ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា នេះ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍ សាត់ រួមដំណើរដោយលោកអភិបាលរងខេត្ត លោកប្រធានសាខាកាកបាទក្រហមខេត្ត ព្រមទាំងមន្ត្រី រាជការសាលាខេត្ត សាលាស្រុក និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានចុះទៅចែកអំណោយ កាកបាទ ក្រហម ជូនប្រជាពលរដ្ឋ នៅក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ចំនួន ៦៣ គ្រួសារ ក្នុងមួយ គ្រួសារៗ ទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកា២ម៉ឺនរៀលផងដែរ ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានពាំនាំការសួរសុខទុក្ខ ពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែ នឹករលឹក និងមានការគិតគូរខ្ពស់ ចំពោះការលំបាករបស់បងប្អូន ប្រជាពលរដ្ឋទូទៅ ក្នុងពេលដែលជួប ប្រទះនូវគ្រោះមហន្តរាយផ្សេងៗ ។ លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍ទៀតថា ទីណាប្រជា ពលរដ្ឋជួបប្រទះការលំបាក និងការខ្វះខាតដោយសារគ្រោះមហន្តរាយនានា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែមានការគិតគូរ និងនឹករលឹកជាប្រចាំ ។
បន្ទាប់ពីបានចុះចែកអំណោយ ជូនពលរដ្ឋរងគ្រោះទីទាល់ក្រ និងចាស់ជរា នៅក្នុងឃុំសំរោង រួចមក លោកអភិបាលខេត្ត រួមនឹងក្រុមការងារក៏បានបន្តចុះមកជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ អាជីវករនៅផ្សារ ស្រុកភ្នំក្រវាញផងដែរ ។ទន្ទឹមនឹងការជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ អាជីវករនៅផ្សារស្រុកភ្នំក្រវាញ នា ពេលនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់អ្នកទទួលខុសត្រូវយកភាស៊ីផ្សារ ស្នើធ្វើយ៉ាងណាឲ្យ ទីធ្លា និងបរិវេណផ្សារ មានសោភ័ណ្ឌភាព និង អនាម័យល្អ ហើយធ្វើយ៉ាងណា កុំឲ្យមានការកកស្ទះទឹក ។ ដើម្បីកុំឲ្យមានការកកស្ទះទឹកដក់ នៅក្នុងផ្សារនោះ គប្បីអ្នកទទួលខុសត្រូវផ្សារ និង ភាស៊ីត្រូវតែដាក់ លូឲ្យបានច្រើនទៅតាមស្តង់ដារជាក់ស្តែង ៕