រតនគិរី ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ខេត្តរតនគិរី និងសហការី នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ នេះបានអញ្ជើញ ចុះមកធ្វើការដោះស្រាយ សម្របសម្រួល ជាមួយបងប្អូន ប្រជាពលរដ្ឋ ជាង២០គ្រួសារ ស្ថិត ក្នុងអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលមានទំនាស់ ជាមួយម្ចាស់ដី ដែលបានធ្វើ របងបិទផ្លូវលំមិនឲ្យ ធ្វើដំណើរឆ្លងកាត់។
គួរបញ្ជាក់ ផងដែរថា ដីដែលមាន ទំនាស់អស់ រយៈពេលជិត១ឆ្នាំ ដោះស្រាយមិនចេញ ចាប់តាំងពីថ្នាក់មូលដ្ឋាន រហូតបានប្តឹងផ្តល់គ្នា ឡើង ដល់តុលាការទៀត នៅតែមិនអាចដោះស្រាយ បញ្ចប់រឿង ។
ប៉ុន្តែនៅពេល ចុះត្រួតពិនិត្យដោះស្រាយ សម្របសម្រួល គេពុំឃើញមានវត្តមាន ម្ចាស់ដី លោក ហេង ប៊ុនធឿន ចូលរួមនោះទេ មានតែភាគីខាងបងប្អូន ប្រជាពលរដ្ឋ។
បើតាមការបញ្ជាក់ពី បងប្អូន ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដីនេះ ដំបូងឡើយមានផ្លូវលំ ចូលក្នុង ភូមិមានទំហំ៦ម៉ែត្រ ដែលអាចបើក រថយន្តទៅមកបាន តែដល់ពេល ឈ្មោះ ហេង ប៊ុនធឿន បានទិញពី ឈ្មោះ តាន់ សុឃីត បានធ្វើ របងបិទផ្លូវលំ មិនឲ្យ ប្រជាពលរដ្ឋ ឆ្លងកាត់ទៅមកបាន ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ ជាង២០គ្រួសារ បានប្តឹងទៅអាជ្ញាធរ មូលដ្ឋាន រហូតដល់ខេត្តដើម្បីសុំបើកផ្លូវលំ នេះឡើងវិញ តែការដោះស្រាយ អស់រយៈពេលជិត១ឆ្នាំ កន្លងមកហើយ នៅតែដោះស្រាយ មិនចេញទៀត ។
ទើបនៅពេលនេះ ពួកគាត់ ជាង២០គ្រួសារ សូមឲ្យលោកទេសរដ្ឋមន្ត្រី លី ធុជ ជួយអន្តរាគមន៍ ដោះស្រាយដើម្បីឲ្យម្ចាស់ដី ឈ្មោះ ហេង ប៊ុនធឿន បើកផ្លូវលំ នេះចេញ-ចូល ធម្មតាឡើងវិញ។
ក្នុងការចុះត្រួតពិនិត្យ ជាក់ស្តែងនោះដែរ លោក ទេសរដ្ឋមន្ត្រី លី ធុជ បានជម្រុញឲ្យ អាជ្ញាធរ ក្រុងបានលុង ដោះស្រាយជូន ប្រជាពលរដ្ឋក្រៅ ប្រព័ន្ធតុលាការ ពោលគឺជម្រុញឲ្យ អាជ្ញាធរក្រុងបានលុង ទៅជួបចរចារ ជាមួយលោក ហេង ប៊ុនធឿន (ម្ចាស់ដី)។
ដោយឡែក អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ប្រាប់ លោកទេសរដ្ឋមន្ត្រី លី ធុជ ថា ពិតជាមានផ្លូវលំ ចេញ ចូល តាំងពីឆ្នាំ១៩៨០មកម្ល៉េះ៕