ស៊ីដនី ៖ លោកនាយករដ្ឋមន្ត្រី អូស្ត្រាលី ថូនី អាប់បុតត៍ និង លោកស្រី ម៉ាហ្គារ៉េត ជាភរិយា ព្រមទាំងមន្ត្រីរដ្ឋាភិបាល ខេត្តក្រុងកំពូលៗ មួយចំនួនទៀត បានចូលរួម ក្នុងពិធីគោរព វិញ្ញាណក្ខន្ធ មួយនៅ ថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ ២០១៤ នេះនាទីក្រុង មែលប៊ន ដល់ ជនរងគ្រោះដោយសារ ធ្លាក់យន្តហោះម៉ាឡេស៊ី MH17 ដែលបានសម្លាប់មនុស្ស ២៩៨នាក់ កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅនេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ នេះថា ការគោរព វិញ្ញាណក្ខន្ធនេះ ធ្វើឡើងនៅវិមាន ផាទ្រីក កាសេដ្រាល់ ក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដើម្បីគោរព ចំពោះជនរងគ្រោះទាំងអស់ ដោយក្នុងចំណោមមនុស្សស្លាប់ ២៩៨នាក់នោះ មាន ៣៦នាក់ជាជនជាតិអូស្ត្រាលី។
គួរបញ្ជាក់ថាមូលហេតុពិតប្រាកដ ឬ ជនណាជាអ្នកបាញ់យន្តហោះម៉ាឡេស៊ី ជើងហោះហើរ MH17 ធ្លាក់កាលពី ២១ថ្ងៃមុខនេះ នៅមិនទាន់មានការស៊ើបអង្កេតឲ្យបានលទ្ធផលនៅឡើយ ទេ ព្រោះថាការរារាំងជាច្រើនបានកើតឡើងនៅទីតាំងធ្លាក់របស់យន្តហោះនៅភាគខាងកើត ប្រទេសអ៊ុយក្រែន ជាមួយក្រុមបំបែករដ្ឋទីក្រុង ដូណេតក៍ នៅឡើយទេ។