កណ្តាល៖ ដោយមើលឃើញពីផលលំបាក ក្នុងការប្រើប្រាស់ទឹកនៅក្នុងសាលារៀន អ៊ីរ៉ូហា ដែលមានទីតាំងនៅ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្ត កណ្តាល ក្រុមហ៊ុន MGA ដែលជាក្រុមហ៊ុនជើងសារធានារ៉ាប់រង បានរៀបចំជាអំណោយ ស៊ីទែនទឹកជូនដល់សាលារៀន ដើម្បីសំរួលដល់ការប្រើប្រាស់។
កាលពីថ្ងៃ សៅរ៏ ទី ២៣ ខែ សីហា ឆ្នាំ ២០១៤ ក្នុងដំណើរទស្សនកិច្ចសាលារៀន និងត្រួតពិនិត្យ មើលស៊ីទែនទឹក ក្រុមហ៊ុន MGA បានរៀបចំការចែកជូនសំភារះសិក្សានិង ថវិកា ដល់សិក្សានុសិស្សជាង មួយរយនាក់ រួមមាន សៀវភៅសិក្សា កាបូបដាក់ប៊ិច ខ្មៅដៃ ប៊ិចសរសេរ បន្ទាត់ និង ថវិកាមួយចំនួន រួមជាមួយនឹងអំណោយ ជាថវិកាមួយចំនួនទៀត ជូនដល់លោកគ្រូបង្រៀន និង លោកមេភូមិ ហើយក៍បានបន្តទស្សនកិច្ចដល់កុមារកំព្រារ Sunrise Children Village ដែលមានទីតាំងនៅ ស្រុកស្អាង ខេត្ត កណ្តាល ដោយបានជូនអំណោយជាអង្ករមួយចំនួនផងដែរ។
លោក មាស សុផាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន MGA បានមានប្រសាសន៍ថា ជាមួយនិងការផ្តោតយកចិត្តទុកដាក់ ទៅលើសកម្មភាពអាជីវកម្ម របស់ក្រុមហ៊ុនទាំងមូល MGA មានទស្សនវិស័យទៅលើការចូលរួមសកម្មភាពសង្គមផងដែរ។ នេះជាជំហាន ដំបូង មុនការបើកសម្ពោធបើកតំណើរការជាផ្លូវការរបស់ក្រុមហ៊ុន ដែលបានរួមចំណែកក្នុងការងារសង្គម ហើយនឹង បន្តការចូលរួមជាសកម្មភាពសង្គម បន្តរបន្ទាប់ទៀត នាពេលអនាគត ។
លោកញ្ជាក់បន្ថែមថា វិស័យធានារ៉ាប់រ៉ងនៅក្នុងប្រទេសកម្ពុជាមានការរីកចំរើន គួរអោយកត់សម្គាល់ ជាមួយនឹងការកើនឡើងទៅលើការប្រើប្រាស់ គំរោងធានារ៉ាប់រងពីសំណាក់ ក្រុមហ៊ុន រោងចក្រ និង អង្គការជាតិ និងអន្តរជាតិ ដើម្បីការពារហានិភ័យផ្សេងៗ ដូចជា គ្រោះថ្នាក់ បុគ្គលិក, សុខភាព, យានយន្ត, អគ្គីភ័យ និង គំរោងដ៏ទៃជាច្រើនទៀត វាពិតជាមានសារះសំខាន់ និងជាភាពចាំបាច់មួយ ដែលអតិថិជនត្រូវតែមានអ្នកឯកទេស ដែលមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់ សំរាប់ផ្តល់ការប្រឹក្សាយោបល់ និងសំរបសំរួលការងារទូទៅ ក្នុងការរៀបចំគំរោងធានារ៉ាប់រង រួមទាំងការទាមទារសំណងនៅពេលដែលមានហានិភ័យកើតឡើងជាដើម។
សូមបញ្ជាក់ផងដែរថា MGA ជាក្រុមហ៊ុនជើងសារធានារ៉ាប់រង ថ្មីមួយក្នុងប្រទេស កម្ពុជា មានទីតាំងនៅអាគារ លេខ ៤៦៦ មហាវិថី ម៉ៅសេទុង និងមានការិយាល័យកណ្តាលនៅក្នុងប្រទេសអូស្រ្តាលី ជាក្រុមហ៊ុនដែលមានជំនាញទៅលើការប្រឹក្សាយោបល់ និងរៀបចំគំរោងធានារ៉ាប់រងទូទៅ ទៅតាមតំរូវការរបស់ ក្រុមហ៊ុន, រោងចក្រ, អង្គការជាតិ និងអន្តរជាតិ និង សាធារណជនទូទៅ នឹងធ្វើការរៀបចំការសម្ពោធបើកតំណើរការក្រុមហ៊ុនរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៤ ខាងមុខនេះ នៅសណ្ឋាគារ Raffles Hotel Le Royal ក្រោយពីទទួលបានអាជ្ញាបណ្ណអនុញ្ញាតិអោយតំណើរការអាជីវកម្មពីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ៕