បន្ទាយមានជ័យៈ សត្វសុនខ (សត្វឆ្កែ) កំពុងមានទីផ្សារខ្លាំង នៅខេត្តសៀមរាប ហើយត្រូវបានគេដើរប្រមូលទិញ និងដោះដូរ ជារបស់របរប្រើប្រាស់ នៅតាមបណ្តាខេត្តមួយចំនួន ពិសេសគឺខេត្តបន្ទាយមានជ័យ។
ជួបជាមួយអ្នកយកព័ត៌មានយើង នៅឯស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោក រតនា អាយុជាង ៣០ឆ្នាំ រស់នៅក្នុងខេត្ត សៀមរាប បាននិយាយថា សត្វសុនខនេះកំពុងពេញនិយមណាស់ ពីអ្នកទទួលទានគ្រប់មជ្ឈដ្ឋាន នៅក្នុងខេត្តមួយនេះ ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកចាំទទួលទិញ សម្រាប់ដឹកយកទៅចែកចាយលក់ នៅរាជធានីផងដែរ។
លោកបានបញ្ជាក់ថា សត្វនេះបច្ចុប្បន្នមានទីផ្សារ ហើយពួកគេក៏បានដើរប្រមូលទិញសត្វសុនខ ស្ទើរតែគ្រប់ខេត្ត ដោយការ ទិញ ឬក៏ដូរជាឆ្នាំង គឺតាមរបៀមម៉ៅ និងលក់ទៅវិញ ក្នុងមួយគីឡូក្រាម ៧៥០០០រៀល ហើយបានចំណាយពេលដើរទិញ យ៉ាងហោចក៏ ២ទៅ៣ថ្ងៃ ។
លោករតនា បន្តថា មានខេត្តចំនួន៥ ខេត្តបន្ទាយមានជ័យ បាត់ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ ដែលពួកគេបានជិះម៉ូតូ ដើរទិញ ហើយការដើរទិញ បានធ្វើឲ្យពួកគេឃ្លាតឆ្ងាយពីគ្រួសារយូរ ប៉ុន្តែវាអាចធ្វើឲ្យជីវភាពពួកគេ រស់នៅបានសមរម្យ បង្គួរដែរ៕