ភ្នំពេញ៖ ថ្មីៗនេះ មានព័ត៌មាន ជាបន្តបន្ទាប់ថា មានការនាំចូលនូវប្រភេទទឹកស៊ុប ច្រកក្នុងប៊ីដុង នាំចូលពីប្រទេសជិតខាង ដែលគេអះអាងថា មានដាក់សាធាតុគីមី ដើម្បីឲ្យគុយទាវ មានរសជាតិឆ្ងាញ់ ប៉ុន្តែបានប៉ះពាល់ដល់សុខភាព អ្នកទទួលទាន ហើយត្រូវបានសង្ស័យថា យកមកលក់នៅក្នុងទីផ្សារ នៃហាងគុយទាវ ក្នុងក្រុងភ្នំពេញ ធ្វើឲ្យបណ្ដាហាងគុយទាវធំៗ ជាច្រើន បានសម្ដែងការព្រួយបារម្ភ ខណៈដែលហាងទាំងនោះ កំពុងរងសម្ពាធ នូវព័ត៌មានទាំងនេះ ដែលអាចប៉ះពាល់ដល់កេរ្តិ៍ ឈ្មោះហាង របស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។
បន្ទាប់ពីមានព័ត៌មាននេះ ត្រូវបានផ្សាយជាសាធារណៈ តាមរយៈកញ្ចក់ទូរទស្សន៍ក្នុងស្រុក ជាពិសេសក្នុងបណ្ដាញ សង្គមទំនាក់ទំនង សង្គមហ្វេសប៊ុក នាំឲ្យមានការភ្ញាក់ផ្អើលរួចមក បានធ្វើឲ្យម្ចាស់ហាងគុយទាវធំៗ ក្នុងក្រុងភ្នំពេញ សម្ដែងការព្រួយបារម្ភ និងប្រតិកម្មយ៉ាងខ្លាំង ភ័យខ្លាចអតិថិជន របស់ខ្លួនគិតថា ក្នុងហាងមានកើតករណី នាំទឹកស៊ុបប្រភេទខាងលើនេះ ចូលក្នុងហាង ដើម្បីលក់ឲ្យភ្ញៀវពិសា។
ជុំវិញមន្ទិលសង្ស័យខាងលើនេះ សម្រាប់ភោជនីយដ្ឋាន គុយទាវទសវត្សរ៍៦០ និងគុយទាវឡាវកោះពេជ្រ ត្រូវបានម្ចាស់ហាង លោក ប៊ុន គឹមសាន ចេញមុខបញ្ជាក់ថា សម្រាប់ហាងគុយទាវរបស់លោក បានបើកដំណើរការបម្រើអតិថិជនយូរឆ្នាំមកហើយ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដល់អតិថិជន ក្នុងការចូលមកទទួលទានគុយទាវ និងអាហារពេលព្រឹកដ៏មានឱជារស ប្រកបដោយផាសុខភាព មិនដែលមានការសួរនាំ ពីគ្រឿងផ្សំនៃគុយទាវឡើយ ព្រោះពួកគេបានដឹងថា គុយទាវទសវត្សរ៍៦០ គឺផ្សំឡើងពីវត្ថុធាតុដើម ក្នុងស្រុកសុទ្ធសាធ គ្មានជាតិគីមី ដែលធ្វើឲ្យអតិថិជនទុកចិត្តបាន។
លោក ប៊ុន គឹមសាន បន្តថា ហាងរបស់លោក បានច្នៃប្រឌិតទឹកស៊ុបផ្សំឡើង ពីវត្ថុធាតុដើមក្នុងស្រុក ប្រចាំត្រកូលតាំងពីដូនតា យូរឆ្នាំមកហើយ គឺគិតទៅលើសុខភាព អ្នកទទួលទានជាចំបង សូម្បីតែគ្រឿងផ្សំផ្សេងៗជាច្រើនទៀត របស់គុយទាវ ក៏ត្រូវធ្វើឡើង ដោយស្នាដៃខ្លួនឯងដែរ ។ លោកបានអះអាង និងចេញមុខធានាខុសត្រូវទាំងស្រុង ចំពោះរសជាតិទឹកស៊ុប និងគ្រឿងផ្សំផ្សេងៗ ក្នុងហាងគុយទាវទសវត្សរ៍៦០ និងគុយទាវឡាវកោះពេជ្រ ថាពិតជា មិនជាប់ពាក់ព័ន្ធ នឹងការទិញទឹកស៊ុបពីខាងក្រៅនោះឡើយ។
លោក ប៊ុន គឹមសាន បានយល់ឃើញថា ព័ត៌មានដែលថា មានការនាំចូលទឹកស៊ុប មានជាតិគីមី ពីប្រទេសជិតខាង និងកំពុងសង្ស័យ លក់ក្នុងហាងគុយទាវធំៗមួយចំនួននោះ គឺជាព័ត៌មានបំភ្លៃ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងអាចជាការច្រណែនគ្នា ក្នុងមុខរបររកស៊ី ព្រោះបញ្ហានេះ លោកផ្ទាល់មិនទាន់បានឃើញ សេចក្ដីប្រកាសពីក្រសួងពាក់ព័ន្ធ ថាជារឿងពិត ដើម្បីឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ឬត្រូវទប់ស្កាត់នោះទេ ពោលគ្រាន់តែជាពាក្យចចាមអារ៉ាមឮតៗគ្នា តែប៉ុណ្ណោះ ។
យ៉ាងណាក្ដី លោកសូមអំពាវនាវឲ្យអតិថិជនទាំងអស់ បន្តគាំទ្រ ហាងគុយទាវទសវត្សរ៍៦០ និងគុយទាវឡាវកោះពេជ្រ ព្រោះហាង តែងតែប្រកាន់គោលការណ៍ សុខភាពជាចំបង មិនអាចធ្វើអ្វីមួយ ក្នុងលក្ខណៈប្រថុយប្រថាន បានឡើយ៕