Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជីវករ លក់មាស នៅខេត្តតាកែវ កំពុងតែភ័យខ្លាច ពីក្រុមចោរប្លន់ទូមាស ខណៈដែលសមត្ថកិច្ច អសមត្ថភាព

$
0
0

តាកែវ ៖ ក្រុមអាជីវករមួយចំនួន ដែលប្រកបមុខរបរលក់មាស និងដូរលុយនៅតាមបណ្ដាផ្សារមួយចំនួន នៅក្នុងខេត្តតាកែវ កំពុងតែនាំគ្នាភ័យខ្លាច ពីរឿងក្រុមចោរប្លន់ទូមាស ខណៈដែលសកម្មភាព ក្រុមចោរ ប្លន់ទូមាស បាន និងកំពុងតែធ្វើសកម្មភាពយ៉ាងកក្រើក នៅក្នុងខេត្តនេះ ដែលក្នុងនោះ គ្រាន់តែមិនដល់រយៈពេលមួយខែផង ក្រុមចោរបានប្លន់អ្នកលក់មាស និងដូរលុយចំនួន ២ដងមកហើយ នៅក្នុងខេត្ត តាកែវនេះ ។

ស្រ្តីអាជីវករម្នាក់ឈ្មោះ នី ដែលមានមុខរបរ លក់មាស និងដូរលុយ នៅផ្សារតាកែវ បានសម្តែងនូវការ ភ័យខ្លាចជាខ្លាំង ខណៈដែលក្រុមចោរប្លន់ បានធ្វើសកម្មភាពញឹកញាប់ នៅក្នុងខេត្តតាកែវ ។

អ្នកស្រីបានថ្លែងថា «ខេត្តតាកែវឥឡូវសម្បូរចោរប្លន់អ្នកលក់មាសណាស់ ហើយពេលប្លន់ហើយ សមត្ថ កិច្ចមិនដែលចាប់បានក្រុមចោរនោះទេ»។

ដោយចង់ទម្លាក់ការទទួលខុសត្រូវទៅលើ សមត្ថកិច្ចថាអសមត្ថភាព ស្រ្តីអាជីវកររូបនេះធ្វើការរិះគន់ទៅលើមន្រ្តីនគរបាល ដែលយាមផ្សារ និងសមត្ថកិច្ចមួយចំនួនទៀតថា មិនដែលអន្តរាគមន៍ ឲ្យបានទាន់ពេលវេលានោះទេ ពេលមានរឿងហេតុកើតឡើង ពោលគឺបន្ទាប់ពីក្រុមចោរប្លន់ ធ្វើសកម្មភាពបានកន្លះម៉ោង ឬ ១ម៉ោង ទើបឃើញសមត្ថកិច្ចចុះមកសួរនាំ ។

ស្ថិតក្នុងសភាពភ័យខ្លាច និងនិយាយដោយញ័រមាត់ផងនោះ ស្រ្តីអាជីវករលក់មាស និងដូរលុយម្នាក់ នៅផ្សារត្រពាំងអណ្ដើក ស្រុកត្រាំកក់ ដែលកាលពីថ្ងៃសៅរ៍ ទី៩ ខែសីហា កន្លងទៅ មានក្រុមចោរ៣នាក់ បានធ្វើសកម្មភាពប្លន់អ្នកលក់មាស និងដូរលុយនៅផ្សារនេះចំនួន២តូប យកបានមាសជិត ៤០តម្លឹង និងលុយមួយចំនួនទៀតនោះ បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីនឹងផ្អាកការលក់ដូរនេះមួយរយៈ ព្រោះក្រុមចោរឥឡូវ វាប្លន់តែអ្នកលក់មាស និងដូរលុយតែប៉ុណ្ណោះ ។

អ្នកស្រីថ្លែងថា «ខ្ញុំខ្លាចណាស់ ពេលឃើញពួកចោរវាមានសុទ្ធតែកាំភ្លើងគ្រប់ដៃ និងប្លន់នៅកណ្ដាលថ្ងៃ បែបនេះ។ ខ្ញុំនឹងឈប់លក់មួយរយៈពេលសិន ព្រោះរបររបស់ពួកយើងឥឡូវ គឺជាមុខសញ្ញារបស់ក្រុម ចោរប្លន់»។

បើតាមស្រ្តីអាជីវកររូបនេះ ខណៈដែលក្រុមចោរប្លន់ ធ្វើសកម្មភាពប្លន់អ្នកលក់មាស និងដូរលុយ នៅ ផ្សារត្រពាំងអណ្ដើក កាលពីប៉ុន្មានថ្ងៃមុន អស់រយៈពេលជិតកន្លះម៉ោង ទើបគេឃើញនគរបាលប៉ុស្តិ៍ ឃុំអូសារ៉ាយ បានមកដល់ ហើយប្រហែលជាង ១ម៉ោងក្រោយមកទើបឃើញកម្លាំងកងរាជអាវុធហត្ថ ចុះទៅដល់ ដែលនេះគឺជាភាពយឺតយ៉ាវមួយរបស់សមត្ថកិច្ច ។

គួររំលឹកថា កាលពីល្ងាចថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ បុរសអាជីវករលក់មាស នៅ ផ្សារតាកែវម្នាក់ ត្រូវបានក្រុមចោរមានគ្នា២នាក់ បានធ្វើសកម្មភាពប្លន់ដោយបាញ់ត្រូវជនរងគ្រោះចំនួន ពីរគ្រាប់ និងបានយកទ្រព្យសម្បត្តិអស់ប្រហែល ១៣ម៉ឺនដុល្លារ ដោយឡែកនៅថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០១៤ ក្រុមចោរបានធ្វើសកម្មភាពប្លន់អ្នកលក់មាស និងដូរលុយពីរកន្លែងនៅផ្សារត្រពាំងអណ្ដើក ស្រុកត្រាំកក់ ដោយប្លន់បានមាសជិត ៤០តម្លឹង និងលុយមួយចំនួនទៀត ។    

គួរបញ្ជាក់ថា បន្ទាប់ពីប្លន់ដោយមិនបានរំខាន ដល់សមត្ថកិច្ចហើយ ក្រុមចោរទាំងនោះ បានធ្វើការគេច ខ្លួនយ៉ាងមានសុវត្ថិភាពជាទីបំផុត ។  ដូច្នោះក្នុងរយៈពេល ៣សប្ដាហ៍នេះ នៅក្នុងខេត្តតាកែវ មានអំពើប្លន់អ្នកលក់មាស និងដូរលុយពីរដង ដែលស្ថានភាពបែបនេះ វាបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន រិះគន់ ដល់អាជ្ញាធរដែនដី ជាពិសេសកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវថា អសមត្ថភាពមិនសក្តិសមជាសមត្ថកិច្ច ដែលធ្វើការការពារប្រជាពលរដ្ឋ និងឲ្យប្រជាពលរដ្ឋមានទំនុកចិត្តនោះទេ។ ដែលក្នុងចំណោមសមត្ថកិច្ចទាំងពីរប្រភេទ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ ត្រូវបានប្រជាពលរដ្ឋ រិះគន់ថា មិនមានសកម្មភាពអ្វីគួឲ្យកត់សម្គាល់នោះទេ ពោលក្រោមការដឹកនាំ របស់លោកឧត្តម សេនីយ៍ត្រី ឡា ឡៃ មេបញ្ជការកងរាជអាវុធហត្ថខេត្តតាកែវ ដែលកាន់តំណែងនេះ អស់រយៈពេលជិត ពីរទសវត្សរ៍មកហើយនោះ គឺសមត្ថកិច្ចកងរាជអាវុធហត្ថមួយចំនួន នាំគ្នាគិតតែរកស៊ីខុសច្បាប់ ក្នុង នោះ មានកាងឈើ និងដើរចាប់ទំនិញគេចពន្ធយកលុយតែប៉ុណ្ណោះ តែចំពោះការពារសុវត្ថិភាព ជូន ប្រជាពលរដ្ឋគឺសេរ៉ូតែម្ដង ។

ពាក់ព័ន្ធទៅនឹងការប្លន់ទូមាស ជាញឹកញាប់នៅក្នុងខេត្តតាកែវនេះ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវបានថ្លែងឲ្យដឹងថា បន្ទាប់ពីមានសកម្មភាពប្លន់នេះ កម្លាំងនគរបាលគ្រប់ ស្រុក បានចេញស្ទាក់គ្រប់ច្រកល្ហកតែក្រុមចោរ នៅតែអាចគេចខ្លួនបានក៏ប៉ុន្តែសមត្ថកិច្ចបានដឹងតម្រុយខ្លះហើយ ពីមុខសញ្ញាប្លន់នេះដោយយើងកំពុងតែធ្វើការស៊ើបអង្កេត ។

លោកស្នងការបានបន្តថា នៅថ្ងៃចន្ទទី១១ ខែសីហា មានកិច្ចប្រជុំនៅស្នងការដ្ឋាន ដើម្បីដាក់ផែនការដល់កម្លាំងសមត្ថកិច្ចទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវក្ដាប់ឲ្យបានរាល់មុខសញ្ញា ដែលកំពុងតែធ្វើសកម្មភាព នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានដល់ការចាប់ខ្លួនក្រុមខិលខូចទាំងអស់ នោះ ។

ដោយឡែកពាក់ព័ន្ធទៅនឹងការរិះគន់ របស់ប្រជាពលរដ្ឋមួយចំនួនថា កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ហាក់ដូចជា មិនបានបញ្ចេញសកម្មភាពអ្វីជាដុំកំភួននោះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នក នាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងឲ្យដឹងថា ជារៀងរាល់ខែ យើងតែងតែបានធ្វើការ ប្រជុំជាមួយនឹងមេបញ្ជាការកងរាជអាវុធហត្ថ គ្រប់ខេត្ត-ក្រុង ដើម្បីដាក់ផែនការ ពង្រឹង និងការពារជូន ប្រជាពលរដ្ឋ ដោយក្នុងនោះយើងបានណែនាំឲ្យមន្រ្តីទាំងអស់ ត្រូវតែឃ្លាំមើលគ្រប់មុខសញ្ញា របស់ ជនល្មើសដែលបានធ្វើសកម្មភាព ក៏ប៉ុន្តែគ្រប់ការងាររបស់សមត្ថកិច្ច តែងតែមានចន្លោះប្រហោងខ្លះ ដូច្នោះវាអាចធ្វើឲ្យជនល្មើសឆ្លៀតឱកាស ធ្វើសកម្មភាពបង្កហេតុបាន ។

លោក ខេង ទីតូ បានបន្ថែមថា ទោះបីជាយ៉ាងណារាល់កិច្ចការទាំងអស់ អាចអនុវត្តឲ្យមានភាពជោគ ជ័យបាន គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ដោយក្នុងនោះគឺទាមទារ ឲ្យប្រជាពលរដ្ឋជួយរាយការណ៍ ពីជនសង្ស័យក្នុងភូមិ ឃុំ របស់ខ្លួន ប្រាប់ឲ្យសមត្ថកិច្ចបានដឹង ដើម្បីឈានដល់ការចាប់ខ្លួនជនសង្ស័យ ដូច្នោះបើមិនមានការចូលរួម ពីប្រជាពលរដ្ឋនោះទេ គឺសមត្ថកិច្ចមិនងាយនឹងបង្រ្កាបពួក ក្រុមជនល្មើសបានដោយងាយនោះទេ ម្យ៉ាងទៀត កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ មិនមានចំនួនច្រើននោះឡើយ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>