ភ្នំពេញៈកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោក ប៊ន សំអាត នាយការិយាល័យ នៅម៉ោង៧យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤នេះ បានចុះទៅចាប់ និងបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន ដ៏សកម្មនៅក្បែរវត្តនន្ទមុន្នី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណមានជ័យ ព្រមទាំងបានដកហូតថ្នាំញៀនមួយចំនួន រួមទាំងកាំភ្លើងខ្លី មួយដើមផងដែរ។
នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកប៊ន សំអាត បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានសំងាត់រួចមក លោកបានសុំ បញ្ជាពីស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ជួន សុវណ្ណ និងមានការឯកភាពពី តំណាងឯយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ផងនោះបានចុះទៅបង្ក្រាប និងធ្វើការស្រាវជ្រាវរហូតដល់ ចាប់ខ្លួនមុខ សញ្ញាទាំងនេះ បានភ្លាម ហើយដកហូត វត្ថុតាង។
ជនសង្ស័យដែលសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ១មានឈ្មោះ ស៊ុន បារាំង ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ឃុំកំពង់សំណាញ់ ខេត្តកណ្តាល ទី២ឈ្មោះជៀប ពេញរស្មី ភេទប្រុស រស់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរសិស្ស ក្នុងនោះ ដែរកម្លាំងសមត្ថកិច្ច បានរកឃើញវត្ថុតាង មួយចំនួនរួមមាន ម៉ាទឹកកកចំនួន២កញ្ចប់ អាវុធម៉ាក ៥៩មួយដើម ដាវចំនួន១ដើម ជញ្ជីង រួមនិងកន្ត្រៃមួយដើម៕
លោកបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានបញ្ជូនទៅ កាន់ការិយាល័យរបស់ លោកដើម្បីសួរនាំ មានវិធានការទៅតាមផ្លូវច្បាប់បន្តទៀត៕