Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពលរដ្ឋខ្មែរ ៤នាក់ស្លាប់ និងរងរបួស ក្នុងហេតុការណ៍ រលំអគារនៅថៃ

$
0
0

ភ្នំពេញ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងថា ពលរដ្ឋខ្មែរ ៣នាក់ បានស្លាប់ និង ១នាក់ទៀត បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍បាក់រលំអគារកម្ពស់ ៦ជាន់ នៅក្នុងខេត្ត ប៉ាទុមថានី ប្រទេសថៃ ខណៈមន្រ្តីស្ថានទូត និងអគ្គកុងស៊ុលខ្មែរនៅប្រទេសថៃ កំពុងរៀបចំសំណុំរឿងប្តឹងមេការសំណង់ទាមទារសំណងជូនពលករខ្មែរ ដែលរងគ្រោះ។

លោក កុយ គួង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤នេះថា  ពលរដ្ឋខ្មែរ ដែលស្លាប់ក្នុងហេតុការណ៍រលំអគារនេះ រួមមាន៖ ១.ឈ្មោះ អ៉ឹម ភឿ អាយុ ២៧ឆ្នាំ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង, ២. ឈ្មោះ អ៊ុយ អាយុ ២៧ មានស្រុកកំណើតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ៣.  ឈ្មោះ យ៉ាង ហេង អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយអន្ធរខេត្តព្រៃវែង។ ដោយឡែកអ្នករងរបួសមាន ឈ្មោះ ឈឹម ចាន់ អាយុ ៦០ឆ្នាំ មានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្តាល។

លោក កុយ គួង បានថ្លែងឲ្យដឹងទៀតថា អគារ ដែលបានដួលរលំនោះ មានពលករខ្មែរបម្រើការងាររហូតដល់ទៅ  ៣០នាក់។ ក្រោយហេតុការណ៍ដួលរលំអគារ មន្រ្តីស្ថាតទូត និងអគ្គកុងស៊ុលខ្មែរប្រចាំនៅប្រទេសថៃ កំពុងរៀបចំ  និងកសាងសំណុំរឿងប្តឹងមេការសាងសង់ ទាមទារសំណងជូនពលករខ្មែរដែលរងគ្រោះ។

លោក កុយ គួង បានបន្តឲ្យដឹងទៀតថា មន្រ្តីក្រសួងការបរទេសកម្ពុជា ក៏បាននិងកំពុងទាក់ទងទៅក្រុមគ្រួសារ សព ដើម្បីសួរនាំពួកគាត់ថា ត្រូវដឹកជញ្ជូនសពត្រឡប់មកវិញ ឬត្រូវបូជានៅប្រទេសថៃ ហើយយកធាតុត្រឡប់មក  ស្រុកកំណើត។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១១ ខែសីហា ម្សិលមិញ អគារខុនដូកម្ពស់៦ជាន់មួយកន្លែងស្ថិតនៅក្នុងប៉ាទុម  ថានី ប្រទេសថៃ បានដួលរលំ ខណៈកំពុងដំណើរការសាងសង់នៅជាន់លើបង្អស់។

យោងតាមបណ្តាញព័ត៌មានពីប្រទេសថៃ បានឲ្យដឹងថា ការដួលរលំអគារ បានបណ្តាលឲ្យកម្មករ ដែលមានទាំង ជនជាតិថៃ ខ្មែរ និងមីយ៉ាន់ម៉ា រងរបួសរហូតដល់ ២៤នាក់។

បណ្តាញព័ត៌មានរបស់ថៃ ក៏បានឲ្យដឹងផងដែរថា ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនភ្លាមៗ ទៅសង្រ្គោះនៅតាម  មន្ទីរពេទ្យ ខណៈក្រុមសមត្ថកិច្ចជំនាញជួយសង្រ្គោះជីវិតកម្មករចេញពីគំនរអគារ៕

 


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>