ភ្នំពេញ៖ គ្រាប់អាវុធយុទ្ធភ័ណ្ឌ សល់ពីសម័យសង្គ្រាមចំនួន ០៤ គ្រាប់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស ធ្វើការប្រគល់ ទៅឲ្យមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា កាលពីវេលាម៉ោង ១២និង៥០ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីប្រមូល បានពីប្រជាពលរដ្ឋនៅក្នុងភូមិឋាន ។
លោកអនុសេនីយ៍ទោ អ៊ុល សំអុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ប្រាប់ឲ្យដឹងថា គ្រាប់អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំង ០៤ គ្រាប់នេះ គឺគ្រាប់ទី១ លោកទទួលបាន ពីប្រជាពលរដ្ឋជាអ្នកលក់អេតចាយ បន្ទាប់ពីមានក្មេងម្នាក់រើសបាន នៅតាម វាលស្រែ ហើយលក់មកឲ្យ អ្នកទិញអេតចាយ ប៉ុន្តែដោយមានយល់ដឹង ពីអ្នកទិញអេតចាយនោះ ទើបអ្នកលក់អេតចាយ រូបនោះបានរាយការណ៍ ដល់កម្លាំងរបស់លោក ព្រមទាំងប្រគល់គ្រាប់បែកនោះ មករក្សាទុក នៅទីស្នាក់ប៉ុស្តិ៍។
លោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រៃស ប្រាប់បន្តថា ចំណែក ០៣គ្រាប់ទៀត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្បែរ រណ្តៅដីមួយកន្លែង ស្ថិតក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ ព្រមទាំងរាយការណ៍ប្រាប់កម្លាំងរបស់លោក ហើយលោក ក៏បានផ្តល់ដំណឹងបន្ត ទៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដើម្បីយកទៅកំទេចចោល។
លោកអនុសេនីយ៍ទោ អ៊ុល សំអុល ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ នៅពេលប្រទះឃើញ គ្រាប់អាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ សូមកុំប៉ះពាល់ឲ្យសោះ ហើយត្រូវរាយប្រាប់សមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីមានវិធានការទប់ស្កាត់ទាន់ ពេលវេលា ចៀសវាងនាំឲ្យ ផ្ទុះមានគ្រោះថ្នាក់ដល់អាយុជីវិត។
មន្ត្រីជំនាញ នៃមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា ប្រាប់ឲ្យដឹងថា គ្រាប់អាវុធយុទ្ធ ភ័ណ្ឌទាំង ០៤ គ្រាប់នោះ គឺជា គ្រាប់កាំភ្លើងត្បាល់ (M 374 ) ទំហំ ៨១ មីលីម៉ែត្រ ផលិតនៅ ប្រទេសអាមេរិកាំង ហើយគ្រាប់ទាំងនោះ គឺនៅមានគុណភាព អាចបានផ្ទុះ ១០០ ភាគរយ ។ បម្ទុះរបស់វាមួយគ្រាប់ៗ អាចខ្ទាតបំណែកចម្ងាយ ១០០០ម៉ែត្រ និងអាចសម្លាប់មនុស្ស បានតែមួយប្រប្រិចភ្នែកប៉ុណ្ណោះ ប្រសិនបើមានមនុស្សយកវាទៅដំ ឬដុត ។
មន្ត្រីជំនាញ នៃមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា ក៏បានបញ្ជាក់ប្រាប់បន្តឲ្យដឹងថា ការផ្តល់គ្រាប់អាវុធយុទ្ធភ័ណ្ឌទាំង នេះ ដល់មជ្ឈមណ្ឌលរបស់លោក គឺជាការល្អប្រសើរណាស់ ដើម្បីជួយកាត់បន្ថយការស្លាប់ដល់មនុស្ស ។ បើមិនដូច្នេះទេ ប្រសិនវាផ្ទុះឡើងនោះ មិនដឹងជាមនុស្ស ឬសត្វប៉ុន្មាននាក់ ទទួលរងគ្រោះថ្នាក់នោះទេ។ ដូច្នេះប្រសិនជាបងប្អូនដើរប្រទះ ឃើញគ្រាប់គ្រប់ប្រភេទ ត្រូវរាយការណ៍ជាបន្ទាន់ដល់មន្ត្រីជំនាញ ដើម្បីចុះមកប្រមូលយកទៅ កម្ទេចចោល ៕