រតនគិរីៈ រថយន្តលុច្សស៊ីស ៤៧០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2N-0225 ដឹកឈើគ្រញូងជាច្រើន ដុំត្រូវបានកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលសេដ្ឋកិច្ចបើកប្រតិបត្តិការ ដេញតាមចាប់តាំងពី ទីរួម ស្រុកបរកែវ រហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ។ យុទ្ធនាការចាប់រថយន្តដឹកឈើគ្រញូងនេះដែល គឺអនុវត្តតាមបទបញ្ជា របស់លោក លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរី ។
បើតាមសមត្ថកិច្ច ដែលចុះប្រតិបត្តិការនេះ ប្រាប់ឲ្យដឹងថា រថយន្តលុច្សស៊ីស ជាកម្មសិទ្ធិរបស់លោក វរសេនីយ៍ត្រី គង់ ចិន្តា មានតួនាទីជាអនុប្រធានអង្គភាព នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរ យ៉ាដាវ ។
សមត្ថកិច្ចខាងលើប្រាប់បន្តទៀតថា ខណៈដែលរថយន្តកំពុងធ្វើដំណើរ តាមផ្លូវជាតិលេខ៧៨ ឆ្ពោះទៅ ប្រទេសវៀតណាម សមត្ថកិច្ចប្រចាំការ តាមដងផ្លូវជាតិមានការសង្ស័យដឹកបទល្មើស ហៅឲ្យឈប់ត្រួត ពិនិត្យ ប៉ុន្តែអ្នកបើកក្នុងនោះ ម្ចាស់រថយន្តអង្គុយអែបស្តាំដៃ ពោលក្នុងរថយន្ត មានអ្នកបើកម្នាក់ និង ម្ចាស់រថយន្តអង្គុយអែបបន្ថែមល្បឿន បើករត់ប្រុងឆ្លងទៅវៀតណាម តែដោយសារសមត្ថកិច្ច ច្រកទ្វារ បិទប៉ារ៉ាស់ជាប់ ក៏បង្ខំចិត្តបើកទៅសង្ងំលាក់ទុក លើទួលកន្លែងស្នាក់ការគយ ។ ប្រមាណ ២០នាទី ទើប កម្លាំងសមត្ថកិច្ចនាំរថយន្តផ្ទុកបទល្មើស និងម្ចាស់រថយន្តផងចុះមកក្រោមវិញ ។
សមត្ថកិច្ចបញ្ជាក់ឲ្យដឹងទៀតថា ដោយទទួលបទបញ្ជារបស់ព្រះរាជអាជ្ញា ឲ្យនាំរថយន្តផ្ទុកបទល្មើស និងម្ចាស់រថយន្តមកខណ្ឌ រដ្ឋបាលព្រៃឈើ ដោយសន្តិវិធីផងនោះ ក៏កម្លាំង ហៅម្ចាស់រថយន្ត ដោយ សម្រួលឲ្យធ្វើដំណើរមកជាមួយ ប៉ុន្តែម្ចាស់រថយន្តដឹងខ្លួនថា ខុសច្បាប់ធ្ងន់ធ្ងរ ព្រោះខ្លួនគាត់ដឹកឈើ គ្រញូងឆ្លងប្រទេស ក៏រត់គេចខ្លួនបាត់តែម្តង បន្សល់ទុកកូនចៅរបស់គាត់រួមមាន ទី១ ឈ្មោះ ជុំ ស៊ីថា ទី២ ឈ្មោះ ជុំ សុខុំ (ទាំង២នាក់នេះ ជាអ្នកធានាអះអាងមិនឲ្យសមត្ថកិច្ចនាំមេគាត់មកខេត្ត ពោលគឺគាត់ឲ្យធ្វើកំណត់ហេតុ ត្រឹមត្រូវនៅអង្គភាពសិន) ។ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នេះដែរ សមត្ថកិច្ចបាននាំរថយន្តផ្ទុកឈើគ្រញូងជាច្រើនដុំ រួមនឹងមន្ត្រីនគរបាលពីរនាក់ខាងលើ មកខណ្ឌរដ្ឋបាលព្រៃឈើចាត់ចែងតាមច្បាប់ ។
មជ្ឈដ្ឋានមហាជន និងប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរីមានមតិស្រដៀងគ្នាថា ឈ្មួញរកស៊ីឈើគ្រញូង និង ឈើប្រណីតសព្វថ្ងៃនេះភាគច្រើន គឺកម្លាំងសមត្ថកិច្ចតែម្តង ៕