មូស្គូ៖ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក ឌីមីទ្រី មេដវ៉េដដេវ បាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីត្រៀមខ្លួនរួចស្រេចហើយ ក្នុងការចាប់ផ្តើមពិភាក្សា ជាមួយមេដឹកនាំថ្មី របស់ប្រទេស ហ្សកហ្ស៊ី ក្នុងលក្ខខណ្ឌពិតប្រាកដមួយ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ រាយការណ៍ថា លោក មេដវ៉េដដេវ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ ជាមួយសារព័ត៌មានសេដ្ឋកិច្ចមួយថា «រដ្ឋាភិបាលទីក្រុង មូស្គូបានសម្លឹងឃើញ ការបន្តទំនាក់ទំនងជាមួយនឹង រដ្ឋាភិបាលក្រុងប៊ីលីស៊ី ប្រសិនបើហ្សកហ្ស៊ី ទទួលស្គាល់បូរណភាពដែនដី ចំពោះខេត្តដែលផ្តាច់ ចេញរួមមានខេត្ត អាប់ខាសៀ និងអូសិតធាភាគខាងត្បូង»។
ដោយឡែកប្រទេស ហ្សកហ្ស៊ីវិញ បានរឹតត្បិតទំនាក់ទំនងផ្នែកការទូតជាមួយនឹងរុស្ស៊ី ចាប់តំាងពីមានជម្លោះ ប្រដាប់មួយបានកើតឡើង កាលពីឆ្នាំ២០០៨ នៅ អូស៊ីទីភាគខាងត្បូង ខណៈលោក មេដវ៉េដដេវ នៅជាប្រធានាធិបតី និងជាមេបញ្ជាការនៅសម័យនោះ។
ជាមួយនឹងការត្រៀម ភ្ជាប់ទំនាក់ទំនងនេះដែរ លោក មេដវ៉េដដេវ បាននិយាយថា លោកបានត្រៀមខ្លួន រួចជាស្រេចហើយ ដើម្បីនឹងជួបជាមួយ នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេស ហ្សកហ្ស៊ី លោក បីដស៊ីណា អ៊ីវ៉ាន់វីលី ដែលលោកបានចាត់ទុកជា អ្នកនយោបាយជំនាន់ថ្មី ប៉ុន្តែក៏បានព្រមានថា រដ្ឋាភិបាលទីក្រុង មូស្គូ ត្រូវតែឃ្លំាមើលឯកសារ ដែលខ្លួនបានសម្រេចជាមុនសិន។
លោក មេដវ៉េដដេវ បន្តថា «ជាការពិតណាស់ វាគួរតែចូលជាធរមាន នូវកត្តាសត្យនុម័តខាងភូមិសាស្រ្តនយោបាយ និងការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការទទួលស្គាល់ខេត្ត អាប់ខាសៀ និងអូសិតធាខាងត្បូងនេះ»។
គួរបញ្ជាក់ផងដែរថា បក្សនយោបាយសុបិនហ្សកហ្ស៊ី (The Georgian Dream) ដែលដឹកនាំដោយមហាសេដ្ឋី អ៊ីវ៉ាន់វីលី បានឈ្នះការបោះឆ្នោតសភា ដែលបានប្រព្រឹត្តទៅ កាលពីខែតុលាកន្លងទៅនេះ ហើយលោក អ៊ីវ៉ាន់វីលី បាននិយាយកាលពី ដើមខែវិច្ឆិកាថា រដ្ឋាភិបាល ប៊ីលីស៊ី នឹងស្តារមកវិញនូវ ចំណងទាក់ទងជាមួយនឹង រដ្ឋាភិបាលទីក្រុង មូស្គូ ចាប់ពីទំព័រថ្មីស្រឡាងមួយ ដើម្បីក៏បានទទួចនូវការ ស្តារមកវិញផ្នែកការទូត ដែលនឹងភ្ជាប់ទៅ បូរណភាពទឹកដីប្រទេស របស់លោកផងដែរ៕