ភ្នំពេញ ៖ មន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤នេះ បាន បញ្ជាក់ ប្រាប់ថា វីរុសអេបូទ្បា ឬហៅម្យ៉ាងទៀតថា ជំងឺគ្រុនឈាម នៅអាហ្រ្វិកខាងលិច មិនទាន់លេចរូបរាងចេញនៅទ្បើយនោះទេ នៅប្រទេសកម្ពុជា ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋាន តាមដានជំងឺឆ្លង នៃក្រសួងសុខាភិបាល បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០១៤ នេះ ថា រហូតមក ទល់ពេល នេះ ប្រជាជនកម្ពុជា នៅមិនទាន់មានអ្នកឆ្លងជំងឺ អេបូឡានេះនៅឡើយទេ ។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា “ជំងឺអេបូទ្បានេះ មិនទាន់មានការ រីករាលដាល តាមបណ្ដាប្រទេស ផ្សេងៗទៀត នៅទ្បើយទេ ក្រៅពីប្រទេសចំនួន៤ ដែលបានឆ្លងរួចមកហើយនោះ”។
សូមបញ្ជាក់ថា ជំងឺអេបូទ្បានេះ ជាជំងឺមួយប្រភេទ ដែលកើតនៅលើមនុស្ស និងសត្វ ដូចជា សត្វស្វា ស្វាឪ និងសត្វជ្រឹងជាដើម ។ ជំងឺនេះ ចាប់ផ្តើមរាតត្បាតដំបូងនៅឆ្នាំ១៩៧៦ នៅក្នុងភូមិមួយក្បែរទន្លេ អេបូទ្បា ប្រទេសកុងហ្គោ និងតំបន់ដាច់ស្រយាល ក្នុងប្រទេសស៊ូដង់។ ហើយជំងឺនេះ ឆ្លងមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ ជាមួយឈាមមនុស្ស ទឹក សរីរាង្គ និងសរីរាង្គសត្វ ជាពិសេស តាមរយៈ សត្វដែលស្លាប់ក្នុងព្រៃកា្រស់ ដែលផ្ទុកវីរុសអេបូទ្បានេះ ៕