ចិន៖ គ្រោះរញ្ជួញដីដ៏ខ្លាំងក្លាមួយ បានកើតមាននៅក្រុងហ្សាវតុង ខេត្តយូណាន ភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យប្រជាពលរដ្ឋចិនប្រ មាណ ១៥០នាក់ បានស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៤នេះ។
តាមទីភ្នាក់ងារព័ត៌មានរបស់ចិនមួយនេះ បានឲ្យដឹងគ្រោះរញ្ជួញដីមានកម្រិតរហូតដល់ ៦.៥រិចទ័រ ដែលជាកម្រិត រញ្ជួញដ៏ខ្លាំងក្លា។ ក្រៅពីបណ្តាលឲ្យមនុស្ស ១៥០នាក់ បានស្លាប់ នៅមានមនុស្សជាច្រើននាក់ បានរងរបួស ហើយអគារតូចធំ ផ្ទះប្រជាពលរដ្ឋជាច្រើន បានបាក់រលំ។ អគ្គិសនី បណ្តាញទំនាក់ទំនង ត្រូវបានកាត់ផ្តាច់ សូម្បី តែការទាក់ទងតាមប្រព័ន្ធទូរស័ព្ទក៏លំបាកផងដែរ។
មន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយសង្រ្គោះជនរងគ្រោះ។
ហ្សាវតុង ក្រុងរបស់ខេត្តយូណាន មានសម្ងាយប្រមាណជា ៣០០គីឡូម៉ែត្រពីទីក្រុងគនមីង។ កាលពីខែកញ្ញា ឆ្នាំ ២០១២ ទីក្រុងមួយនេះធ្លាប់បានរងការវាយប្រហារ ដោយគ្រោះរញ្ជួញដីកម្រិត ៥.៧រិចទ័រ បណ្តាលឲ្យមនុស្ស ៨០នាក់ស្លាប់ និងច្រើនជាង ៨០០នាក់រងរបួស។
នៅឆ្នាំ១៩៧៤ ទីក្រុងមួយនេះ ក៏បានរងការវាយប្រហារដោយគ្រោះរញ្ជួញដីកម្រិង ៧.១រិចទ័រដែរ បណ្តាលឲ្យ មនុស្សជាង ១.៤០០នាក់បានស្លាប់៕