ភ្នំពេញ ៖ បុរស ៣នាក់ បានឈ្លក់ទឹកស្លាប់ ក្នុងរថយន្តភ្លាមៗ ក្រោយពីបើករថយន្ត រេចង្កូតធ្លាក់ចូលទឹកប្រឡាយ ពេលកំពុងបើកមើលទេសភាព កាលពីវេលាម៉ោង ៣៖៤០នាទី រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
មន្រ្តីនគរបាល ប៉ុស្តិ៍ច្បារអំពៅ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ៥នាក់ បើកនិងជិះរថយន្ត ១បាំងកន្លះមួយគ្រឿង ពាក់ស្លាកលេខ គ០៨៨៧ភព២ តាមបណ្តោយផ្លូវលំ ក្នុងភូមិសាស្រ្តខាងលើ ស្រាប់តែរេចង្កូតធ្លាក់ចូលប្រឡាយ បណ្តាលឱ្យអ្នកបើកបរ និងអ្នកជិះក្នុងកាប៊ីន ជាមួយទាំង ៣នាក់ ឈ្លក់ទឹកស្លាប់ភ្លាមៗតែម្តង ។ ដោយឡែកស្រ្តី និងបុរសម្នាក់ទៀត ដែលជិះនៅពីក្រោយ រួចផុតពីសេចក្តីស្លាប់ ពីព្រោះហក់ចេញពីរថយន្តទាន់ ។
មន្រ្តីនគរបាលមូលដ្ឋាន បានបន្តទៀតថា ក្រោយការសួរនាំ អ្នកបើករថយន្តចេះស្ទើរ ហើយមុនដំបូងជនរងគ្រោះម្នាក់ទៀតជាអ្នកបើក លុះពេលឈប់រថយន្ត ក៏ជនរងគ្រោះដែលចេះបើកស្ទើរ បានចូលមកបើក ក៏ជួបគ្រោះថ្នាក់តែម្តងទៅ ។
បើតាមមន្រ្តីនគរបាលមូលដ្ឋាន ចុះទៅពិនិត្យនៅកន្លែងកើតហេតុនោះ បាននិយាយថា ជនរងគ្រោះទី១ ឈ្មោះ ជុំ អឿន អាយុ៦៥ឆ្នាំ ទី២ឈ្មោះ សី អាយុ៣០ឆ្នាំ និងទី៣ ឈ្មោះ ឯម សារី អាយុជាង ៦០ឆ្នាំ ដែលជនរងគ្រោះទាំងនេះ មិនមែនជាម្ចាស់រថយន្តនោះឡើយ ពោលម្ចាស់រថយន្ត ឈ្មោះ ហេង ហាក់ឡុង ។
ជនរងគ្រោះដែល ស្លាប់ទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចប្រាប់ថា រស់នៅប្លុកបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ ៧មករា ពោលជាបុគ្គលិករបស់ក្រុមហ៊ុនឯកជន នៅទីនោះ ។ ក្រោយទទួលបានព័ត៌មាន នៃគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យសង្វែកនេះ កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ ដោយស្ទូចរថយន្ត និងទាញសពមកលើគោក ហើយប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕