Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កែច្បាប់ ចរាចរណ៍ថ្មី អ្នកស្រវឹងបើកបរ ពិន័យឡើង ដល់ ៨០ ម៉ឺនរៀល ទៅ ៤លាន រៀល

0
0

ភ្នំពេញ ៖ មាត្រា និងជំពូកមួយចំនួននៃ ច្បាប់ចរាចរណ៍ផ្លូវគោក ដែលកំពុងដាក់ឱ្យ អនុវត្ដសព្វថ្ងៃ នឹង ត្រូវធ្វើការកែប្រែខ្លះ ដោយក្នុងនោះ រាជរដ្ឋាភិបាលផ្ដោតសំខាន់ ទៅលើចំណុចការប្រព្រឹត្ដ បទល្មើស ចរាចរណ៍ ជាពិសេសការប្រព្រឹត្ដបទល្មើសដោយ បើកបរនៅពេលស្រវឹងតែម្ដង ដោយមាត្រានេះ អ្នក ដែលស្រវឹងស្រាលើសច្បាប់កំណត់ ហើយបើកបរនឹងរងនូវការពិន័យជាប្រាក់ ឡើងដល់ពី ៨០ម៉ឺនរៀល រហូតដល់ ៤លាន រៀល ខណៈដែលច្បាប់ ស្ថិតនៅជាធរមានគឺ ធ្វើការផាកពិន័យតែចំនួន ២៥០០០ រៀល ទៅ១លានរៀលតែប៉ុណ្ណោះ ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង ព័ត៌មាន បានសរសេរបង្ហោះនៅក្នុងបណ្ដាញ  ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់លោក ដោយលោកអះអាងថា សេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការធ្វើចរាចរណ៍ផ្លូវគោក អ្នក បើកបរ ដែលមានសភាពស្រវឹងខ្លាំង ចាប់ពីកម្រិត ជាតិអាល់កុល ០.៤០មីលីក្រាម ក្នុង១លីត្រខ្យល់ ឡើងទៅនឹងត្រូវធ្វើការផាកពិន័យពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល ក្នុងនោះ លោក ខៀវ កាញារីទ្ធ បានថ្លែងរំពឹងថា ក្រោយច្បាប់នេះចេញ នឹងមានការថមថយខ្លះមើលទៅ ។

កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ គណៈរដ្ឋមន្ដ្រីបានបើកកិច្ច ប្រជុំក្រោមអធិបតីភាព សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដោយពិនិត្យទៅលើ សេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីចរាចរណ៍ផ្លូវគោក ។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ដ្រី ត្រង់ចំណុចទី១ សេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីចរាចរណ៍ផ្លូវគោក ដោយក្នុងនោះ គណៈរដ្ឋមន្ដ្រីបានសម្រេចរៀបចំឡើងវិញ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ ក្រសួងយុត្ដិធម៌  និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្អែកលើច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០០៧ ដោយបានកែសម្រួល លើ មាត្រាចំនួន ៦៤ មាត្រា រក្សាខ្លឹមសារចាស់ចំនួន ១៣មាត្រា បន្ថែមថ្មីចំនួន១៥មាត្រា និងលុបចោល ចំនួន១៨មាត្រា ។ សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ មាន ១២ជំពូក និង៩២មាត្រា មាន គោលដៅចម្បងគឺផ្ដល់ការយល់ដឹងអំពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក គ្រប់គ្រងសុវត្ថិភាព ចរាចរណ៍ផ្លូវ គោករក្សាសណ្ដាប់ធ្នាប់ ចរាចរណ៍ផ្លូវគោក និងពិសេស គឺទប់ស្កាត់ការប្រព្រឹត្ដបទល្មើស ដែល បណ្ដាល មកពីការប្រើប្រាស់ផ្លូវថ្នល់ នៅក្នុងបរិបទ ដែលព្រះរាជាណាចក្រកម្ពុជាមាន ការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័ស ទាំងលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសេដ្ឋកិច្ចសង្គម ។

ពាក់ព័ន្ធទៅនឹង ការកែច្បាប់ចរាចរណ៍ថ្មី ដោយរាជរដ្ឋាភិបាល យកចិត្ដទុកដាក់ខ្លាំង ទៅលើការកើតគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយការប្រព្រឹត្ដល្មើសច្បាប់ របស់អ្នកបើកបរ ជាពិសេសបើកបរ ពេលស្រវឹងនោះ ប្រធានអង្គការដៃគូសុវត្ថិភាព ចរាចរណ៍ផ្លូវគោកសកល បានសម្ដែងការស្វាគមន៍ និង កោតសរសើរ ចំពោះគណៈរដ្ឋមន្ដ្រី ដែលបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដី ពីចរាចរណ៍ផ្លូវគោកថ្មីនេះ នេះបើយោងតាមការថ្លែង របស់លោក គង់ សុវណ្ណ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃទី ១៤ ខែសីហា ។

លោក គង់ សុវណ្ណ បានអះអាងបន្ថែមថា លទ្ធផលថ្ងៃនេះកើតចេញមកពីកិច្ចខិតខំប្រឹងប្រែង របស់រាជ រដ្ឋាភិបាល គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការក្រសួងមហាផ្ទៃ ក្រសួងយុត្ដិធម៌ និងក្រសួងដទៃទៀត និងការចូលរួមពីអង្គការ ក្រៅរដ្ឋាភិបាលផងដែរ ។ ក្នុងនោះយោង លើតម្រូវការចាំបាច់ ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ ពីមហន្ដរាយបង្កដោយគ្រោះថ្នាក់ចរាចរណ៍ សេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបាន រៀបចំឡើង សំដៅបំពេញបន្ថែមចំណុចខ្វះខាត ដែល មានក្នុងច្បាប់បច្ចុប្បន្ន ។

តាមរយៈច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ កម្ពុជា អាចនឹងយកមកអនុវត្ដ ឱ្យបាន តឹងរឹងសំដៅ រួមចំណែកក្នុងការសម្រេចតាមផែនការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល ឆ្នាំ២០១១-២០២០ ។ ផែនការនេះកំណត់ ឱ្យកាត់បន្ថយចំនួនអ្នកស្លាប់ឱ្យបាន ៥០ភាគ រយ នាឆ្នាំ២០២០ ដែល សម្រាប់កម្ពុជាគឺអាចសង្គ្រោះជីវិតមនុស្សពីសេចក្ដីស្លាប់បាន ៧៣៥០នាក់ និងអាចបង្ការជនរងគ្រោះ ដោយរបួសក្បាលបាន ១០៥៧២នាក់ នៅក្នុងកំឡុងពេល៥ឆ្នាំខាងមុខនេះ ។ នាពេលបច្ចុប្បន្ននេះ គ្រោះមហន្ដរាយដោយសារ គ្រោះថ្នាក់ចរាចរណ៍បាន និងកំពុងតែបង្កជា ផលលំបាកទ្វេឡើងដល់សង្គមជាតិ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរជា ច្រើនពាន់នាក់ ជារៀងរាល់ឆ្នាំ ហើយក៏ បន្សល់ទុកនូវកុមារកំព្រា ជនពិការ ស្ដ្រីមេម៉ាយជាទុរគត និងគ្រួសារក្រីក្រជាដើម ។ ក្នុងនោះ កាលពី ឆ្នាំ២០១៣ មានជនរងគ្រោះ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រហូតដល់១៩៥០នាក់ ដែល ៦១ ភាគរយ ជាអ្នកធ្វើដំណើរតាមម៉ូតូ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images