ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល ត្រូវបានព្រះមហាក្សត្រខ្មែរ ត្រាស់បង្គាប់តែងតាំង ជាអនុប្រធានអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្រ្គោះ ជនពិការដោយសារមីន។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ក៏បានបញ្ចប់តួនាទីរបស់លោក សេរី កុសល ពីអនុប្រធានក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និង ជនបទផងដែរ។
លោកទេសរដ្ឋមន្រ្តី សេរី កុសល បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៤ថា ព្រះរាជក្រឹត្យត្រូវបាន ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចុះ ព្រះហស្ថលេខាកាលពីថ្ងៃទី១៥ ខែសីហា ហើយរូបលោកទើបទទួលបាននៅល្ងាចថ្ងៃនេះ។
លោកទេសរដ្ឋមន្រ្តី បានថ្លែងព្រះរាជអំណរគុណចំពោះព្រះមហាក្សត្រ ដែលបានផ្តល់ការទុកចិត្តលើរូបលោកឲ្យ បម្រើការនៅអាជ្ញាធរមីនកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើសុំរាជា នុញ្ញាតព្រះមហាក្សត្រផ្តល់ឱកាសដល់រូបលោកចូលរួមបម្រើការងារ នៅអាជ្ញាធរមីនកម្ពុជា។
សូមបញ្ជាក់ថា អាជ្ញាធរមីនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និង មានលោក ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ ជាអនុប្រធាន៕