Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

NGO ព្រួយបារម្ភពី ការកក្រើក ករណីរំលោភ សេពសន្ថវៈ លើកុមារ

$
0
0

ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល ធ្វើការងារទាក់ទង និងសិទ្ធិកុមារ បានសម្តែងការព្រួយបារម្ភ ចំពោះការកក្រើកឡើង នូវករណីរំលោភសេពសន្ថវៈ លើកុមារ មិនគ្រប់អាយុ ក្នុងរយៈពេលចុងក្រោយនេះ ដែលបណ្ដាញសារព័ត៌មានក្នុងស្រុកចុះផ្សាយស្ទើររៀងរាល់ថ្ងៃ។

អនុប្រធានកម្មវិធីស្រ្តី និងកុមារនៃអង្គការអាដហុកលោកស្រី លឹម មុន្នី បានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ ថា សង្គមស៊ីវិលពិតជាមានការព្រួយបារម្ភ ចំពោះករណី រំលោភសេពសន្ថវៈ លើកុមារ ដែលជាអនីតិជននេះ។តែអង្គការ សង្គមស៊ីវិល មិនមែនព្រួយតែមួយផ្នែកនោះទេ តែព្រួយផងដែរ ចំពោះបញ្ហា និទណ្ឌភាព និងការរត់គេចខ្លួនរបស់ជនល្មើស។

លោកស្រីបន្ត ថា "ចំពោះពួកយើងជាអង្គការសង្គមស៊ីវិល វាមិនព្រួយតែមួយផ្នែកទេ ព្រួយចំពោះការអនុវត្តច្បាប់ ទៅទៀត ដោយយើងសង្កេតឃើញ ថា ការខ្វះចន្លោះនៃអនុវត្តច្បាប់ ឲ្យមានប្រសិទ្ធភាពនឹង វានៅតែជាបញ្ហាចោទដដែល ថ្វីត្បិតតែមានការចាប់អារម្មណ៍ ពីក្រសួង មន្ទីរ ជាច្រើនដែលរួមគ្នាធ្វើកិច្ចការនឹង ក៏យើងឃើញនៅមាន បញ្ហានិទណ្ឌភាព ក៏ដូចជាបញ្ហារត់គេចខ្លួន របស់ជនល្មើសនឹង ដែលវាជាសំណួរមួយ គួរឲ្យចាប់អារម្មណ៍”។

លោកស្រីបានឲ្យដឹង ថា មូលហេតុដែលកុមារងាយទទួលរងគ្រោះ ពីចាប់រំលោភនោះ គឺដោយសារតែ កុមារជាជនងាយស្រួលបំពារបំពាន ហើយពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពារខ្លួន។

មិនខុសគ្នាដែរ ប្រធានអង្គការ មិនមែនរដ្ឋាភិបាល ដើម្បីសិទ្ធិកុមារ លោកស្រី យឹម សុខារី បានសង្កេតឃើញ ថា ករណី រំលោភសេពសន្ថវៈលើកុមារ ហាក់ដូចជាមានការកើនឡើង ក្នុងរយៈពេលចុងក្រោយនេះ ហើយលោកស្រីក៏បានសំណូរពរ ឲ្យអាជ្ញាធររាជធានី-ខេត្ត គួរតែមានវិធានការលើបញ្ហានេះ ជាបន្ទាន់ផងដែរ។

ចំណែក លោក កែម ឡី ប្រធានក្រុមអ្នកស្រាវជ្រាវ ផ្នែកសង្គមជាន់ខ្ពស់ មានប្រសាសន៍ ដោយយោងតាមរបាយការណ៍របស់ អង្គការអាដហុក និងលីកាដូ ពាក់ព័ន្ធនឹងបញ្ហារំលោភ សេពសន្ថវៈនេះដែរ ថា ក្នុងមួយឆ្នាំៗ ករណីចាប់រំលោភសេពសន្ថវៈមិនតិចជាង៥០០ទៅ៦០០ករណីនោះទេ ហើយជនរងគ្រោះភាគច្រើនជាអនីតិជន។ "ជារួមយើងមើលរបាយការណ៍ ដែលបានដឹង របាយការណ៍អាដហុក របាយការណ៍លីកាដូ អីក្នុងមួយឆ្នាំៗករណី ចាប់រំលោភលើជនរងគ្រោះនឹង មិនតិចជាង៥០០ទៅ៦០០ករណីទេ ហើយជនរងគ្រោះភាគច្រើន ដែលយើងឃើញ និងធ្វើការសិក្សានឹង ភាគច្រើនជាអនីតិជន”។

លោកបានបន្តឲ្យដឹង ថា កត្ដាដែលបណ្ដាល ឲ្យមានករណីរំលោភសេពសន្ថវៈលើស្រ្ដី និងកុមារនោះ ទី១បញ្ហានិទណ្ឌភាពនៅតែមាន ទី២មិនទាន់មានការវិនិយោគ លើវិធានការទប់ស្ដាប់ករណី រំលោភសេពសន្ថវៈនៅឡើយ ហើយអង្គការសង្គមស៊ីវិលធ្វើការងារផ្នែក ទប់ស្ដាប់ករណីរំលោភ សេពសន្ថវៈក៏នៅមិនតិចដែរ និងទី៣មានកន្លែងកម្សាន្តសម្រាប់យុវវ័យច្រើន ដែលអាចឲ្យពួកគេមាន ឱកាសប្រព្រឹត្តអំពើរំលោភ សេពសន្ថវៈ ឬបៀតបៀនកេរ្តិ៍ខ្មាស់លើក្មេងស្រី មិនទាន់គ្រប់អាយុជាដើម។

ក្រុមអង្គការសង្គមស៊ីវិលខាងលើនេះ បានអំពាវនាវឲ្យរដ្ឋាភិបាល សហការជាមួយខ្លួន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីទប់ករណីរំលោភសេពសន្ថវៈ លើកុមារនេះ។មួយវិញទៀត សង្គមស៊ីវិលក៏ជំរុញឲ្យរដ្ឋាភិបាលត្រូវ ពង្រឹងប្រព័ន្ធអនុវត្តច្បាប់ ប្រព័ន្ធសន្តិសុខ ដើម្បីលុបបំបាត់ការរំលោភសេពសន្ថវៈលើកុមារឲ្យអស់ពីសង្គមកម្ពុជា។ ចំណែកអាណាព្យាបាល ក៏ត្រូវមានការប្រុងប្រយ័ត្ន ពីការសុវត្តិភាពរបស់កូន របស់ខ្លួនផងដែរ ដោយមិនត្រូវទុកក្មេងឲ្យនៅម្នាក់ឯង ឬនៅជាមួយមនុស្សដែល មិនគួរឲ្យទុកចិត្ត។ រីឯប្រព័ន្ធផ្សព្វផ្សាយ ក៏មិនត្រូវផ្សាយនូវ ទិដ្ឋភាពសប្បាយហួសហេតុពេក ដែលបណ្ដាលឲ្យយុវវ័យប្រុស-ស្រី ទាំងនោះមានការភ្លើតភ្លើន ដែលអាចឈានទៅដល់ការ ប្រព្រឹត្តិបទល្មើសសេពសន្ថវៈនេះ។

ករណីរំលោភសេពសន្ថវៈលើកុមារ ត្រូវបានបណ្ដាញសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ចុះផ្សាយស្ទើររៀងរាល់ថ្ងៃ ដែលករណីរំលោភ ទាំងនោះភាគច្រើន កើតលើកុមារ ដែលមានអាយុមិនដល់១០ឆ្នាំផង ហើយជនល្មើសខ្លះជាឪពុកជនរងគ្រោះ ខ្លះជាជីតាជនរងគ្រោះ ខ្លះជាមនុស្សចាស់ដែល ស្គាល់គ្នាក្នុងភូមិ និងខ្លះទៀតជាយុវវ័យ ភ្លើតភ្លើន និងការសេពគ្រឿងស្រវឹង គ្រឿងញៀន និងមើលរឿងអាសអាភាសជាដើមនោះ ដែលឈានទៅដល់ការ ប្រព្រឹត្តិអំពើថោកទាបដែលមជ្ឈដ្ឋានទូទៅ ស្អប់ខ្ពើមជាទីបំផុត៕


Viewing all articles
Browse latest Browse all 8042

Trending Articles