កំមពង់ចាម ៖ កម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្តកំពង់ចាម រួមមាន កម្លាំងនគរបាល២២នាក់ មន្រ្តីអាវុធហត្ថម្នាក់ និងកម្លាំងយោធា នៅតំបន់ប្រតិបត្តិការសឹករងខេត្ត ៦នាក់ ដឹកនាំដោយ អភិបាលស្រុកកោះសូទិន នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ នេះ បានចុះទៅពិនិត្យ មើលស្ថានភាពទឹកលិចផ្លូវ ដែលបានជន់លិចផ្លូវក្រាលគ្រួស ក្រហមប្រមាណ ២០០ម៉ែត្រ ព្រមទាំងបានចុះទៅបង្ក្រាបបទ ល្មើសនេសាទ នៅក្នុងតំបន់នោះផងដែរ ។
អធិការនគរបាល ស្រុកកោះសូទិន បានថ្លែងឲ្យដឹងថា ដោយមើលឃើញស្ថានភាព ទឹកលិចផ្លូវ នៅក្នុងភូមិសាស្រ្ត របស់ស្រុករួចមក ស្នងការនគរបាលខេត្ត បានណែនាំ ឲ្យលោកដឹកនាំកម្លាំង នគរបាល ចូលរួមជាមួយ កម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធមួយចំនួនទៀត ចុះទៅពនិត្យ និងដើម្បីមានវិធានការ ជួយដោះស្រាយ ដល់ការធ្វើការដំណើរ របស់ប្រជាពលរដ្ឋ នូវបញ្ហាប្រឈមនោះ។
អធិការនគរបាល ស្រុកកោះសូទិន បានបញ្ជាក់ថា អភិបាលស្រុក និងមន្រ្តីពាក់ព័ន្ធ បានធ្វើការអប់រំ ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន នៅពេលចង់ឆ្លងកាត់នៅតំបន់ទាំងនេះ ។
បើតាមលោកអធិការស្រុក ផ្លូវក្រាលគ្រួសក្រហម មានប្រវែង២០០ម៉ែត្រ ដែលតភ្ជាប់ពីភូមិកោះចិនក្រោម ទៅភូមិកំពង់រាប ត្រូវបានទឹកជន់លិច ហើយហូរកាត់ បណ្តាលឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះ មិនអាចធ្វើ ចរាចរបានទេ ។
លោកអធិការស្រុក បានបញ្ជាក់ថា ទន្ទឹមនឹងនេះ ក្រុមសមត្ថកិច្ចចម្រុះ បានបង្ក្រាបបទល្មើស នេសាទខុសច្បាប់ ដោយបានរុះរើរបាំងព្រួលប្រវែង ៦១០ម៉ែត្រ លបតុំ៤៥លប និងបង្គោល មួយចំនួនផងដែរ។
លោកថាឧបករណ៍នេសាទ ខុសច្បាប់ទាំងនោះ ត្រូវបានយកទៅរក្សាទុកនៅសាលាស្រុកកោះសូទិន ត្រៀមដុតកំទេចចោលនៅថ្ងៃស្អែក៕