ភ្នំពេញ ៖ ស្ដ្រីវ័យក្មេងម្នាក់ បានលោត សម្លាប់ខ្លួនពីលើផ្ទះជាន់ទី២ តែសំណាងល្អ នៅជាន់ទី១ មានគេចងតង់ដើម្បីបាំងថ្ងៃ លក់ដូរ ទើបមិនបណ្ដាលឱ្យស្ដ្រីខាងលើនេះ ធ្លាក់មកដីផ្ទាល់ បណ្ដាលឱ្យស្លាប់បាត់ បង់ជីវិតនោះទេ គឺគ្រាន់តែរបួសស្រាលប៉ុណ្ណោះ ដោយករណីខាងលើនេះ ត្រូវបានគេអះអាងថា ដោយ សារតែស្ដ្រីខាងលើខឹងនឹងប្ដីស្ដី បន្ទោសរឿងចាយលុយខ្ជះខ្ជាយ ។
ហេតុការណ៍ស្ដ្រីប៉ងធ្វើអត្ដឃាត មិន បានសម្រេចខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង ៤៥នាទីល្ងាចថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ ស្ថិត នៅចំណុចច្រកឌឿងហែម តាម បណ្ដោយ ផ្លូវលេខ ២១៧ សង្កាត់ផ្សារអូរឫស្សីទី៣ ខណ្ឌ ៧មករា ។ ស្ដ្រីរងគ្រោះត្រូវបានគេ ស្គាល់ ឈ្មោះ សុខ ណារី អាយុ ២៥ឆ្នាំ មាន មុខរបរនៅផ្ទះ មានប្ដីឈ្មោះ សុខ យីង ហៅ គង្គា អាយុ ៤៣ឆ្នាំ មានកូនចំនួន ២ នាក់នៅក្នុងបន្ទុក មានមុខរបរលក់ដូរ ស្នាក់ នៅផ្ទះលេខ ៣៧ E2Z ចំណុចកើតហេតុ ខាងលើនេះ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុរវាង ស្ដ្រីរងគ្រោះ និងប្ដីមានការឈ្លោះប្រកែក គ្នាបន្ដិចបន្ដួច ពីរឿងប្ដីស្ដីបន្ទោសឱ្យប្រពន្ធ ចាយលុយខ្ជះខ្ជាយ ជាពិសេសលុយដែលប្ដី ឱ្យសម្រាប់យកទៅមើលជំងឺជីដូន បែរជាប្រពន្ធមិនព្រមយកទៅមើលជំងឺជីដូន ហើយយកទៅចាយវាយអស់ ។ ក្រោយពីឈ្លោះប្រកែកគ្នាបន្ដិចបន្ដួច បុរសជាប្ដីបាន ពកូនតូចម្នាក់ដើរចុះមកខាងក្រោម ហើយ នៅតែបន្ដរអ៊ូរទាំពីរឿងប្រពន្ធចាយលុយ ខ្ជះខ្ជាយដដែល ។ ចំណែកប្រពន្ធពេលស្ដាប់ ឮប្ដីនៅតែបន្ដរអ៊ូ ក៏បានស្រែកទៅកាន់ប្ដីថា បើនៅតែរអ៊ូទៀត ខ្ញុំនឹងលោតសម្លាប់ខ្លួនឱ្យចប់រឿងគ្រាន់តែថាប៉ុណ្ណឹង ស្ដ្រីខាងលើនេះ ក៏បានលោតចុះមកមែន តែសំណាងល្អ ពេលធ្លាក់មកជាន់ទី១ ប៉ះនឹងកៅស៊ូតង់ ដែលអ្នកផ្ទះជាន់ខាងក្រោមចង សម្រាប់ បាំងថ្ងៃធ្វើការលក់ដូរនោះ គឺមិនបណ្ដាលឱ្យស្ដ្រីខាងលើធ្លាក់មកដីផ្ទាល់ពេញទំហឹងនោះ ទេ គឺប៉ះនឹងកៅស៊ូតង់មួយជាន់ទើបដាច់ ធ្លាក់បន្ដមកក្រោម បណ្ដាលឱ្យរងរបួស ថ្លោះចង្កេះស្រាលប៉ុណ្ណោះ ហើយត្រូវបានប្ដី និងអ្នកជិតខាង ដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ៕