ភ្នំពេញ ៖ នៅសាខា កាកបាទក្រហម ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ មានបើកវគ្គបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពចរាចរណ៍ ថ្នាក់សង្កាត់ក្រោម វត្តមាន លោកស្រី ឌុក ស៊ីដា នាយិកាសាខា កាកបាទក្រហមខេត្តកំពង់ធំ ។
អញ្ជើញចូលរួម ជាសិក្ខាកាម ក៏មានវត្តមាន អស់លោកជា លោកស្រី ជាក្រុមប្រឹក្សាសង្កាត់ ដំរីជាន់ខ្លា មេភូមិ មន្ត្រីប៉ុស្តិ៍រដ្ឋបាល សង្កាត់ អ្នកស្ម័គ្រចិត្ត កាកបាទក្រហម ។ បន្ទាប់ពីលោក ខែក ផា អនុប្រធាន សាខាកាកបាទក្រហម ក្រុងស្ទឹងសែន មានមតិស្វាគមន៍ រួចមក មានប្រសាសន៍បើក វគ្គបណ្តុះបណ្តាលក្នុង ឱកាសនោះ លោកស្រី ឌុក ស៊ីដា នាយិកា សាខាកាកបាទក្រហម ខេត្តកំពង់ធំ បានលើកឡើងថា សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាអទិភាព ចំបងមួយដែល រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក៏ដូចជា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ មិនអោយកើតមានជាយថា ហេតុតាមរយះការដាក់ ចេញនូវពាក្យ ស្លោកផ្សេងៗ មានដូចជា «ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ ចរាចរណ៍» «សុវត្ថិភាពចរាចរណ៍ ចាប់ផ្តើមពីខ្ញុំ» «ការពារជីវិត អ្នកពាក់មួកសុវត្ថិភាព ជាដើម» ។ល។
ព្រមជាមួយ សកម្មភាពផ្សេងៗ ទៀតដែល សមត្ថកិច្ច ចរាចរណ៍ និងក្រុមយុវជន កាកបាទក្រហម បាននិងកំពង់ធ្វើសកម្មភាព ប្រកបដោយទទួលខុសត្រូវ នៅតាមចំណុច សំខាន់ៗ នៅរាជធានី និងតាមបណ្តាខេត្ត ។
តាមរយះការបូកសរុប ក្នុងរយះ ឆ្នាំ២០១៣ កន្លងទៅនេះ មានមនុស្សប្រមាណ ២០០០នាក់ បានស្លាប់និង១៥០០០នាក់ រងរបួសធ្ងន់ស្រាល ដែលបណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៍នេះ ក្រោមរូបភាពជាច្រើន។ លោកស្រី បានសង្កត់ធ្ងន់ទៀតថា កត្តាគ្រោះថ្នាក់នេះ ក៏ជាឥទ្ធិពលមួយរាំងស្ទះ ដល់កាអភិវឌ្ឍន៍ ប្រទេសជាតិផងដែរ ដោយក្នុង១ឆ្នាំៗ រាជរដ្ឋាភិបាលបានចំណាយថវិកា រាប់រយលានដុល្លារលើវិស័យនេះ។
លោកស្រី សង្ឃឹមថា បណ្តាមេរៀន ក៏ដូចជា ការបង្ហាញជាក់ស្តែងដែលលោក លោកស្រី ជាសិក្ខាកាមទទួលបាន ពីវគ្គបណ្តុះបណ្តាលនាពេលនេះ ពិតជាមានសារះសំខាន់ និងប្រកបដោយថតភាព ក្នុងការបញ្ជ្រាបចំណេះដឹង រួមចំណែកក្នុងការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នេះជាក់ជាមិនខាន៕