Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រូបភាព បន្ទោសបង្អាប់ ព្រះសង្ឃ លើទំព័រហ្វេសប៊ុក លោក សម រង្ស៊ី នាំឲ្យមាន ប្រតិកម្មខ្លាំង

$
0
0

ភ្នំពេញ ៖ រូបភាពមួយសន្លឹក ធ្វើការប្រៀបធៀប នៃការឆាន់ចង្ហាន់ដ៏បរិបូរណ៍ របស់ព្រះសង្ឃ ជាមួយរូប ភាពកុមារអង្គុយកេះបាយក្តាំង នៅក្នុងឆ្នាំង ដោយមិនមានម្ហូបអាហារអ្វីទាំងអស់ អមជាមួយអក្សរថា «ក្តីកង្វល់ធំបំផុត ដែលយើងត្រូវយកមកធ្វើការពិចារណា ឲ្យបានម្មត់ចត់ សម្រាប់ប្រជាជនក្រីក្រកម្ពុជា នោះ គឺការផ្តល់ជំនួយខុសតម្រូវការ» ដាក់ បង្ហោះលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានបង្កជា ការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ដោយបានហៅកាយវិការ នៃការ បង្ហោះរូបនេះថា ជាការបន្ទោសបង្អាប់ និងតិះទានដល់ព្រះសង្ឃ ដែលទ្រទ្រង់ព្រះពុទ្ធសាសនា។

រូបភាពមួយផ្ទាំងនេះ បានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកចុចចូលចិត្ត (Click Like) រហូតដល់ជិត ២ម៉ឺននាក់ និងមានអ្នកបញ្ចេញយោបល់រហូតដល់ទៅជិត ៩០០នាក់។ ក្នុងនោះ មាន ទាំងអ្នកបញ្ចេញយោបល់គាំទ្រ និងអ្នករិះគន់ សម្តែងការមិនគាំទ្រផងដែរ ។

ហ្វេសប៊ុកឈ្មោះ «Putthea Kpc» បានថ្លែងថា នេះមកពីការធ្វើបុណ្យ ចង់បានតែមុខមាត់ ទាល់តែទៅ វត្តណា ដែលមានមនុស្សច្រើន ហើយទើបអាចបញ្ចេញលុយកាក់ ឬក៏ចំណីឆ្ងាញ់ៗ ដើម្បីឲ្យគេ សរសើរ ត្រូវទេ? បើឲ្យរបស់ទាំងនោះ ទៅក្មេងសុំទានមាននរណាសរសើរ សរុបទៅ មិនមែនជាការធ្វើបុណ្យ ដោយចិត្តកុសល្យពិតប្រាកដទេ គួរតែចេះដាក់ទានដល់អ្នកពិតប្រាកដផង។

តែក្នុងចំណោម អ្នកបញ្ចេញយោបល់សម្តែងមតិគាំទ្រ មានតិចតួច តែការសម្តែងមតិប្រតិកម្ម គឺមាន ច្រើន មានទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ។

ហ្វេសប៊ុកមានឈ្មោះថា «កំណើតខ្មែរ» បានបញ្ចេញមតិរបស់ខ្លួនថា ការប្រៀបធៀបទាំងនេះ គឺវាខុស រឿង ហើយនយោបាយ បាយបិណ្ឌទៅជាបាយបាទអីចឹង? សូមពិនិត្យឲ្យច្បាស់ជាមុនសិន នឹងធ្វើ ការប្រៀបធៀបនោះ! គឺរូបភាពព្រះសង្ឃកំពុងឆាន់នេះ មិនមែននៅប្រទេសកម្ពុជាទេ គឺវត្តនៅប្រទេស កាណាដា វត្តព្រះតេជគុណបណ្ឌិត ហុក សុវណ្ណ ហេតុអីបានយកប្រទេសកាណាដា ជាប្រទេសអ្នក មានទៅប្រៀបធៀបស្រុកខ្មែរអីចឹង? យ៉ាងម៉េចអីចឹង?

ហ្វេសប៊ុកឈ្មោះ «Mu Yeak» បានសម្តែងមតិរបស់ខ្លួនថា ខ្ញុំចង់ឲ្យស្វែងយល់ពីការធ្វើបុណ្យ ក្នុងពុទ្ធ សាសនាសិន ចាំបង្ហោះរូបនេះឡើង ឬសួរព្រះសង្ឃអង្គណាមួយបកស្រាយជាមុនសិន។

លោក Roony Vorn បានសម្តែងការយល់ឃើញរបស់ខ្លួនថា ប្រជាពលរដ្នច្រើន ដូចនេះ ម្នាក់មួយចាន ច្រើនចឹងហើយ គេធ្វើម្ហូបប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់ញាត្តិរបស់គេ។ បើព្រះសង្ឃមួយ ព្រះអង្គ ទទួលតែមួយ ឬពីរចានចឹងអ្នកផ្សេងគេម៉ិចបានធ្វើបុណ្យទៅ ចំពោះម្ហូបនឹងនៅពេលព្រះសង្ឃឆាន់រួច នឹងជូនដល់អ្នកខ្វះខាត តាមភូមិ ស្រុក នៅជិតវត្តផង។

លោក Chanthy Menn បានសម្តែងយោបល់ថា ការប្រៀបធៀបបែបនេះ ខ្ញុំមិគាំទ្រនោះទេ។ ព្រោះព្រះសង្ឃបានឆាន់ចង្ហាន់តែក្នុងរដូវបុណ្យភ្ជុំបិណ្ឌនោះទេ ។ នេះប្រពៃណីរបស់ខ្មែរ តាំងពីដូនតាមក ក្នុង វិស័យព្រះពុទ្ធសាសនា។ សូមកុំប្រៀបធៀបដូចនេះ វត្តណា ក៏មានអីចឹងដែរ តែក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

លោក Kat Sockvanna បានសម្តែងការយល់ឃើញរបស់ខ្លួនថា មុននឹងអ្នកគិត តើអ្នកស្ដាប់ធម៌ របស់អ្នកចេះសព្វគ្រប់ឬទេ។ អ្នកជាជននៅកិលេសតែងតែគិតខុសនូវអ្វី ដែលអ្នកយល់ថាត្រូវ ។

ព្រះតេជគុណ Neang Dara បានមានសង្ឃដីកាថា ហេតុអ្វីបានអ្នកមើលឃើញ តែពេលមានចង្ហាន់ម្តង ម្កាលបែបនេះ ហើយយកមកប្រៀបធៀប? តើមួយឆ្នាំព្រះសង្ឃមានចង្ហាន់ច្រើនយ៉ាងនេះប៉ុន្មានដង? ម្តេចអ្នកមិនមើលអ្នកមានទ្រព្យធន គេបរិភោគឆ្ងាញ់រាល់ថ្ងៃផង? ចុះពេលព្រះសង្ឃខ្វះខាត ចង្ហាន់ម្តេច មិននិយាយផង? បើសម្បូរ បើស្រួលអីចឹង ម៉េចមិននាំគ្នាមកបួសមក?

ហ្វេសប៊ុកមានឈ្មោះ Sok Nov បានសម្តែងមតិថា សូមកុំយកសាសនាមកលាយឡំជាមួយនយោបាយ បើលាកគិតថា វាខ្ជះខ្ជាយនោះ វាធ្វើឲ្យបាត់បង់ទំនៀមទម្លាប់ប្រពៃណី និងសាសនាជាតិទៅហើយ។ គួរគិតរកដំណោះស្រាយ ឲ្យប្រជាជនមានជីវភាពធូរធារវិញ ប្រសើរជាងការរិះគន់លើសាសនា។

ព្រះតេជគុណ សាន់ មនោសារ បានមានសង្ឃដីកាថា សូមឲ្យលោកប្រធាន សម រង្ស៊ី ធ្វើការពិចារណា សារជាថ្មី ព្រោះការធ្វើទានប្រភេទណាក៏បានបុណ្យដែរ មិនអាចយករូបភាពបែបនេះ មកដាក់ជា វេទិកា ពិភាក្សាបានឡើយ ព្រោះមានអ្នកដែលមិនយល់ពីបញ្ហានេះ ធ្វើការថ្កោលទោសចំពោះព្រះរតនត្រ័យ នាំឲ្យមានទោស ហើយលោកប្រធានខ្លួនឯងនឹងធ្លាក់កូដមិនខាន។

លោក Chea Vannaroth បានថ្លែងថា រូបភាពនេះ ជារូបថ្ងៃបុណ្យភ្ជុំបិណ្ឌ ឬថ្ងៃបុណ្យនានា ចុះមាន ដែលថតរូបថ្ងៃធម្មតាដែរទេ។ តើក្នុងមួយឆ្នាំព្រះសង្ឃសម្បូរចង្ហាន់បែបនេះប៉ុន្មានដង? បើតាមខ្ញុំដឹង ម្ហូបទាំងអស់នេះ នឹងត្រូវអ្នកក្រីក្រ និងជនទុរគតនៅក្នុងវត្តយកទៅហូប។ សូមមេត្តាវិភាគ ឱ្យបានត្រឹម ត្រូវជៀសវាងការបាត់បង់ជំនឿលើសាសនាយើង។ បើវិភាគតែបែបនេះទៀត ប្រាកដជាគ្មាននរណា ទៅវត្តទៀតទេ ។ សូមគិតឱ្យបានជ្រៅតិចទៀតមុននឹងផ្សព្វផ្សាយ ។

ហ្វេសប៊ុកមានឈ្មោះថា «Sarith Ngath» បានតែងជាកំណាព្យពន្យល់ថា ការបូជាចំពោះគុណព្រះ រតនត្រៃ ជានិស្ស័យ ផលបុណ្យរបស់អ្នកកាន់សាសនា តែបើអ្នកមានបញ្ញា គិតជួយរដ្ឋាឲ្យផុតទុក្ខផង ការជួយសង្គ្រោះជាផលសុខកន្លង សូមអ្នកកាន់សាសនាសច្ចាផង បានសុខឥតហ្មងគ្រប់ៗគ្នា ។

ដោយឡែកហ្វេសប៊ុកមានឈ្មោះថា «Vannak Dom» បានបញ្ចេញយោបល់រិះគន់ខ្លាំងៗថា រិះគន់ឲ្យ តែបានរិះគន់។ គ្មានយកគំនិតគិត ។ ម្ហូបទាំងអស់ហ្នឹង បន្ទាប់ពីព្រះសង្ឃឆាន់ហើយ គេមិនយកទៅ ជះចោលទេ។ មនុស្សម្នានាំគ្នាយកមកហូបវិញដដែល ។ គ្មានអ្នកស៊ីហួសមួយឆ្អែតទេ។ លោកសម្បូរ អាហារ តែក្នុងពេលបុណ្យទានម្តងៗ មិនមែនរាល់ថ្ងៃទេ។ បើនិយាយថា ឲ្យយកអាហារទៅឲ្យអ្នកក្រីក្រ វិញ សូម្បីតែក្នុងពិធីបុណ្យប្រពៃណី ចឹងលែងមានសាសនាអស់ហើយ។ មិនបាច់កាន់សាសនារកអីទេ។ លោក សម រង្សី ធ្លាប់បួសបានប៉ុន្មានថ្ងៃដែរ តើលោកឃើញចង្ហាន់ចឹងរាល់ថ្ងៃដែរ? ព្រះសង្ឃ ក្រៅពីថ្ងៃ បុណ្យ ឆាន់ទឹកត្រីបបរសទេលោក ។

ទស្សនៈ និងមតិយោបល់ ដែលលើកបង្ហាញខាងលើនេះ គ្រាន់តែជាការយល់ឃើញមួយផ្នែកតូច ប៉ុណ្ណោះ នៅមានមតិយោបល់ជាច្រើនផ្សេងទៀត សុទ្ធតែបានរិះគន់ធ្ងន់ៗ ទៅការបង្ហោះនូវរូបភាព មួយនេះ។

ដោយពួកគេបានតិះទៀនថា ការបង្ហោះរូបភាពនេះ លោក សម រង្ស៊ី បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ តម្លៃ របស់ព្រះសង្ឃ ដែលជាសាវគ្គទ្រទ្រង់នូវព្រះពុទ្ធសាសនា ហើយជីវភាពរបស់ព្រះសង្ឃបរិបូរណ៍បែបនេះ មិនមែនមានជារៀង រាល់ថ្ងៃនោះទេ គឺមានតែពេលបុណ្យទានសំខាន់ៗមួយឆ្នាំមាន១ដង ទៅ២ដង ប៉ុណ្ណោះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>