ភ្នំពេញ : រថយន្តចំណុះ ៣តោនមួយគ្រឿង ដឹកចំណីសត្វពេញ បានក្រឡាប់កណ្តាលផ្លូវ នៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃត្រង់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤នេះ នៅ ខាងមុខក្លោងទ្វារចូលវត្តជ្រោយអំពិល តាមផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកចំណីសត្វរបស់ក្រុមហ៊ុន លី ហុងឆាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2307 បើកបរដោយបុរស ឈ្មោះ នៅ ពៅ អាយុ ៣៥ឆ្នាំ ស្នាក់ក្នុងក្រុមហ៊ុន ស្ថិតនៅសង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
អ្នកឃើញហេតុការណ៍ ដ៏គួរឲ្យញាក់សាច់នេះ បាននិយាយថា នៅមុនពេលកើតហេតុ រថយន្តធ្វើដំណើរ ក្នុងទិសដៅ ពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ រថយន្តបើកប្រជែងរថយន្តដែលនៅខាងមុខ ហើយចាក់គួខ្លាំងពេក បណ្តាលឲ្យរថយន្តផ្អៀងក្រឡាប់បះជើង អូសនៅថ្នល់ប្រមាណជាង៣០ម៉ែត្រ បណ្តាលឲ្យរថយន្ត ត្រឡប់បែរក្បាលមកទិសខាងលិចវិញ បែកកញ្ចក់មុខ តែមិនបណ្តាលឲ្យគ្រោះ ថ្នាក់ដល់នរណាម្នាក់ឡើយ ។
អ្នកបើកបររថយន្តបានឲ្យដឹងថា ខ្លួនដឹកចំណីសត្វ ពីក្រុមហ៊ុនលីហុងឆាយ ដែលមានទីតាំង នៅព្រែក ព្នៅ ដើម្បីយកផ្ទេរដាក់រថយន្តផ្សេងទៀត នៅម្តុំវត្តចំប៉ា ដែលប្រមាណ១គីឡូម៉ែត្រ ពីចំណុចកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដោះស្រាយ ដើម្បីសម្រួលចរាចរ កុំឲ្យកកស្ទះ និងឲ្យអ្នកបើក បរហៅរថយន្តមក ស្ទូចរថយន្តទៅជួសជុលដោយខ្លួនឯង ដោយហេតុថា ក្នុងករណីគ្រោះថ្នាក់ក្រឡាប់ រថយន្តនេះ មិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ឬសម្បត្តិអ្នកដទៃ នោះទេ ៕