រតនគិរីៈ គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដោយសារតែម៉ូតូ បុកជាមួយម៉ូតូ បណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសស្រាល ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង៤០នាទី រសៀលថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវបែកជា ៤មុខ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កណ្តាលក្រុងបាលុង។ ភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការ នគរបាលខេត្ត ចុះដល់កន្លែងកើតហេតុ បញ្ជូនក្មេងស្រីរងគ្រោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
បើតាមសាក្សី ក្បែរកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា ពួកគាត់បានឃើញម៉ូតូម៉ាកហុងដា ជិះម្នាក់ឯងមានទិសដៅ ពីកើតទៅលិច រីឯក្មេងស្រីរងគ្រោះជិះម្នាក់ឯង មានទិសដៅពីលិច ជិះមកដល់ផ្លូវបែកជា៤បត់មកជើងក៏បុកគ្នាតែម្តង ប៉ុន្តែសំណាងល្អ គ្រាន់ តែខូចខាតម៉ូតូបន្តិបន្តួច ពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់អ្នកជិះម៉ូតូនោះទេ។
សមត្ថកិច្ចមូលដ្ឋាន ប្រាប់ឲ្យដឹងថា អ្នកជិះម៉ូតូម៉ាកហុងដា C-125 ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខ រតនគិរី 1C-0010 មានទិសដៅពីលិចទៅកើត មានឈ្មោះ ច្រោវ ប៉ិន ជនជាតិគ្រឹង អាយុ ២៦ឆ្នាំ មានទីលំនៅភូមិតាអង ឃុំតាអង ស្រុកកូនមុំ (ពុំមានរបួស)។ ចំណែកឯក្មេងស្រី ជិះម៉ូតូម៉ាកហុងដា C-125 ពណ៌ខ្មៅ ស៊េរី2013 ពាក់ស្លាកលេខ រដ្ឋ 21.1.0151 មានទិស ដៅពីលិច ទៅដល់ផ្លូវបែកជា៤ បត់ឡើងមកជើងមានឈ្មោះ ស្រី ធីតា អាយុ១៧ឆ្នាំ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹង កន្សែង ក្រុងបានលុង (របួសស្រាល)។ សមត្ថកិច្ចមូលដ្ឋានខាងលើប្រាប់បន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង ដោយសារតែក្មេងស្រីរូបនេះ ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ពោលគឺបត់ម៉ូតូពុំបានមើលធ្វេង មើលស្តាំ។
បន្ទាប់ពីធ្វើការវាស់វែងរួច ត្រូវបានកម្លាំងនគរបាលចរាចរណ៍ នាំយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បី ដោះស្រាយតាមច្បាប់៕