- ការវះកាត់ដូរក្រលៀន ធ្វើឡើងដោយព្រមព្រៀងគ្នា គោលដៅមនុស្សធម៌ និងពង្រឹងសមត្ថភាព ផ្នែកវះកាត់ របស់គ្រូពេទ្យខ្មែរ
- ជនជាតិវៀតណាមជាង ១០គូ បានដឹកដៃគ្នា មកវះកាត់ដូរក្រលៀន នៅមន្ទីរពេទ្យព្រះកេតុមាលា
ភ្នំពេញ៖ សំណុំរឿង ការវះកាត់ ដូរក្រលៀន និងជួញដូរក្រលៀន ដែលធ្វើឱ្យ មានការ ចាប់អារម្មណ៍ ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ នៅក្នុង ប្រទេសកម្ពុជា ជាពិសេស ជាប់ពាក់ព័ន្ធ នឹងនាយកមន្ទីរពេទ្យ អនុប្រធានមន្ទីរពេទ្យ ព្រមទាំង វេជ្ជបណ្ឌិត ជនជាតិចិន នៅមន្ទីរពេទ្យ ព្រះកេតុមាលា ហៅពេទ្យធំ ឬពេទ្យ ១៧៩នោះ ឥឡូវនេះ ត្រូវបានលាត ត្រដាង ពីមន្រ្តីនគរបាលជំនាញ ថា ករណីវះ ដូរយក ក្រលៀន នៅក្នុងមន្ទីរពេទ្យមួយនេះ មិនមែនជារឿង ខុសច្បាប់នោះឡើយ ពោលជា ការយល់ព្រម រវាងអ្នកផ្តល់ និងអ្នកទទួល ហើយដើម្បីអភិវឌ្ឍន៍ បច្ចេកទេសវិទ្យាសាស្រ្ត ពោលជា ការពង្រឹង សមត្ថភាព របស់ក្រុមគ្រូពេទ្យកម្ពុជា លើកការវះកាត់ ដូរយកក្រលៀន ជាមួយគ្រូពេទ្យ មកពីប្រទេសចិន។
ការបញ្ជាក់ហេតុផល ដែលធ្វើឡើង នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ក្រោមវត្តមានស្នងការរង នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ព្រំ សន្ធរ និងលោក កែវ ធា នាយការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ក្រោយពីមនុស្ស៧នាក់ រួមមាន នាយកមន្ទីរពេទ្យ ព្រះកេតុមាលា លោកឧត្តមសេនីយ៍ឯក លី សុវណ្ណ អនុប្រធានមន្ទីរពេទ្យ លោកឧត្តមសេនីយ៍ទោ កែវ តារាវុធ វេជ្ជបណ្ឌិត ជនជាតិចិន អ្នកបក ប្រែជនជាតិខ្មែរ និងជនជាតិវៀតណាម ស្រីប្រុស៣នាក់ទៀត ត្រូវបានសាលា ដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង ឱ្យមានសេរីភាព បន្ទាប់ពីឃាត់ខ្លួន យកទៅសួរនាំ កាលពី២ថ្ងៃមុន ។
ក្នុងសន្និសីទកាសែត លោក ព្រំ សន្ធរ បានបញ្ជាក់ថា "ការវះដូរក្រលៀន ធ្វើឡើងដើម្បី អភិវឌ្ឍន៍ បច្ចេកទេស វិទ្យាសាស្រ្ត និងដើម្បី ជួយជនរងគ្រោះ នាពេលអនាគត ព្រមទាំងតាមផ្លូវមនុស្សធម៌" ។
លោកឧត្តមសេនីយ៍ បានបន្តថា ក្រោយពីចុះធ្វើការស្រាវជ្រាវ រួចមក និងតាមរយៈការ ទទួលព័ត៌មាន ព្រមទាំងការបង្ហាញហេតុផល ពីសំណាក់ នាយកមន្ទីរពេទ្យ អនុប្រធានមន្ទីរពេទ្យ និងវេជ្ជបណ្ឌិត ជនជាតិចិននោះ អ្នកដែលទៅវះដូរក្រលៀន ធ្វើឡើងដោយ ព្រមព្រៀងគ្នា ស្ម័គ្រចិត្ត ហើយតម្លៃនៃ ការវះកាត់គឺអាស្រ័យ លើមន្ទីរពេទ្យ ជាអ្នកគិត ។
លោកព្រំ សន្ធ បានសង្កត់ធ្ងន់ថា ការវះកាត់ដូរក្រលៀននេះ មិនមែនធ្វើឡើង ដោយការកេងប្រវ័ញ នឹងការបោកបញ្ឆោត អ្នកដែលត្រូវផ្តល់ក្រលៀន នោះឡើយ ពោលអ្នកផ្តល់ និងអ្នកទទួល បានទៅជួបគ្រូពេទ្យចិន ហើយវះកាត់ប្តូរក្រលៀន នៅទីនោះ តែម្តង ។ បើតាមស្នងការរង នគរបាលរូបនេះ ចាប់តាំងពីដើមឆ្នាំ២០១៤ រហូតមក ដល់ពេលនេះ មានអ្នកមកវះកាត់ ដូរក្រលៀន ជា១០គូ ហើយក្នុងនោះ ជាជនជាតិ វៀតណាម មិនមានជនជាតិខ្មែរ នោះឡើយ ។
លោកឧត្តមសេនីយ៍ បានប្រៀបធៀប ពីករណីវះដូរក្រលៀនលើកនេះ និងករណីជួញដូរ ក្រលៀនលើកមុន ដែលត្រូវបានកម្លាំង សមត្ថកិច្ចរបស់លោក ចាប់ខ្លួនបញ្ជូនទៅ កាន់តុលាការនោះ ជាការខុសគ្នាពោល ករណីមុន កើតឡើងដោយ មានពាក្យបណ្តឹងរបស់ជនរងគ្រោះ និងក្លែងឯកសារ ព្រមទាំង បោកបញ្ឆោត ជនគ្រោះដើម្បីវះយកក្រលៀន ហើយយកទៅលក់បន្ត ។
សូមបញ្ជាក់ថា មនុស្ស៧នាក់ ត្រូវកម្លាំងនគរបាល ការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ចាប់ខ្លួន យកទៅសួរនាំ ក្រោយពីទទួលបានព័ត៌មាន នៃការវះកាត់ និងជួញដូរក្រលៀន នៅមន្ទីរពេទ្យព្រះកេតុមាលា ដែលធ្វើឱ្យមានការចាប់ អារម្មណ៍យ៉ាងខ្លាំង ព្រោះតែ មនុស្សទាំង៧នាក់នោះ រួមមាន ទាំងនាយកមន្ទីរពេទ្យ ជាមន្រ្តីយោធាពាក់ផ្កាយ៣ អនុប្រធានមន្ទីរពេទ្យ ពាក់ផ្កាយពីរ ទៀតផង ។
ករណីនេះ ក៏មានការបង្ហាញវត្តមាន ចុះទៅពិនិត្យផ្ទាល់ផងដែរ ពីសំណាក់នាយកឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅកន្លែងវះកាត់ ក្នុងមន្ទីរពេទ្យព្រះកេតុមាលា ៕
លោកឧត្តមសេនីយ៍ ព្រំ សន្ធរ ស្នងការរងនគរបាល រាជធានីភ្នំពេញ
លោក កែវ ធា នាយការិយាល័យ ប្រឆាំងការជួួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ