ភ្នំពេញ៖ តាមសេចក្តី រាយការណ៍មួយ បានឲ្យដឹងថា នៅជិតប៉ុស្តិ៍នគរបាល វត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានកន្លែងលេង ល្បែងមួយ ដែលវង់ល្បែងមួយនេះ មិនទាន់មានការ ចុះបង្ក្រាប នោះឡើយ បើទោះបី ជាសមត្ថកិច្ច នគរបាល នៃប៉ុស្តិ៍នគរបាលវត្តភ្នំ នៅជិតក៏ដោយ ចំងាយប្រមាណ មិនដល់២០ម៉ែត្រផងនោះ ។
សេចក្តីរាយការណ៍ បានបន្តថា វង់ល្បែងនេះ ស្ថិតនៅក្នុង កន្លែងលក់ និងទិញ រថយន្ត យីហោ កោះកែវ តាមបណ្តោយ ផ្លូវលេខ១០៨ ហើយគេដឹងថា មានមន្រ្តីនគរបាល ទៅយក លុយជាប្រចាំខែ មិនចុះបង្ក្រាប នោះឡើយ។
យ៉ាងណាក៏ដោយ មន្រ្តីប៉ុស្តិ៍នគរបាល វត្តភ្នំ មួយរូប បានឲ្យដឹងថា ពីមុនកន្លែងនេះ មានអ្នកលេង ល្បែងមែន ប៉ុន្តែឥឡូវនេះ គ្មានអ្នកណា លេងនោះឡើយ ហើយបើលេងមែន សមត្ថកិច្ច និងចុះបង្រ្កាបជាក់ជា មិនខាន មិនទុកឲ្យមាន សកម្មភាព លេងល្បែង ស៊ីសងយ៉ាង ដូច្នេះឡើយ។
មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនទាន់អាចទាក់ទង នាយនគរបាលប៉ុស្តិ៍វត្តភ្នំ បានទេនៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២នេះ៕