ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិរបស់កូរ៉េ (KOICA) បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកព័ត៌មាន និង បច្ចេកទេសសារគមនាគមន៍ (Information and Communication Technology ឬICT) ដល់សិស្សសាលានៅកម្ពុជា។ ការចុះ អនុស្សារណៈនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ នាស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ក្នុងន័យគាំទ្រ ផែនការជាយុទ្ធ សាស្រ្តក្នុងវិស័យអប់រំរបស់កម្ពុជា។
ថ្លែងនៅក្នុងឱកាសនោះ លោកស្រី Rebecca Black ប្រធានទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា នៅ កម្ពុជាមានមនុស្សច្រើន ដែលស្ថិតក្នុងវ័យក្មេង ដោយប្រហែល ពាក់កណ្តាលនៃប្រជាជន ស្ថិតក្នុងអាយុក្រោម ២៥ឆ្នាំ។
លោកស្រីបន្តថា “ដោយមានប្រជាជនច្រើនស្ថិតនៅក្នុងវ័យក្មេង ដូច្នេះអ្នកផ្តល់ជំនួយអន្តរជាតិ គួរតែផ្តោតការវិនិយោគទៅ លើវិស័យអប់រំ។ កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យ ទីភ្នាក់ងារ USAID និងទីភ្នាក់ងារ KOICA ធ្វើការជាមួយគ្នាដើម្បីផ្តល់ការ បណ្តុះបណ្តាល ដ៏មានសារសំខាន់ ដល់សិស្សសាលានៅក្នុងខេត្តទាំងបី”។
ដោយឡែក យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាម៉េរិក បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យអ្នក ស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ KOICA ចុះទៅធ្វើការនៅតាមទីតាំងអប់រំ ដែលជួយដោយទីភ្នាក់ងារ USAID នៅខេត្តសៀមរាប, ក្រចេះ និងកំពង់ចាម។ អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ KOICA ដែលមានបទពិសោធន៍ផ្នែក ICT នឹងបង្រៀនជំនាញកុំព្យូទ័រ ដល់ សិស្សសាលា នៅក្នុងបន្ទប់កុំព្យូទ័រ ដែលជួយដោយទីភ្នាក់ងារ USAID។
កិច្ចព្រមព្រៀងនេះ ផ្តល់ក្របខណ្ឌមួយ សម្រាប់ឲ្យទីភ្នាក់ងារទាំងពីរ បន្តស្វែងយល់ពីឱកាស សម្រាប់ធ្វើសហប្រតិបត្តិការ ថែមទៀត ដើម្បីពង្រីកលទ្ធភាព ក្នុងការទទួលបានការសិក្សា ប្រកបដោយគុណភាពស្របតាមគោលដៅ និងអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងផែនការ ជាយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងវិស័យអប់រំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។
ទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជាមានកម្មវិធីមួយចំនួន ដែលគាំទ្រដល់កំណើនគុណភាព លទ្ធភាពទទួលបាន និងប្រយោជន៍ ទាក់ទងនៃការអប់រំជាមូលដ្ឋាន សម្រាប់យុវជនកម្ពុជា ដូចជា តាមរយៈការផ្តល់អាហារូបករណ៍ សម្រាប់យុវជន ដែលស្ថិតក្នុង ស្ថានភាពខ្សត់ខ្សោយ អំណោយ ថវិកាសម្រាប់កែលំអសាលារៀន, ការរៀបចំ និងការធ្វើតេស្តទៅលើកម្មវិធីសិក្សា ការបណ្តុះ បណ្តាលគ្រូបុគ្គលិក នៃអង្គការមិនមែនរដ្ឋាភិបាល និងមន្រ្តីរដ្ឋាភិបាល៕