ភ្នំពេញ៖ សារព័ត៌មានធំៗ នៅលើពិភពលោក បានបង្ហាញការ ចាប់អារម្មណ៍រៀងៗខ្លួន ជុំវិញព្រឹត្តិការណ៍ នៃ ការប្រកាស សាលក្រម នៃអង្គជំនុំជំរះ សាលាដំបូង នៃអង្គជំនុំជំរះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅ ក្នុងសំណុំរឿង ០០២/០១ ដែលប្រជាពលរដ្ឋខ្មែរ ទន្ទឹងរង់ចំាអស់រយៈពេលជាង ៣០ឆ្នាំមកនេះ ត្រូវបានតុលាការ ប្រកាស ជាសាធារណៈហើយ ដោយតម្រូវដោយជនជាប់ចោទ ទំាង២រូបឱ្យជាប់ពន្ធនាគារ អស់មួយជីវិត។
ជនជាប់ចោទទំាងពីរគឺលោក នួន ជា ដែលគេស្គាល់ថា ជាបងធំទីពីរក្នុងរបបប៉ុល ពត និងលោក ខៀវ សំផន ដែលជាអតីតអនុលេខា នៃបក្សកុំម្មុយនីសកម្ពុជា។
ទូរទស្សន៍ NBC NEWS របស់អាម៉េរិកបានផ្សាយថា «មេដឹកនាំក្នុងរបបខ្មែរក្រហម ត្រូវបានកាត់ទោសជាប់ ពន្ធនាគារ អស់មួយជីវិត ជាមួយនឹងឧក្រិដ្ឋវាលពិឃាត»។
ចំណែកទូរទស្សន៍ អង់គ្លេស BBC News ក៏បានចេញផ្សាយផងដែរ ដោយដាក់ចំណងជើងថា «មេដឹកនាំកំពូល របបខ្មែរក្រហម ត្រូវរកឃើញកំហុសឧក្រិដ្ឋប្រឆំាងមនុស្សជាតិ»។ ក៏ដូចគ្នានឹង Channel News Asia របស់សឹង្ហបុរី ដែលបានផ្សាយថា តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមទំាងពីរ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋ ប្រឆំាងមនុស្សជាតិ ក្រោមការគំាទ្ររបស់ UN។ មេដឹកនាំទំាងពីរ ត្រូវបានកាត់ទោសជាប់ពន្ធនាគារមួយជីវិត ហើយ ក៏ទទួលបានការគំាទ្រផងដែរពីអង្គការសហប្រជាជាតិសម្រាប់ការកាត់ទោសនេះ។
ជាមួយគ្នានោះដែរនោះទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters ក៏បានផ្សាយថា អង្គការសហប្រជាជាតិ គំាទ្រ សាលាក្តី អ.វ.ត.ក សម្រាប់ការកាត់ទោសជនជាប់ចោទឲ្យជាប់ពន្ធនាគារអស់មួយជីវិតនេះ។
ស្របពេល ទស្សនាវដី្ត Time បានផ្សាយថា មេដឹកនាំក្នុងរបបខ្មែរក្រហម ដែលមានវ័យចាស់ជរា ត្រូវបានគេរក ឃើញកំហុសពីបទឧក្រិដ្ឋប្រឆំាងមនុស្សជាតិ ប៉ុន្តែជនរងគ្រោះមានអារម្មណ៍ថា យុត្តិធម៌មិនត្រូវបាន គេបំពេញ បន្ថែម។
ងាកមកសារព័ត៌មាន Straitstimes របស់សឹង្ហបុរី វិញ ក៏បានផ្សាយថា បងធំទីពីរក្នុងរបបខ្មែរក្រហម គឺលោក នួន ជា មិនព្រមទទួលកំហុសនោះទេ ។
មិនខុសអី ពីសារព័ត៌មានផ្សេងទៀត USA TODAY របស់អាម៉េរិក បានផ្សាយថា ជាង ៣ទសវត្សរ៍មកនេះ ដំណើរ កាត់ក្តីរបស់ អ.វ.ត.ក ក្នុងសំណុំរឿង ០០២/០១ បានបញ្ចប់ហើយ ដោយរកឃើញទោសពី បទឧក្រិដ្ឋប្រឆំាង មនុស្សជាតិ ហើយសាលក្រម បានសម្រេចផ្តន្ទាទោសជន ជាប់ចោទលោក នួន ជា និងខៀវ សំផន ជាប់ពន្ធនាគារ អស់មួយជីវិត ក្រោមការគំាទ្រ ដោយអង្គការសហប្រជាជាតិ។
ស៊ិនហួ ក៏បានផ្សាយដែរថា UN គាំទ្រតុលាការកម្ពុជា ដែលកាត់ទោសអតីតមេដឹកនាំក្នុង របបខ្មែរក្រហមទំាង ពីរឲ្យ ជាប់ពន្ធនាគារអស់មួយជីវិតនេះ ៕