ភ្នំពេញៈ កម្លាំងនគរបាល ការិយាល័យ កណ្តាលយុត្តិធម៌ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាល ខណ្ឌចំការមន និងខណ្ឌទួលគោក បានបើកការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន រហូតទៅដល់ការឃាត់ ខ្លួនជនសង្ស័យ២នាក់ ម្នាក់លួចកាបូបលុយ នៅក្នុងផ្សារអូឡាំពិក និងម្នាក់ទៀតលួចកាច់ចង្កៀងម៉ូតូ តាមសាលារៀន ក្នុងរាជធានីភ្នំពេញ។
មន្ត្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤នេះ កម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលតែងធ្វើ សកម្មភាព លួចកាច់ចង្កៀងម៉ូតូ របស់សិស្សសាលា នៅតាមសាលាជាច្រើនក្នុងរាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានបន្តថា ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងជាបន្តបន្ទាប់របស់ជនរងគ្រោះ អំពី បទល្មើសនេះរួចមក នគរបាលការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាល តាមបណ្តាលខណ្ឌ ធ្វើការស្រាវជ្រាវរហូតដល់ចាប់ខ្លួនមុខសញ្ញានេះនៅ ពេលដែលធ្វើសកម្មភាពនៅក្នុងទឹកដីខណ្ឌទួលគោក។
ដោយឡែក នៅវេលាម៉ោង៤ និង៣០នាទី កម្លាំងនគរបាលក៏បាឃាត់ខ្លួនស្ត្រីម្នាក់ពីបទលួចកាបូបលុយ នៅក្នុងផ្សារអូឡាំពិកផងដែរ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនទៅសួរនាំនិងខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕