ភ្នំពេញ៖ ក្រុមហ៊ុនសាងសង់របស់ថៃ បានព្រមផ្តល់សំណងប្រមាណជា ២ពាន់ដុល្លារ សម្រាប់កម្មករ ដែលស្លាប់បាត់បង់ជីវិត និងប្រមាណជា ១.៥០០ដុល្លារ សម្រាប់កម្មករ ដែលរងរបួសក្នុងហេតុការណ៍ បាក់រលំអគារនៅខេត្ត បាទុមថានី។ នេះបើយោងតាមការបញ្ជាក់របស់ លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា។
លោក កុយ គួង បានថ្លែងឲ្យកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ថា កម្មករខ្មែរ ៣នាក់ ដែលស្លាប់ក្នុងហេតុការណ៍ បាក់ស្រុតអគារ នៅខេត្តបាទុមថានី (Phthum Thani) ប្រទេសថៃ ត្រូវបានក្រុមហ៊ុន សំណង់របស់ថៃ ផ្ដល់ប្រាក់ចំនួន ៦៥.០០០បាត ស្មើនឹង ២.០០០ដុល្លារ ជូនដល់ក្រុមគ្រួសារសពនីមួយៗ ចំណែកអ្នករងរបួស ទទួលបាន ៥០.០០០បាត ស្មើនឹងជាង ១.៥០០ដុល្លារ។
លោក កុយ គួង បានបញ្ជាក់បន្ថែមទៀតថា ស្ថានទូតកម្ពុជា នឹងធ្វើការជាមួយមេធាវីបន្តទៀត ដើម្បីប្ដឹងទាមទារសំណងបន្ថែម ជូនគ្រួសារសព និងអ្នករងរបួស។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១១ ខែសីហា កន្លងទៅនេះ អគារខុនដូកម្ពស់ ៦ជាន់មួយ កន្លែងស្ថិតនៅក្នុងខេត្តប៉ាទុមថានី ប្រទេសថៃ បានដួលរលំ ខណៈកំពុងដំណើរការសាងសង់ នៅជាន់លើបង្អស់។ ការដួលរលំអគារនេះ បានធ្វើឲ្យកម្មករ ដែលមានទាំង ជនជាតិថៃ ខ្មែរ និងមីយ៉ាន់ម៉ា ស្លាប់ និងរងរបួសជាច្រើននាក់។
បើតាមលោក កុយ គួង បានឲ្យដឹងថា ហេតុការណ៍បាក់ស្រុតអគារនេះ បណ្តាលឲ្យពលរដ្ឋខ្មែរ ៣នាក់ បានស្លាប់ និង ១នាក់ទៀត បានរងរបួសធ្ងន់។
លោក កុយ គួង បានថ្លែងឲ្យដឹងថា ពលរដ្ឋខ្មែរ ដែលស្លាប់ក្នុងហេតុការណ៍ រលំអគារនេះ រួមមាន៖ ១.ឈ្មោះ អ៉ឹម ភឿ អាយុ ២៧ឆ្នាំ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង, ២. ឈ្មោះ អ៊ុយ អាយុ ២៧ មានស្រុកកំណើត នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ៣. ឈ្មោះ យ៉ាង ហេង អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅ ស្រុកស្វាយអន្ធរខេត្តព្រៃវែង។ ដោយឡែកអ្នករងរបួសមាន ឈ្មោះ ឈឹម ចាន់ អាយុ ៦០ឆ្នាំ មានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្តាល៕