- ព័ត៌មានជួញដូរក្រលៀន ពាក់ព័ន្ធលោកផ្កាយ៣ លី សុវណ្ណ ហាក់ត្រូវបានលាក់លៀមខ្លាំង
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ បានអញ្ជើញចុះទៅកាន់មន្ទីរពេទ្យកេតុមាលា ក្នុងបំណងត្រួតពិនិត្យសាកសួរ បន្ទាប់ពីបែកធ្លាយថា មន្ទីរពេទ្យមួយនេះ ជាប់ពាក់ព័ន្ធនឹងការជួញដូរក្រលៀនមនុស្ស។
បន្ទាប់ពីចូលទៅកាន់មន្ទីរពេទ្យមួយនេះ អស់ជាច្រើនម៉ោង លោកឧបនាយករដ្ឋមន្រ្តី ក៏បានធ្វើដំណើរចេញពីមន្ទីរ ពេទ្យវិញ តែលទ្ធផលជុំវិញដំណើររបស់លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ មិនមានការទម្លាយ និង បញ្ជាក់ឲ្យ បានដឹងនោះទេ។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អញ្ជើញចុះទៅកាន់មន្ទីរពេទ្យកេតុមាលានេះ បានធ្វើឡើងនៅ ក្រោយព័ត៌មានដ៏រសើប នៃការជួញដូរក្រលៀនមនុស្សមានការសង្ស័យថា ជាប់ពាក់ព័ន្ធនឹងមន្ទីរពេទ្យយោធាមួយ នេះ ជាពិសេសគឺប្រធានមន្ទីរពេទ្យ លោកផ្កាយ៣ លី សុវណ្ណ។
បើតាមប្រភពពីសមត្ថកិច្ច បានលួចបង្ហើបប្រាប់ឲ្យដឹងថា ការអញ្ជើញទៅកាន់មន្ទីរពេទ្យកេតុមាលា គឺខណៈដែលវេជ្ជបណ្ឌិតជនជាតិចិន ម្នាក់ត្រូវសមត្ថកិច្ចនាំខ្លួន យកទៅធ្វើការវះកាត់ឡើងវិញ លើជនលក់ក្រលៀនម្នាក់ ដែលការវះកាត់នាពេលកន្លងមកមិនទទួលបានជោគជ័យ បង្កឲ្យមានឈាមកកនៅក្នុងខ្លួន។
សមត្ថកិច្ច បានបន្តថា ការវះកាត់ជាថ្មី របស់វេជ្ជបណ្ឌិតជនជាតិចិន ដែលត្រូវបានគេអះអាងថា មានជំនាញខាងវះកាត់ក្រលៀនេះ ទទួលបានជោគជ័យ។ ក្រោយពីវះកាត់ វេជ្ជបណ្ឌិតជនជាតិចិនរូបនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរ និងការពាអនីតិជន នាំយកទៅសួរនាំបន្តទៀត។
ពាក់ព័ន្ធនឹងការជួញដូរក្រៀនមនុស្សនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនី តិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ៥នាក់ជាបន្តបន្ទាប់។
កាលពីថ្ងៃទី០៩ ខែសីហា ម្សិលមិញនេះ កម្លាំងនគរបាល ក៏បានកោះហៅលោកផ្កាយ៣ លី សុវណ្ណ ចូលទៅបំភ្លឺ លើករណីមួយនេះ។ ការសាកសួរបានធ្វើឡើងតាំងពីម៉ោងប្រមាណ ៥ល្ងាច រហូតដល់ម៉ោង ១១យប់ ទើបមាន ការអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីមានការអន្តរាគមន៍ និងធានាពីមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថ។
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤នេះ លោក លី សុវណ្ណ ក៏ត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំជាថ្មីម្តងទៀតដែរ។
ព័ត៌មានក្រោយការសាកសួរលោក លី សុវណ្ណ ហាក់ត្រូវបានរិតត្បិតជាខ្លាំង ពោលមិនមានព័ត៌មានណាមួយត្រូវ បានគេទម្លាយឲ្យអ្នកព័ត៌មានដឹងនោះឡើយ។ ជាពិសេសសមត្ថកិច្ច ដែលពាក់ព័ន្ធហាក់មានការលាក់លៀមខ្លាំង ពេលក្រុមអ្នកព័ត៌មានទូរស័ព្ទចូលសាកសួរពាក់ព័ន្ធរឿងនេះ គឺមិននិយាយអ្វីទាំងអស់ ក្រៅពីការសុំទោសហើយ បិទទូរស័ព្ទតែម្តង។
ប្រភពព័ត៌មានជាច្រើន បានដាក់ការសង្ស័យថា មន្ទីរពេទ្យកេតុមាលា មានជាប់ពាក់ព័ន្ធនឹងការវះកាត់ក្រលៀន មនុស្ស ដើម្បីធ្វើការជួញដូរទៅក្រៅប្រទេស ហើយការវះកាត់នេះ ក៏ប្រហែលជាទទួលបានភ្លើងខៀវពីលោក ប្រធានមន្ទីរពេទ្យ លី សុវណ្ណ ផងដែរ។
ដំណឹង នៃការជួញដូរក្រលៀនមនុស្ស ត្រូវបានលេចឮយ៉ាងរំជើបរំជួលតាមបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស ក្រុមអ្នកលេងបណ្តាញសង្គមមួយនេះ ក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាពរបស់កូនតូចៗ ឬ ការធ្វើដំណើរយប់ព្រលប់ជាដើម ព្រោះខ្លាចមានក្រុមជនល្មើសចាប់យកទៅវះក្រលៀនធ្វើការជួញដូរ។
ជាមួយគ្នានេះ តាមបណ្តាញសង្គមមួយនេះ ក៏តែងបានបង្ហោះការបាត់ខ្លួនមនុស្សនានា ដែលការបាត់ខ្លួននេះ ត្រូវ បានគេដាក់ការសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការជួញដូរក្រលៀន។
ពាក់ព័ន្ធការជួញដូរក្រលៀននេះដែរ កាលពីពេលកន្លងទៅថ្មី កម្លាំងនគរបាល បានចាប់ខ្លួនមនុស្សមួយចំនួន ដោយជាប់សង្ស័យ បានរត់ការនាំមនុស្សយកទៅលក់ក្រលៀននៅប្រទេសថៃ ទទួលបានកម្រៃរហូតដល់ជាង ១ម៉ឺនដុល្លារឯណោះ។ ដោយឡែកសម្រាប់ជនដែលបានបរិច្ចាគក្រលៀនរបស់ខ្លួននោះ ទទួលបានត្រឹមតែ ៣.០០០ដុល្លារ ទៅ៥.០០០ដុល្លារប៉ុណ្ណោះ៕
(រូបកាន់ដបទឹកសុទ្ធ) លោកផ្កាយ៣ លី សុវណ្ណ ពេលសមត្ថកិច្ចហៅទៅសួរនាំ