-លោក ប្រាជ្ញ សីហា ដាក់ម៉ាស៊ីន បូមទឹកសង្គ្រោះ ស្រូវប្រជាជន នៅសង្កាត់ប្រទះឡាង ដែលកំពុង ខ្វះខាតទឹក
ភ្នំពេញ ៖ តបតាមការសន្យា របស់ខ្លួន កាលពីពេលកន្លងទៅថ្មីៗនេះ អភិបាលរាជធានី ភ្នំពេញ លោក ប៉ា សុជាតិវង្ស បានឧបត្ថម្ភថវិកា ជិត ៣ពាន់ដុល្លារ សម្រាប់ចំណាយលើការ តបណ្តាញទឹកស្អាត ជូនប្រជាសហគមន៍ទួលសំបូរ ចំនួន ៩១គ្រួសារ ស្ថិតនៅសហគមន៍ទួលសំបូរ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ដើម្បីបានប្រើប្រាស់ សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ទាំង៩១គ្រួសារ រស់នៅក្នុងសហគមន៍ទួលសំបូរ ជាច្រើនឆ្នាំមកហើយ ពុំដែលមានបណ្តាញទឹកស្អាត សម្រាប់ប្រើប្រាស់នោះឡើយ ពោលប្រជាពលរដ្ឋបាន ទិញទឹកពីឈ្មួញឯកជន ដែលដឹកលក់តាមលំនៅឋាន ។ ដូច្នេះក្នុងឱកាសចុះទៅសួរ សុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋនៅទីនោះ កាលពីកន្កងទៅ ពីសំណាក់អភិបាល រាជធានីភ្នំពេញនោះ ប្រជាពលរដ្ឋបានស្នើសុំអោយ ជួយតបណ្តាញទឹកស្អាត ដល់សហគមន៍របស់ពួកគេ ហើយលោក អភិបាលរាជធានី ក៏បានសន្យាតាមការស្នើសុំផងដែរ ។
ជាក់ស្តែងកាលពីព្រឹក ថ្ងៃទី១៦ខែសីហា អភិបាលរងខណ្ឌដង្កោ លោក ប្រាជ្ញ សីហា និងអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាចំនួន ២៩៣៦ដុល្លារ ផ្តល់ជូន សហគមន៍ទួលសំបូរតបណ្តាញទឹកស្អាតនេះ ។
នៅចំពោះមុខប្រជាពលរដ្ឋ ទាំងនេះ លោក ប្រាជ្ញ សីហា បានផ្តាំផ្ញើការសាកសួរសុខ ទុក្ខ និងការគិតគូរពីលោក អភិបាលរាជធានី ថ្នាក់ដឹកនាំខណ្ឌដង្កោ ចំពោះការរស់នៅប្រចាំថ្ងៃ របស់បងប្អូន ទើបថ្ងៃនេះ លោកនាំថវិកាឧបត្ថម្ភរបស់ អភិបាលរាជធានីភ្នំពេញ មកប្រគល់ជូន ដើម្បីតបណ្តាញទឹកស្អាតតាមការសន្យា ។
លោក ប្រាជ្ញ សីហា ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសហការគ្នាថែរក្សា និងចូលរួមប្រើប្រាស់ទឹក ដោយសន្សំសំចៃ កុំចំណាយលុយច្រើន ពេលត្រូវ បង់នៅចុងខែ ។
ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ លោក ប្រាជ្ញ សីហា និងក្រុមការងារ ក៏បាននាំយកម៉ាស៊ីនបូមទឹក របស់សាលាខណ្ឌចំនួនមួយគ្រឿង ទៅប្រគល់ជូនអាជ្ញាធរ សង្កាត់ប្រទះឡាង ដើម្បីជួយបូមទឹកសង្គ្រោះ ស្រូវរបស់ប្រជាពលរដ្ឋនៅទីនោះ ដែលទំហំផ្ទៃដីជិត ១០០ហិកា ដែលកំពុងជួបគ្រោះរាំងស្ងួត ៕