កណ្តាល៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានអញ្ជើញចុះសំណេះ សំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយជូនដល់កុមារកំព្រានៅបូរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី និងកុមារកំព្រាមកពីមជ្ឈមណ្ឌលគៀនឃ្លាំង ស្ថិតនៅក្នុងភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមាណ ២០០នាក់។
ក្នុងអញ្ជើញសាកសួរសុខទុក្ខដល់កុមារកំព្រានាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤នេះ ក៏មានការអញ្ជើញចូល រួមពីសំណាក់អភិបាលរងខេត្តកណ្តាល លោកគ្រូ អ្នកគ្រូជាច្រើនអ្នកផងដែរ។
លោក រស់ សុខុន ប្រធានមណ្ឌលបូរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី បានរាយការណ៍ឲ្យដឹងថា មណ្ឌល បូរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី បានទទួលការគាំទ្រពីសំណាក់អង្គការដៃគូ។
ជាពិសេសទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់ថវិកាចំនួន ១លាន ៩សែន រៀលជារៀងរាល់ខែសម្រាប់សម្រួល ការលំបាករបស់កុមារកំព្រានៅក្នុងមណ្ឌល។
លោកបានបន្តទៀតថា បច្ចុប្បន្នកុមារកំព្រាស្នាក់នៅក្នុងមណ្ឌលមានចំនួន ៨៩នាក់ មានស្រី ៤៣នាក់ ដោយបានរៀននៅសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ និងសាលាបច្ចេកទេស។
លើសពីនេះកុមារទាំងអស់ទទួលបានការអប់រំពីថ្នាក់ដឹកនាំមណ្ឌល ១ខែម្តង ដើម្បីក្តាប់រាល់សំណូមពរ របស់ពួកគេពីការសិក្សាណែនាំឲ្យអនុវត្តឲ្យបានល្អនូវបទបញ្ជាផ្ទៃក្នុងរបស់មណ្ឌលទន្លាប់ខ្លួនជាកូនល្អ សិស្សល្អ និង ជួយផ្តល់កម្លាំងចិត្តដល់សិស្ស ដែលរៀនខ្សោយឲ្យខិតខំរៀនបន្ថែមទៀតនៅម៉ោង ២ដល់ម៉ោង៤ល្ងាច។
មានប្រសាសន៍នាឱកាសនោះ លោក វង សូត បាននូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ក្រសួងសង្គមកិច្ច មន្ទីរសង្គមកិច្ចខេត្តកណ្តាល អាជ្ញាធរដែនដី ជាពិសេសបុគ្គលិក មន្រ្តីរាជការ នៃបូរីកុមារ មិត្តភាពកម្ពុជា បារាំង ហុងគ្រី និងមជ្ឈមណ្ឌលកុមារកំព្រាគៀនឃ្លាំង ដែលបានយកចិត្តទុកដាក់មើលថែអស់ ពីកម្លាំងកាយចិត្ត ដល់ក្មួយៗ កុមារកំព្រា កុមាររងគ្រោះ និង ងាយរងគ្រោះ រហូតមកដល់សព្វថ្ងៃនេះ។
លោករដ្ឋមន្រ្តីបានបន្តទៀតថា ជាមួយនឹងការយកចិត្តទុកដាក់ខាងលើនេះ ក្រសួងសង្គមកិច្ច បានសហការ ជាមួយដៃគូអភិវឌ្ឍនានា ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋទីទ័លក្រ ងាយរងគ្រោះ ដើម្បីលើកកាលានុវត្តភាពការងារ កាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាជន ធ្វើឲ្យជីវភាព របស់ប្រជាជនកាន់តែប្រសើរ បន្ថែមទៀត ។
ដើម្បីគ្រប់គ្រង ផ្តល់សេវាដល់កុមារកំព្រា និងកុមារងាយរងគ្រោះឲ្យបានល្អ លោករដ្ឋមន្រ្តី បានសូមឲ្យម្ចាស់ ជំនួយ និងអង្គការដៃគូនានា ដែលផ្តល់សេវាលើវិស័យសុខុមាលភាពកុមារ ផ្តោតការយកចិត្តទុកដាក់លើការ ថែទាំកុមារជាលក្ខណៈគ្រួសារ និងសហគមន៍ ជាជាងយកកុមាររស់នៅក្នុងមណ្ឌល ដោយមិនចាំបាច់ ព្រោះតាម គោលនយោ បាយស្តីពីការថែទាំជំនួសចំពោះកុមារ ជាលក្ខណៈគ្រួសារជាជម្រើសល្អបំផុត ហើយការទុកដាក់ កុមារក្នុងមណ្ឌលជាជម្រើសចុងក្រោយ និងបណ្តោះអាសន្នតែប៉ុណ្ណោះ។
លោករដ្ឋមន្រ្តី សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាករបស់កុមារកំព្រា និង កុមារងាយរងគ្រោះទាំងឡាយក្នុងមូលដ្ឋានរបស់ខ្លួន ប្រឹងប្រែងធ្វើយ៉ាងណាឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យពួកគេ បានរស់នៅក្នុងគ្រួសារ និង សហគមន៍ មុននឹងសម្រេចចិត្តនាំកុមាររងគ្រោះទាំងនោះទៅ ដាក់ក្នុងមណ្ឌល និងសូមឲ្យមាតាបិតា មេត្តាយកចិត្តទុកដាក់ថែទាំកូនៗរបស់ខ្លួនឲ្យបានល្អ កុំបោះបង់កុមារចោល និងខិតខំអប់រំ ប្រៀនប្រដៅ កូនៗ ចៀសឲ្យផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អនាពេល អនាគត និងផ្តាំផ្ញើដល់ក្មួយៗកុមារទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពវិន័យ ស្តាប់បង្គាប់ឳពុកម្តាយ លោកគ្រូ អ្នកគ្រូ ចេះស្រលាញ់ និងជួយទុក្ខធុរៈគ្នាទៅវិញទៅមក ខិតខំកសាងខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ។
ឆ្លៀតក្នុងឱកាសនោះ លោក វង សូត បាននាំអំណោយ និងថវិកាមួយចំនួន ជូនដល់កុមារកំព្រាផងដែរ។ រួមមាន៖ កុមារកំព្រាសរុបចំនួន ១៣៩ នាក់ ដោយម្នាក់ៗទទួលបានខោអាវសិស្ស ១កំប្លេ, សម្ភារៈសិក្សា, សម្ភារៈប្រើប្រាស់, និងថវិកា១ម៉ឺនរៀល, លោកគ្រូអ្នកគ្រូ ១៥នាក់ ម្នាក់ៗទទួលបានថវិកា ៣ម៉ឺនរៀល, ក្រុមប្រឹក្សាឃុំ៣នាក់ ម្នាក់ៗបានថវិកា ១០ម៉ឺនរៀល ។
ចំណែកមណ្ឌលបូរីកុមារមិត្តកម្ពុជា បារាំង ហុងគ្រី ទទួលបានអង្ករ ៣០០ គ.ក, សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ, គ្រឿងឧបភោគបរិភោគ និងថវិកា ៣លានរៀល, មណ្ឌលកុមារកំព្រាគៀនឃ្លាំងទទួលបានអង្ករ ២០០ គ.ក, ថវិកា ២លានរៀល និងអំណោយដូចមណ្ឌលខាងលើ ៕