ភ្នំពេញ ៖ អធិការនគរបាលខណ្ឌដង្កោ លោក យឹម សុជាតិ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ជាង ៦ល្ងាច ថ្ងៃសុក្រ ទី២២ ខែសីហា នេះ សកម្មជនគណបក្សសង្រ្គោះជាតិ ទាំង៣រូប បានចាកចេញពី ពន្ធនាគារព្រៃសហើយ បន្ទាប់ពីមានការសម្រេចឱ្យដោះលែង ពីសាលាឧទ្ធរណ៍កាលពីព្រឹកមិញ ។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ បានប្រកាស សម្រេច ធ្វើការដោះលែង សកម្មជនគណបក្សសង្រ្គោះជាតិ៣នាក់ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ព្រមទាំង បានបង្គាប់ឱ្យពួកគេ បង់ប្រាក់ធានាឲ្យនៅក្រៅឃុំទាំងអស់គ្នា ចំនួន៤លានរៀល ។
សកម្មជន CNRP ទាំង៣នាក់ ដែលត្រូវបានជាប់ឃុំ កន្លងមកនោះ រួមមាន លោក ឃិត ជំរឿន ប្រធាន សន្តិសុខ លោក នាង សុឃុន ហិរញ្ញិកចលនាយុវជន និងលោក សាន គឹមហេង ប្រធានចលនាយុវជន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២ ខែសីហា ពាក់ព័ន្ធនឹងអំពើហិង្សា នៅជិតក្បែរ ទីលានប្រជា ធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងមក ។
អំពើហិង្សានៅក្បែរ ទីលានប្រជាធិបតេយ្យនេះ បណ្តាលឲ្យសន្តិសុខ ៣៩នាក់ រងរបួសធ្ងន់-ស្រាល ។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួន បេក្ខជនជាប់ឆ្នោតរបស់ CNRP ៧រូប និងសកម្មជនរូប ប៉ុន្តែពួក គាត់ត្រូវបានដោះលែងវិញ កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ៕