កណ្តាល៖ បន្ទាប់ពីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត អស់រយៈពេល៤ថ្ងៃ ជុំវិញករណី ឃាតកម្មសម្លាប់ស្ត្រីម្នាក់ នៅស្រុកខ្សាច់កណ្តាល រួចដឹកសពស្ត្រីរងគ្រោះ ទៅបោះចូលក្នុងទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើលនោះ សមត្ថកិច្ចស្រុកខ្សាច់កណ្តាល និងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ក្រោយបញ្ជា ផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានធ្វើការ ឃាត់ជនសង្ស័យ ប្រុស៣នាក់ ស្រីម្នាក់ បញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរ និងកសាង សំណុំរឿង ចាត់ការតាមច្បាប់។
អធិការនគរបាលស្រុកខ្សាច់កណ្តាល លោកវរសេនីយ៍ត្រី ម៉ែន សុខឃឿន បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួននោះ ទី១-ឈ្មោះ ង៉ែត សុខខេង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មការីនីរោងចក្រ ទី២-ឈ្មោះ យ៉យ សារ៉េន ហៅត្រេន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរម៉ៅការសំណង់ និងទី៣-ឈ្មោះ គួន សុភណ្ឌ័ភេទប្រុស អាយុ២៧ឆ្នាំមុខរបរកកម្មករសំណង និងទី៤.ឈ្មោះ រ៉ា ថា អាយុ៣៣ឆ្នាំ នៅភូមិពារាំង ឃុំរាបស្រុកពារាំង ខេត្តព្រៃវែង ជនសង្ស័យទាំង៣នាក់ខាងលើ នេះរស់នៅក្នុងភូមិស្វាយមាស ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ជាមួយគ្នា ។
លោក បានបន្តថា ក្រោយពីមានករណី ប្រជាពលរដ្ឋ ប្រទះឃើញសាកសពស្ត្រីម្នាក់អណ្តែតទឹកទន្លេ កាលពីវេលា ម៉ោង១៦ និង២០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិកំពង់ល្វា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួចមក លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ ធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ង៉ែត សុខខេង ហើយ សមត្ថកិច្ចបានធ្វើការសាកសួរជន សង្ស័យនិងបន្តធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនបាន ជនសង្ស័យ ៣នាក់បន្ថែមទៀតនៅ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ គឺជនសង្ស័យឈ្មោះ យ៉យ សារ៉េន ហៅត្រេន និងជនសង្ស័យ ឈ្មោះ គួន សុភណ្ឌ័ និង រ៉ា ថា។
ជនសង្ស័យឈ្មោះ ង៉ែត សុខខេង បានសារភាពថា រូបគេបានធ្វើជាមេអណ្តើក នាំជនរងគ្រោះឈ្មោះ ឡេង យ៉ាង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរជាកម្មការីនីរោងចក្រ កាតដេរក្នុងក្រុមហ៊ុន7NG មានប្តី និងកូន៣នាក់ ស្រី២នាក់ ប្រុសម្នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល។ បន្ទាប់ពីរៀបចំគម្រោង ត្រូវរ៉ូវគ្នាហើយនោះ បានជិះម៉ូតូទៅឌុបស្ត្រីរងគ្រោះទៅហូបស៊ុប ។ ពេលហូបស៊ុប ហើយនោះជនរងគ្រោះ បានជិះនៅកណ្តាល ខណៈដល់ចម្ការស្វាយមួយកន្លែងដែលជាកន្លែងស្ងាត់ ក្រុមជនសង្ស័យក៍បានយកម៉ាឡេតវាយ ទៅលើជនរងគ្រោះជាច្រើនម៉ាឡេត ហើយបានយក អាវយឺតពណ៌ខ្មៅចងបិទមុខ ជនរងគ្រោះរួចវាយរហូតស្លាប់ ទើបធ្វើសកម្មភាពដោះយកខ្សែកមាស ទម្ងន់៥ជី ,ផ្លាកដៃប្លាកទីទម្ងន់៤ជី ,ចិញ្ជៀនប្លាកទីនទម្ងន់មួយជី ក្រវិលមាសមួយចំហៀង ទូរស័ព្ទដៃមួយគ្រឿង និងប្រាក់រៀល-ប្រាក់បាត មួយចំនួនទៀត ។ បន្ទាប់ពីយកគ្រឿង អលង្ការមានតម្លៃ និងលុយពី ជនរងគ្រោះហើយនោះ ជនសង្ស័យបានដឹកសាកសពស្ត្រី រងគ្រោះទៅបោះចូលក្នុងទឹកទន្លេ តូចតែម្តង ៕