ភ្នំពេញៈ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ បុគ្គលិក ក្រុមហ៊ុនស្រាបៀរ Tiger បានចុះជួយលាបថ្នាំ សាលាបឋមសិក្សារបោះអង្កាញ់ ក្រោមការដឹកនាំរបស់លោក Roland Bala អគ្គនាយកក្រុមហ៊ុន និងមានការចូលរួមជាអធិបតីដោយលោក អ៊ុយ ផាន មេភូមិរបោះអង្កាញ់ លោកស្រី អ៊ូ ឡាំង នាយិការង ព្រមលោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សាបោះអង្កាញ់ ជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ លោក Roland Bala អគ្គនាយកក្រុមហ៊ុន បានរំលឹកថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅនេះ យើងបានផ្តល់សម្ភារៈសិក្សាមួយចំនួន ដូចជា កាតាប ប៊ិច ខ្មៅដៃ បន្ទាត់ សៀវភៅ និងជ័រលុប ជូនដល់សិស្សានុសិស្សជាង ៣០០ នាក់នៅក្នុង សាលាបឋមសិក្សាបោះអង្កាញ់នេះ។ ហើយសកម្មភាពលាបថ្នាំសាលា ពេលនេះ គឺជាសកម្មភាពបន្ថែមទៀត ត្រូវបាន រៀបចំឡើង ក្នុងគោលបំណងចូលរួមចំណែក ជួយសហគមន៍ក្នុងការអភិវឌ្ឍន៍វិស័យអប់រំតាមរយៈ ការធ្វើឲ្យប្រសើរនូវ ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសសាលាបឋមសិក្សាបោះអង្កាញ់ ដែលអគារសិក្សាភាគច្រើន មានសភាពចាស់ទ្រុមទ្រោម និងលេចធ្លាយក្នុងអំឡុងពេលភ្លៀងធ្លាក់ខ្លាំង អាចបង្ករការលំបាកដល់ សិស្សានុសិស្សក្នុងអំឡុងពេលសិក្សា។
លោក Roland Bala ក៏បានមាន ប្រសាសន៍ កោតសរសើរដល់បុគ្គលិក ស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ដែលបានចំណាយ កម្លាំង និងពេលវេលាសម្រាកចុងសប្តាហ៍ របស់ខ្លួនមកចូលរួម សកម្មភាពជួយសង្គមនៅថ្ងៃនេះ ។
ជាមួយគ្នានេះដែរ លោកស្រី អ៊ូ ឡាំង នាយិការងសាលាបឋមសិក្សាបោះអង្កាញ់ ក៏បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅដល់ លោកអគ្គនាយកក្រុមហ៊ុន ព្រមទាំងសហការី ទាំងអស់ដែលបាន ចំណាយថវិកា រួមទាំងកម្លាំងកាយចិត្ត ជួយដល់សាលាឱ្យមានការរីកចំរើន ហើយសង្ឃឹមថា លោកអគ្គនាយកក្រុមហ៊ុនព្រមទាំងសហការីនឹងបន្តជួយឧបត្ថម្ភ នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត រហូតដល់សាលាអាចឈាន ឡើងដល់កម្រិតអភិវឌ្ឍន៍ នៃសាលាកុមារមេត្រី។
គួររំលឹកផងដែរថា ក្រុមហ៊ុនស្រាបៀរTiger តែងតែ ចូលរួមសកម្មភាពនានា ក្នុងការអភិវឌ្ឍន៏សហគមន៍ និងផ្ដោតការយកចិត្ដទុកដាក់ជាពិសេស លើ ស្មារតីទទួលខុសត្រូវខ្ពស់ចំពោះ សង្គមជាតិ៕