ភ្នំពេញ ៖ នៅសាកល វិទ្យាល័យ ប៊ែលធីអន្តជាតិ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤នេះ បានរៀបចំសិក្ខា សាលាស្តី ពីការអប់រំ នៅចក្រភពអង់គ្លេស ក្រោម អធិបតីភាព លោក Bill Longhurst ឯកអគ្គរាជទូត ចក្រភព អង់គ្លេសប្រចាំ នៅកម្ពុជា លោក ហោ ណាំបូរ៉ា អគ្គនាយករង រាជរដ្ឋាភិបាល និងលោកលី ឆេង អគ្គនាយកប៊ែលធី គ្រុបនិង ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធីអន្តជាតិព្រមជាមួយវត្តមាន របស់អតីតនិស្សិតកម្ពុជា មកពីចក្រភពអង់គ្លេស និងមានការចូលរួមពីសិស្ស-និស្សិត កម្ពុជា ចំនួនជាង ៥០០នាក់ ។
លោកពៅ សាលីដេត អគ្គលេខាធិការ សមាគម អតីតនិស្សិតកម្ពុជា ពីចក្រភពអង់គ្លេស បានឲ្យដឹង ថា គោលបំណង នៃការបង្កើតឲ្យមានសិក្ខា សាលាស្តីពីការអប់រំ នៅចក្រភពអង់គ្លេសនេះឡើង គឺដើម្បីបំផុស សិស្សនិស្សិត នៅកម្ពុជាឲ្យមានការចាប់អារម្មណ៍ អំពីការសិក្សា នៅចក្រភពអង់គ្លេស ដោយមាន វាគ្មិន ជាច្រើននាក់ ចូលរួមចែករំលែក បទពិសោធន៍ នៃការសិក្សា របស់អតីតនិស្សិតកម្ពុជា នៅចក្រភព អង់គ្លេស ។ សិក្ខាសាលានេះ ក៏នឹងជួយបំផុត ឲ្យសិស្សនិស្សិត ទាំងអស់ចេះរៀបចំ ដំណើរអនាគត របស់ពួកគេឲ្យមានន័យ ហើយក៏មានការផ្តល់ព័ត៌មាន ពីការជ្រើសរើសនិស្សិតអាហារូបករណ៍ ក៏ដូចជាការ ផ្សព្វផ្សាយពីប្រព័ន្ធ អប់រំនៅទីនោះផងដែរ ។ អតីតនិស្សិត ដែលធ្លាប់បានសិក្សា នៅចក្រភពអង់គ្លេស រូបនេះ បានបញ្ជាក់ថា ការសិក្សានៅចក្រភពអង់គ្លេស គឺពិតជាមានសារៈសំខាន់ និងបានផ្តល់ឲ្យលោក នូវបទពិសោធន៍ជាច្រើន ។ លោកបានចំណាយពេល២ឆ្នាំ ដើម្បីស្វែងយល់និង ស្នើសុំអាហារ រូបករណ៍ ហើយដើម្បីទទួលបានអាអាហារូបករណ៍ គឺលោកត្រូវមានបទពិសោធន៍ លើជំនាញ ដែលចង់សិក្សា ហើយត្រូវមានពិន្ទុក្នុងភាសាអង់គ្លេស គ្រប់គ្រាន់ យ៉ាងហោច៦.៥ និងត្រូវឆ្លងកាត់ការសម្ភាសន៍ ពីសំណាក់ឯកអគ្គរាជទូតដោយផ្ទាល់។
លោក បណ្ឌិត ឌី សុវណ្ណ ប្រធានសមាគម អតីតនិស្សិតកម្ពុជា ពីចក្រភពអង់គ្លេស បានបញ្ជាក់ដែរថា ការសិក្សានៅចក្រភពអង់គ្លេស ទាមទាឲ្យមានការខិតខំប្រឹងប្រែងខ្ពស់ ប៉ុន្តែការទទួលបានជោគជ័យ លើការសិក្សានៅទីនោះ ក៏បានហុចផលជាវិជ្ជមាន សម្រាប់រូបលោក ដែលបច្ចុប្បន្នលោកបាននឹង កំពុងបម្រើការងារ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋាន រដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ ដែលមានកិច្ចការងារជាច្រើន ជាប់ពាក់ព័ន្ធទៅនឹង ការសិក្សាស្រាវជ្រាវ របស់លោកកន្លង មកហើយក៏ទទួលបានការរីកចម្រើន ការគាំទ្រនិងកោតសរសើរច្រើន ហើយលោក មានមោទនភាព ដែលបានយកចំណេះដឹង បទពិសោធន៍ដែលលោកបាន សិក្សាមកចូលរួម បម្រើកិច្ច ការងាររបស់ប្រទេសជាតិ។
លោកលី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធី អន្តជាតិ បានមានប្រសាសន៍ ស្វាគមន៍ ចំពោះវត្តមាន របស់លោក Bill Longhurst ឯកអគ្គរាជទូត អង់គ្លេស ប្រចាំនៅកម្ពុជា ក៏ដូចជាអតីតនិស្សិតមកពីចក្រភពអង់គ្លេស និងសិស្ស-និស្សិតកម្ពុជា ទាំងអស់ ដែល បានចូលរួមក្នុងសិក្ខាសាលានេះ ។
លោកបានបន្ថែមទៀតថា លោកពិតជាមានសេចក្តីរីករាយ យ៉ាងក្រៃលែង ដែលសាកលវិទ្យាល័យប៊ែលធី អន្តជាតិ បានចូលរួមចំណែកក្នុងការធ្វើឲ្យសិក្ខាសាលានេះ លេចជារូបរាងឡើង ហើយលោកនឹង នៅតែបន្តគាំទ្រ លើដំណើរការនៃសិក្ខាសាលាមួយនេះ តទៅមុខទៀត ។ លោកបាននិយាយថា បានសិក្ខា សាលានេះ ពិតជាមានសារសំខាន់ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយ គុណ ភាពអប់រំ ក៏ដូចជាផ្តល់នូវចំណេះ ដឹងនិងបទពិសោធន៍ដល់ សិស្ស-និស្សិត កម្ពុជា ដើម្បីឲ្យពួកគេ មានសមត្ថភាពសីលធម៌ និងគុណធម៌ហើយក្លាយជាធនធានយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកBill Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ បើកអង្គសិក្ខា សាលា ព្រមជាមួយមតិកោតសរសើរ ចំពោះការយកចិត្តទុកដាក់ របស់លោកលី ឆេង និងសមាគមអតីត និស្សិតកម្ពុជា មកពីចក្រភពអង់គ្លេស ដែលជំរុញឲ្យសិក្ខាសាលាមួយនេះ ដំណើរការបាន យ៉ាងរលូន និងមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសិស្ស-និស្សិតកម្ពុជា ។ លោក ឯកអគ្គរាជទូត ក៏បានលើកទឹក ចិត្តឲ្យគណៈកម្មការបង្កើតសិក្ខាសាលាលើកនេះ បន្តនូវបេសកកម្មរបស់ខ្លួន បន្តទៀត ដើម្បីដក ស្រង់យកបទពិសោធន៍ល្អៗ និងព័ត៌មានទាក់ទង នឹងអាហារូបករណ៍ មកចែកជូនដល់សិស្ស-និស្សិត កម្ពុជាបានជ្រាប ៕