Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តវ៉ាឲ្យអ្នកនាំពាក្យ ទូតវៀតណាម ទទួលស្គាល់ការពិត ប្រវត្តិសាស្រ្ត បរាជ័យជាលើកទី៣

$
0
0

-វៀតណាម បង្ហាញភាពអើតក្រទម បំភ្លេចសច្ចភាព ប្រវត្តិសាស្រ្ត និង គុណបំណាច់របស់កម្ពុជា

ភ្នំពេញ ៖ ការជួបជុំតវ៉ាជាលើកទី៣ របស់ព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនទាំងខ្មែរកម្ពុជាក្រោម និង ខ្មែរលើ ទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា លោក ត្រឹង វ៉ាន់ថុង ទទួលស្គាល់ ការពិតប្រវត្តិសាស្រ្ត នៃទឹកដីខ្មែរក្រោម និងសុំទោសជាសាធារណៈ នូវពាក្យសម្តីរបស់ខ្លួន ដែលបាន និយាយកាឡៃ ប្រវត្តិសាស្រ្តពិត មិនទទួលបានជោគជ័យនោះទេ ពោលស្ថានទូតវៀតណាម មិនខ្វាយ ខ្វល់នឹងការតវ៉ានេះឡើយ ។

ការតវ៉ានៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ម្សិលមិញ បានធ្វើឡើងជាពីរគោលដៅ ដោយមួយក្រុម នាំគ្នាឈរតវ៉ាលើកបដាទាមទារ នៅមុខស្ថានទូតវៀតណាម និងមួយក្រុមទៀត ជួបជុំគ្នានៅលើទីលាន ប្រជាធិបតេយ្យ ដោយមានការលើកបដាទាមទារ និងថ្លែងសារផ្សេងៗ រិះគន់ និងថ្កោលទោស ទៅអ្នក នាំពាក្យស្ថានទូតវៀតណាម ។

លុះថ្ងៃបន្តិចក្រុមអ្នកតវ៉ា បាននាំគ្នាដង្ហែក្បួន ចេញពីទីលានប្រជាធិបតេយ្យ មកជុំគ្នានៅមុខស្ថានទូត វៀតណាម ធ្វើការតវ៉ារហូតដល់ពេលល្ងាច ដើម្បីបំបែកជួរគ្នា ។ ការតវ៉ាមិនបានជោគជ័យ នៅព្រឹកថ្ងៃ ទី១១ ខែសីហា ក្រុមអ្នកតវ៉ាបានអះអាងថា ពួកគេនឹងធ្វើការតវ៉ាជាថ្មីទៀត នៅព្រឹកថ្ងៃទី១២ ខែសីហា នេះ ។

សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ បានប្រកាសថា ពួកគេនឹងដឹកនាំ ធ្វើបាតុកម្មប្រឆាំងអ្នកនាំពាក្យស្ថានទូតវៀតណាម នៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១១-១៣ ខែ សីហា ឆ្នាំ២០១៤ ដើម្បីទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាម លោក ត្រឹង វ៉ាន់ថុង សូមទោសជា សាធារណៈ នូវការនិយាយថា ទឹកដីវៀតណាមភាគខាងត្បូងបច្ចុប្បន្ន មិនមែនជាដែនដីប្រវត្តិសាស្រ្ត ខ្មែរកម្ពុជាក្រោម ។

ការតវ៉ាបែបនេះត្រូវបានធ្វើឡើងចំនួន ២ដងរួចមកហើយ តែមន្រ្តីស្ថានទូតវៀតណាម បានបង្ហាញនូវ ភាពក្រអើតក្រទមរបស់ខ្លួន មិនព្រមទទួលធ្វើតាមការទាមទារនោះឡើយ។ កុំថាឡើយ ការសុំទោស ស្ថានទូតវៀតណាម បានសម្តែងការបញ្ឈឺកាន់តែខ្លាំងថែមទៀត ទៅលើក្រុមអ្នកតវ៉ា តាមរយៈការមិន ទទួលញត្តិរបស់អ្នកតវ៉ា ដែលដង្ហែទៅកាន់ស្ថានទូតរបស់ខ្លួនកាលពីកន្លងទៅ ។ទង្វើរបស់ស្ថានទូតវៀត ណាម កំពុងតែដុតកំដៅ នៃកំហឹងរបស់អ្នកតវ៉ា នៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែក្តៅខ្លាំងឡើងៗ ។

កាយវិការរបស់មន្រ្តីស្ថានទូតវៀតណាម នាពេលបច្ចុប្បន្ននេះ បាននិងកំពុងបង្ហាញនូវភាពក្រអើតក្រទម យ៉ាងខ្លាំង មកលើប្រជាជន និងប្រទេសកម្ពុជា ក្នុងនាមខ្លួនជាប្រទេស ដែលមានការរីកចម្រើនជឿន លឿនជាងកម្ពុជា ព្រមទាំងយោងទៅលើប្រវត្តិសាស្រ្តថា ពួកគេបានជួយកម្ពុជា ចេញពីរបបអាវខ្មៅ ប្រល័យពូជសាស្រ្តប៉ុលពត។តែការជួយនេះវៀតណាមខ្លួនឯងដឹងច្បាស់ថា ខ្លួនក៏ទទួលបានប្រយោជន៍ អ្វីនោះដែរ ។

វៀតណាម មិនត្រូវបំភ្លេចគុណបំណាច់ របស់ខ្មែរនោះទេ អំឡុងប្រទេសវៀតណាម ធ្វើសង្រ្គាម ជាមួយ សហរដ្ឋអាម៉េរិក កម្ពុជា ដែលមានសម្តេច នរោត្តម សីហនុ ជាប្រមុខរដ្ឋ បានជួយជ្រោមជ្រែងវៀត ណាមយ៉ាងខ្លាំង ក្នុងការផ្គត់ផ្គង់ស្បៀង និងជំនួយផ្សេងៗទៀត រហូតទទួលបានជ័យជម្នះ លើយោធា អាម៉េរិក និងកាន់កាប់ទាំងស្រុង លើដែនដីភាគខាងត្បូងមួយនេះ។ កាន់តែពិសេសទៀត រាជរដ្ឋាភិបាល កម្ពុជា នាពេលបច្ចុប្បន្ន បាន និងកំពុងផ្តល់ជម្រកជ្រកកោនដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ឲ្យរស់នៅ និងប្រកបរបរដោយសុខសាន្ត។

វាប្រហែលជាមិនធ្ងន់ធ្ងរនោះទេ ត្រឹមពាក្យទទួលស្គាល់នូវប្រវត្តិសាស្រ្តពិត នៃទឹកដីខ្មែរកម្ពុជា តាមការ ទាមទាររបស់អ្នកតវ៉ា។ ការរំលោភបំពានយកទឹកដី និងការជិះជាន់ធ្វើទុក្ខលើប្រជាពលរដ្ឋខ្មែរក្រោម បានបន្សល់ភាពឈឺចាប់ខ្លាំងណាស់ទៅហើយ សម្រាប់ពលរដ្ឋខ្មែរ លើដែនដីកម្ពុជាក្រោម។ ទង្វើរបស់ វៀតណាម នាពេលនេះ គឺកំពុងបញ្ឈឺឲ្យពលរដ្ឋខ្មែរលើ និងខ្មែរក្រោម កាន់តែឈឺខ្លាំងថែមទៀត។

ការបញ្ឈឺរបស់ស្ថានទូតវៀតណាម វាមិនអាចរំងាប់អារម្មណ៍ នៃការឈឺចាប់បានឡើយ បើលោក ត្រឹង វ៉ាន់ថុង បន្តបញ្ឈឺវាមានតែបង្កឲ្យអារម្មណ៍អាវិជ្ជមាន និងការចងគំនុំរបស់ប្រជាពលរដ្ឋកាន់តែពុះ កញ្ជ្រោលថែមទៀត ។

សំណេរប្រវត្តិសាស្រ្តរបស់អ្នកនិពន្ធជាច្រើន លើពិភពលោក បានកត់ត្រាយ៉ាងច្បាស់ថា ទឹកដីភាគខាង ត្បូងរបស់ប្រទេសវៀតណាម ប្រមាណ ២១ ខេត្ត-ក្រុង នាពេលបច្ចុប្បន្ននេះ គឺបានមកពីការកាត់ទៅឲ្យ របស់រដ្ឋាភិបាលបារាំង ពេលដាក់អាណានិគមលើប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយគ្មានការព្រមព្រៀងពីខ្មែរ ដែលជាម្ចាស់ស្រុកនោះឡើយ។ ផ្ទៃដី ដែលកាត់ចេញនេះ មានទំហំ ជាង ៦៨ពាន់គីឡូ ម៉ែត្រក្រឡា (៦៨.៩៦៥ គីឡូម៉េត្រក្រឡា) ។

តឹកតាងបញ្ជាក់យ៉ាងច្បាស់ទៀតនោះ នាពេលបច្ចុប្បន្នលើទឹកដីទាំងនេះ មានប្រជាពលរដ្ឋរាប់សិបម៉ឺន នាក់ ព្រះសង្ឃរាប់ម៉ឺនអង្គ ទីអារាមរាប់រយ កំពុងមានវត្តមាន ជាវប្បធម៌ដ៏សម្បូរបែប របស់ខ្មែរជាច្រើន ផ្សេងទៀត ។

កំណត់ត្រាប្រវត្តិសាស្រ្តរបស់ខ្មែរកម្ពុជា បានបញ្ជាក់ថា វៀតណាម បានព្យាយាមធ្វើទុកបុកម្និញ សព្វ បែបយ៉ាងលើ ប្រជាពលរដ្ឋខ្មែរក្រោម តាមរយៈការកាប់សម្លាប់អ្នកតស៊ូខ្មែរក្រោមជាច្រើននាក់ ក្នុង បំណងលុបបំបាត់ឲ្យអស់នូវវប្បធម៌ខ្មែរលើដែនដីភាគខាងត្បូង ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>