៖ សុំដកលោកម៉ៅ ផល្លា ចេញពីក្រុមហ៊ុន, សុំផ្តល់លុយអាហារថ្ងៃ ត្រង់ក្នុងម្នាក់៥០០០រៀល, សុំផ្តល់ប្រាក់ទ្រទ្រង់សុខភាពឲ្យមានឡើងវិញ, សុំផ្តល់ សម្លៀកបំពាក់សម្រាប់កម្មករម្នាក់ៗ ៤សម្រាប់ក្នុងមួយឆ្នាំ, សុំផ្តល់លុយថ្លៃបាយថែមម៉ោង៣០០០រៀល ក្នុងមួយម៉ោង ដោយគុណតាមចំនួនម៉ោងដែលបានថែម។ល។
លោកសោម អូនបន្តថា សហជីពបានដាក់ពាក្យប្តឹងបន្តទៅសាលាដំបូងខេត្តកណ្តាល ហើយត្រូវបានតុលាការចេញដីកា សម្រេចឲ្យអនុវត្តសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ឲ្យមានអានុភាព ចាប់ពីពេលដីកា សម្រេចអនុវត្តនេះចូលជាស្ថាពរ។ តែខាងរោងចក្រ មិនព្រមអនុវត្តទេ ថែមទាំងបង្ក ជាហិង្សា មកលើកម្មករ កម្មការិនីទៀត។
លោកសោម អូន ក៏បានអំពាវនាវ ដល់លោកថៅកែរោងចក្រ គោរពច្បាប់ការងារកម្ពុជា បញ្ឈប់ការរើស អើងក្នុងការបង្កើតសហជីព ហើយបានបញ្ជាក់ថា នឹងប្តឹងទៅតុលាការ ពីបទបានប្រើហិង្សាមកលើកម្មករ កម្មការិនី ជាពិសេសធ្វើឲ្យ កម្មការិនីម្នាក់រលូតកូន ៕