កំពង់ចាម ៖ ប្រជាពលរដ្ឋពីរនាក់ ក្នុង នោះក្មេងប្រុសអាយុ៣ឆ្នាំ និងស្ដ្រីវ័យ ចំណាស់ ៦៥ឆ្នាំ បានលង់ទឹកស្លាប់ ដោយសារតែគ្រោះទឹកជំនន់ ដែលបាននឹងកំពុងធ្វើឱ្យប៉ះពាល់ផ្ទះសម្បែងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅខេត្ដកំពង់ចាម ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលខេត្ដកំពង់ចាម បានឱ្យដឹងថា គិតត្រឹម ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ ប្រជាពលរដ្ឋ ២នាក់ បានស្លាប់ ដោយសារលង់ទឹក នៅទូទាំងខេត្ដកំពង់ចាម ។
មន្ដ្រីនគរបាលរូបនេះ បានបន្ដថា ជនរង គ្រោះទាំងពីរនាក់ គឺក្មេងប្រុស អាយុ៣ឆ្នាំ ឈ្មោះភា សុអេង បានលង់ទឹកស្លាប់នៅភូមិ ដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះ សូទិន កាលពីវេលាម៉ោង១រសៀលថ្ងៃទី៥ ខែសីហា នេះ ។ ដោយឡែកជនរងគ្រោះ ម្នាក់ទៀត មានឈ្មោះអ៊ឹង ក្រោស ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ បានលង់ទឹកស្លាប់ នៅចំណុចទួលកែ ខាងលិចភូមិទួល ចម្ងាយ ៦គីឡូម៉ែត្រ ។
ក្រោយប្រទះឃើញ សពជនរងគ្រោះទាំងពីរនាក់ និងក្រោយពី បញ្ចប់ធ្វើកោសល្យវិច័យ សមត្ថកិច្ចមូលដ្ឋាន បានប្រគល់សពជនរងគ្រោះទាំងពីរនាក់ ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។