ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ស៊ុន ចាន់ថុល កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ បាន អញ្ជើញជា អធិបតី នៃកិច្ចប្រជុំ ប្រចាំត្រីមាស ជាមួយគម្រោង រោងចក្រ កាន់តែប្រសើរ នៅកម្ពុជា (FBC) សមាគម កាត់ដេរ សម្លៀកបំពាក់(GMAC) និង ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ(MOLVT) ដើម្បីពិភាក្សា អំពីបញ្ហា នៃការគោរពច្បាប់នានា ទាក់ទង នឹងរោងចក្រកាត់ដេរ សម្លៀកបំពាក់។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពី លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគម រោងចក្រកាត់ដេរ សម្លៀកបំពាក់កម្ពុជា (GMAC) លោកស្រី Jill Tucker ប្រធាន ទីប្រឹក្សាបច្ចេកទេសនៃ គម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជា រួមទាំងតំណាង ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ(MOLVT) និង ក្រសួង ពាណិជ្ជកម្ម ផងដែរ។
លោកស្រី Tucker បានលើកឡើងអំពី ភាពប្រសើរឡើងទាក់ទង នឹងរោងចក្រទាំងឡាយ ដែលការគោរពច្បាប់ នៅមានកម្រិតទាប ជាពិសេសបញ្ហាទាក់ទង នឹងការយល់ដឹងអំពី ពលកម្មកុមារ ហើយលោកស្រី បានមាន ប្រសាសន៍ថា៖ មានរោងចក្រ កាន់តែច្រើន ជាងមុន កំពុងធ្វើឲ្យមាន ភាពប្រសើរឡើង នូវអនុលោមភាព តាម បទដ្ឋាន របស់រោងចក្រ និង លក្ខខណ្ឌការងារ។
តំណាងសមាគមន៍ រោងចក្រកាត់ដេរ សម្លៀកបំពាក់(GMAC) និងតំណាង នៃគម្រោង រោងចក្រ កាន់តែប្រសើរ នៅកម្ពុជា(BFC) បានពិភាក្សាអំពី បញ្ហាប្រឈមមួយចំនួន របស់រោងចក្រកាត់ដេរ សម្លៀកបំពាក់ និងបានលើក អនុសាសន៍ទាំងឡាយ ដើម្បីជំរុញ វិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ ឲ្យឆ្ពោះទៅមុខ ឆ្លើយតប នឹងបញ្ហា ទាំងឡាយ ដែលសមាគមន៍GMAC និងគម្រោង BFC បានលើកឡើង។
បញ្ហាប្រឈមទាំងនោះរួមមាន៖ យន្តការពង្រឹងបទដ្ឋាន នៃការគោរពច្បាប់ នៅមានកម្រិត របស់រោងចក្រ ទាំងឡាយ ការបង្កើតក្រុមការងារ អធិការកិច្ចរួមមួយ ដែលមានសមាស ភាពចូលរួមពី មន្រ្តីនានាមកពី ក្រសួង ពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដោយមានការចូលរួមពី គម្រោងចក្រ កាន់តែប្រសើរ នៅកម្ពុជា ដើម្បីលើកកម្ពស់ ការយល់ដឹង អំពីបទដ្ឋានរោងចក្រ និងលក្ខខណ្ឌតម្រូវទាំងឡាយ ដែលផ្តល់ អត្ថប្រយោជន៍ ដល់កម្មករ រោងចក្រ និងអ្នកទិញ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការ កោតសរសើរចំពោះ ការធ្វើឲ្យ ប្រសើរដល់ ការគោរពច្បាប់ ការងារ នៅក្នុងវិស័យឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការ ប្រកបដោយ ភាពវិជ្ជមាន ដែលកំពុងកើតមាន រវាង គម្រោងBFC សមាគមន៍GMAC ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកទេសរដ្ឋមន្រ្តី បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ផ្តល់ព័ត៌មានឲ្យគ្នា ទៅវិញទៅមក ដោយស្មោះត្រង់ និងដោះស្រាយបញ្ហា ប្រឈមនានា ដែលបាន លើកឡើង ដោយតំណាងទាំងឡាយ ក្នុងស្មារតីកិច្ច ប្រតិបត្តិការ ល្អ។ កម្មវិធីនេះ មិនគួរយល់ថា៖ ជាការដាក់ទោសទណ្ឌ ដល់ឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ទេ ប៉ុន្តែត្រូវយល់ ថា វាជាវិភាគទានប្រកប ដោយវិជ្ជមានមួយ ដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេស និងការគោរពច្បាប់ ការងារ កាន់តែប្រសើរឡើង។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឲ្យ មានជំនួបពិភាក្សា ជាមួយអ្នកទិញ នាយកប្រតិបត្តិ របស់ពួកគេ និងភាគីពាក់ព័ន្ធទាំងអស់ ដោយមានការចូលរួមពីគម្រោង រោងចក្រ កាន់តែប្រសើរ នៅកម្ពុជា ដើម្បីពិភាក្សា រិះរកវិធី ដែលអ្នកទិញ អាចជួយបង្កើន បរិមាណប្រភពផ្គត់ផ្គង់ និងតម្លៃផលិតផល ដែលផលិតនៅក្នុង ប្រទេស កម្ពុជា ដើម្បី ទទួលស្គាល់ កិច្ចខិតខំប្រឹងប្រែង របស់រោងចក្រកាត់ដេរ សម្លៀកបំពាក់ និងធ្វើឲ្យប្រសើរ ឡើងដល់ លក្ខខណ្ឌការងារ ៕